ឯកឧត្តម ខៀវ កាញារីទ្ធ ណែនាំដល់អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថា្នក់ ​ត្រូវរួមគ្នា​ទប់ស្កាត់ឱ្យបានការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ នៅក្នុងមូលដ្ឋាន
ព័ត៌មានជាតិ
369

ខេត្តកំពង់ចាម៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល​ចុះ​មូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានស្រុក​កោះសូទិន​បាន​ណែនាំដល់អាជ្ញាធរដែនដី មន្រ្តីគ្រប់ផ្នែក និងសមត្ថិកច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរួមគ្នាទប់ស្កាត់ឱ្យ​បានការឆ្លងរីករាលដាល នៃជំងឺកូវីដ ១៩ ក្នុងមូលដ្ឋាន និងផ្សព្វផ្សាយបានទូលំទូលាយ ស្ដីពី​វិធាន​ការការពារ ឱ្យបានល្អ ដើម្បីកាត់បន្ថយការចម្លង។ ការណែនាំរបស់ឯកឧត្ដមរដ្ឋមន្រ្ដីនេះ ក្នុងឱកាសជួបប្រជុំពិនិត្យការងារ របស់ថ្នាក់ដឹកនាំ ក្រុមប្រឹក្សាស្រុក ឃុំ នៃស្រុកកោះសូទិន ខេត្តកំពង់ចាម នាព្រឹកថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០២១ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកទឹកចិត្តដល់អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ មន្រ្តី​គ្រប់​ផ្នែក ក៏ដូចជាក្រុមការងារទាំងអស់ ដែលបានចុះមកជួយការងារនៅក្នុងស្រុកកោះសូទិន ត្រូវបន្តរួមសហការសាមគ្គីគ្នា ឱ្យបាន​កាន់តែរឹងមាំថែមទៀត។ ឯកឧត្ដមរដ្ឋមន្រ្ដីក៏បានជំរុញ​ដល់​ថ្នាក់​​ដឹកនាំ ស្រុក ឃុំ ភូមិ ត្រូវមាន​ស្មារតីសាមគ្គីភាពផ្ទៃក្នុងល្អ ផ្អែកលើយុត្តិធម៌ មានភាព​ស្មោះត្រង់ និងមានវិន័យក្នុង​កិច្ចការងារ ទើបអាចរួមគ្នាបំពេញរាល់ភារកិច្ចទទួលបាន​ជោគ​ជ័យថ្មីៗបន្ថែមទៀត​ក្នុងការ​បម្រើដល់​ប្រជា​ពលរដ្ឋ ស្រមតាមគោលការណ៍ និងផែនការសម្ម​ភាពការងារ របស់​ប្រមុខ​រាជរដ្ឋាភិបាលបាន​ដាក់ចេញ ដើម្បីរួមគ្នា អនុវត្តន៍ឱ្យបានល្អ។

ជាមួយនេះដែរ ឯកឧត្ដមក៏បានស្នើដល់អាជ្ញាធរស្រុក ឃុំ ភូមិ ត្រូវបន្តសកម្មភាព​ការ​ងារង្ការ និងទប់ស្កាត់ លុបបំបាត់បញ្ហាគ្រឿងញឿន និងល្បែងស៊ីសង ក្នុងមូលដ្ឋាន ភូមិ ឃុំ ដើម្បី​រក្សាសុខសុវត្ថិភាពជូនដល់ បងប្អូន ប្រជាពលរដ្ឋ ។

បើតាមលោក យី វណ្ណៈ អភិបាល នៃគណៈអភិបាលស្រុក កោះសូទិន ខេត្តកំពង់ចាម បានធ្វើរបាយការណ៍បូកសរុបលទ្ធផលការងារ និងបានបង្ហាញពីសមិទ្ធផលថ្មីៗដែលក្រុមការ​ងាររាជ​រដ្ឋាភិបាលចុះជួយស្រុកកោះសូទិន សម្រេចអនុវត្តន៍បានក្នុងរយៈពេលកន្លងមក រួម​ទាំង​​លើកិច្ច​ការស្ដារ កសាងនូវរាល់សមិទ្ធផលនានា បានជាច្រើន ដែលបម្រើដល់វិស័យ​ពុទ្ធចក្រ និងអា​ណាចក្រ បានកាន់តែរីកចម្រើនជាបន្តបន្ទាប់។ លោកបានលើកឡើងថា ស្ថានភាព និង​សភាព​ការណ៍ក្នុងការការ​ពារទប់ស្កាត់ជំងឺកូវីដ-១៩ គឺស្រុកបានខិតខំផ្សព្វ​ផ្សាយ​តាមការប្រជុំ តាមឃោសនសព្ទ័ តាមមូលដ្ឋាន ភូមិ ឃុំ អំពីវិធានការណ៍របស់រាជ​រដ្ឋាភិ​បាល និងក្រសួង​សុខាភិបាល ពិសេស ការអនុវត្តន៍ ៣ កុំ ៣ ការពារ ។ ជាមួយគ្នានេះ នៅទូ​ទាំង​ស្រុក​កោះ​សូទិន មានមណ្ឌល ចត្តាឡីស័ក ១ កន្លែង គឺស្ថិតនៅសាលាពុទ្ធិកៈ វត្តដំ​ណាក់​ព្រីង។

លោកអភិបាលស្រុកបាន​បន្ថែមថា ក្នុងរយៈ​ពេលកន្លងមកនេះ រកឃើញវិជ្ជមានជំងឺ​កូវីដ ចំនួន០៣នាក់ សុទ្ធតែនាំចូលពីក្រៅ ក្នុងនោះ​ ជាសះស្បើយ០២ នាក់ នៅសម្រាក​ព្យាបាល ០១ នាក់ ហើយ ប្រជាពលរដ្ឋប៉ះពាល់​ដោយ​ផ្ទាល់ចំនួន ៨ នាក់ និងប៉ះពាល់ដោយ​ប្រយោលចំនួន ៣៦ នាក់ ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានចាត់ទុកលទ្ធផលការងារ ដែលក្រុមការងារថ្នាក់​ជាតិចុះ​ជួយ​ស្រុកកោះសូទិន អនុវត្តន៍បាននាពេលកន្លងមកនេះ គឺជាការបង្ហាញនូវកិច្ចខិតខំប្រឹង​ប្រែង​រួមសហការគ្នា ធ្វើឱ្យសម្រេចបាននូវផែនការសម្មភាព ដែល​បាន​ដាក់ចេញ ជាពិសេស​កិច្ចការងារមនុស្សធម៌ ជួយដល់ជនទីទាល់ក្រ ខ្វះខាត ដែលជួបការលំបាកក្នុងជីវភាពរស់នៅ​ប្រចាំថ្ងៃ និងអ្នកជួប​គ្រោះធម្មជាតិផ្សេងៗ រួមទាំងការចូលរួមកសាងសមិទ្ធផលនានាជា ច្រើន​ទៀត​ផងដែរ៕ ប្រភព​៖ AKP


Telegram