រាជធានីភ្នំពេញ៖ ជនសង្ស័យម្នាក់ ធ្វើសកម្មភាពគាស់បន្ទប់ជួល លួចយកទ្រព្យសម្បត្តិ របស់ប្រជាពលរដ្ឋ ត្រូវបានសមត្ថកិច្ចខណ្ឌឫស្សីកែវ ឃាត់ខ្លួនខណៈព្យាយាមរត់គេចខ្លួន កាលពីវេលាម៉ោង ៥ និង១៥នាទី ព្រឹក ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ចំណុចផ្ទះជួល ផ្លូវបេតុង ក្រុមទី៦ ភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
របាយការណ៍សមត្ថកិច្ចខណ្ឌឬស្សីកែវ បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ពៅ ខេមរិន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ផ្លូវបេតុងភូមិ៣ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ ។ រីឯជនរងគ្រោះឈ្មោះ អ៊ូ ហាន ភេទប្រុស អាយុ ៥០ឆ្នាំ មុខរបរ លក់ដូរ ស្នាក់នៅ ចំណុចកើតហេតុ។
របាយការណ៍ដដែលបន្តថា ដំបូងឡើយ ជនសង្ស័យ បានដើរមកផ្ទះជនរងគ្រោះ បំណងលួចទ្រព្យសម្បត្តិ ដោយឃើញស្ងាត់ល្អ ជនសង្ស័យក៏យកដែកសរសៃលួសកែច្នៃ មកឆ្កឹះសោទ្វារផ្ទះ ហើយចូលទៅលួចទ្រព្យសម្បត្តិគេបានសម្រេច រួចសម្ងំលាក់ខ្លួនធ្វើព្រងលយ រហូតដល់ថ្ងៃកើតហេតុ ក៏ត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន យកមកធ្វើការសាកសួរតែម្តង ។
ក្នុងនោះសមត្ថកិច្ចបានធ្វើការដកហូតបាន ៖ លោហធាតុពណ៌លឿងទុំចំនួន១ខ្សែ , លោហធាតុពណ៌លឿងទុំ(ខ្សែដៃ)ចំនួន១ខ្សែ , បណ្តោងដាំត្បូងចំនួន១ , ទូរស័ព្ទ១គ្រឿងម៉ាកHiyaពណ៌ខ្មៅគ្មានស៊ីម និងដែកលួសសរសៃកែច្នៃចំនួន១ ។
បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីចាត់ការបន្តតាមច្បាប់៕