លោក Biden និងលោកPutin នឹងជួបគ្នានៅថ្ងៃទី១៦ខែមិថុនាខាងមុខ ចំពេលមានជម្លោះយ៉ាងខ្លាំង!!
អន្តរជាតិ
292

វ៉ាស៊ីនតោន៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២១ បានឲ្យដឹងថា សេតវិមាននិងវិមានក្រឹមឡាំង បាននិយាយនៅថ្ងៃអង្គារទី ២៥ ខែឧសភា ថា ប្រធានាធិបតីអាមេរិកលោក Joe Biden និងប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបគ្នានៅទីក្រុងហ្សឺណែវ នៅថ្ងៃទី ១៦ ខែមិថុនាខាងមុខនេះ ចំពេលមានជម្លោះយ៉ាងខ្លាំងជុំវិញការជ្រៀតជ្រែកក្នុងការបោះឆ្នោត ការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណេត សិទ្ធិមនុស្សនិងអ៊ុយក្រែន។

កាលពីដើមខែនេះ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បានរាយការណ៍ថា ប្រទេសទាំងពីរកំពុងបន្ថយការរំពឹងទុកសម្រាប់ការឈានទៅរកភាពជោគជ័យនៅឯកិច្ចប្រជុំកំពូល នៃប្រទេសមហាអំណាចដោយមិន ចង់ធ្វើសម្បទានលើការខ្វែងគំនិតគ្នារបស់ពួកគេឡើយ។

លេខាធិការសារព័ត៌មានសេតវិមានលោកស្រី Jen Psaki បាននិយាយកាលពីថ្ងៃអង្គារថា« មេដឹកនាំនឹងពិភាក្សាពីបញ្ហាបន្ទាន់ទាំងអស់ ព្រោះយើងស្វែងរកការស្តារឡើងវិញ នូវភាពអាចប៉ាន់ស្មានបាននិងស្ថេរភាព ចំពោះទំនាក់ទំនងសហរដ្ឋអាមេរិក - រុស្ស៊ី»។

វិមានក្រឹមឡាំងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា មេដឹកនាំទាំងពីរនឹងពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី បញ្ហាទាក់ទងនឹងស្ថេរភាពនុយក្លេអ៊ែរជាយុទ្ធសាស្ត្រនិងបញ្ហាផ្សេងទៀត រួមទាំងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹង COVID-19 និងជម្លោះក្នុងតំបន់។

កន្លងមក លោក Biden បាននិយាយថា លោកចង់ ឲ្យលោកពូទីន ឈប់ព្យាយាមជះឥទ្ធិពលដល់ការបោះឆ្នោតអាមេរិក បញ្ឈប់ការវាយលុកតាមបណ្តាញអាមេរិកដែលចេញមកពីប្រទេសរុស្ស៊ី បញ្ឈប់ការគំរាមកំហែងអធិបតេយ្យភាពរបស់អ៊ុយក្រែន និងដោះលែងអ្នកទោសវិមានក្រឹមឡាំង គឺលោក Alexei Navalny ។

សេតវិមានបានចៀសវាងការពណ៌នាលោកបេដិនថាកំពុងស្វែងរក«កំណត់ឡើងវិញ»នៅក្នុងទំនាក់ទំនងជាមួយលោកពូទីន ដែលជាពាក្យមួយ ដែលត្រូវបានប្រើជាញឹកញាប់ ដោយអតីតប្រធានាធិបតីអាមេរិក នៅពេលពួកគេព្យាយាមធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយរុស្ស៊ី។

ផ្ទុយទៅវិញ មន្រ្តីអាមេរិកមើលឃើញថា ការប្រជុំទល់មុខគ្នាគឺជាឱកាសមួយ ដើម្បីរុញទំនាក់ទំនង ឱ្យឆ្ងាយពីអ្វីដែលពួកគេចាត់ទុកថា ជាការខកខានរបស់អតីតប្រធានាធិបតី ដូ ណាល់ត្រាំ ចំពោះលោកពូទីន។

មន្រ្តីរុស្ស៊ីបានប្រាប់រ៉យទ័រថា ពួកគេចាត់ទុកកិច្ចប្រជុំកំពូលនេះ ជាឱកាសមួយ ដើម្បីស្តាប់ពីលោក Biden ដោយផ្ទាល់ បន្ទាប់ពីអ្វីដែលប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលរុស្ស៊ី បាននិយាយ គឺជាសារចម្រុះពីរដ្ឋបាលអាមេរិក ដែលបានចូលកាន់តំណែងនៅថ្ងៃទី ២០ ខែមករា។

លោកពូទីន ចាត់ទុកសម្ពាធរបស់អាមេរិក ទៅលើលោកNavalny និងការគាំទ្ររបស់ខ្លួន ចំពោះសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសរុស្ស៊ី និងBelarusថា ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រុស្ស៊ី។

ប្រទេសរុស្ស៊ី ក៏មិនសប្បាយចិត្តចំពោះការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិក រួមទាំងការដែលបានប្រកាសនៅថ្ងៃទី ១៥ ខែមេសា ដែលរួមមានការទប់ស្កាត់ទីផ្សារបំណុលរដ្ឋាភិបាលរុស្ស៊ី ដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ ចំពោះការជ្រៀតជ្រែកក្នុងការបោះឆ្នោតអាមេរិកឆ្នាំ ២០២០ ការវាយលុកតាមអ៊ីនធឺណេត ការសម្លុតគំរាមអ៊ុយក្រែន និងសកម្មភាពដ៏សាហាវផ្សេងទៀត ដែលរុស្ស៊ីបដិសេធ។

រដ្ឋាភិបាលអាមេរិក បានដាក់ក្នុងបញ្ជីខ្មៅរបស់ក្រុមហ៊ុនរុស្ស៊ី បណ្តេញអ្នកការទូតរុស្ស៊ី និងរារាំងធនាគារអាមេរិក ពីការទិញប័ណ្ណអធិបតេយ្យពីធនាគារកណ្តាលរបស់រុស្ស៊ី មូលនិធិទ្រព្យសម្បត្តិជាតិ និងក្រសួងហិរញ្ញវត្ថុ។ សហរដ្ឋអាមេរិកបានព្រមានប្រទេសរុស្ស៊ីថា ការដាក់ទណ្ឌកម្មបន្ថែមទៀតអាចធ្វើទៅបាន ប៉ុន្តែបាននិយាយថាខ្លួនមិនចង់បង្កើនទេ។

ប្រទេសរុស្ស៊ីបានបដិសេធ ការជ្រៀតជ្រែក ក្នុងការបោះឆ្នោតរបស់សហរដ្ឋអាមេរិក ដោយរៀបចំការវាយលុកតាមអ៊ិនធឺរណែត ដែលបានប្រើក្រុមហ៊ុនបច្ចេកវិទ្យាអាមេរិកឈ្មោះថា SolarWinds Corp ។

លោក Biden ក៏បានសម្តែងការព្រួយបារម្ភ អំពីការបង្កើនកម្លាំងរបស់រុស្ស៊ី នៅតំបន់គ្រីមៀ ដែលរុស្ស៊ីដណ្តើមបានពីអ៊ុយក្រែន កាលពីខែមីនាឆ្នាំ ២០១៤ និងនៅតាមបណ្តោយព្រំដែនជាមួយអ៊ុយក្រែន ដែលបានធ្វើឱ្យសហរដ្ឋអាមេរិកព្រួយបារម្ភអំពីការលុកលុយដែលអាចកើតមាន៕ ប្រភព៖ ​Channel News Asia    ប្រែសម្រួល៖ នង ណារិន

Telegram