លាន់ស្នូរផ្ទុះផាំងស្មានថាបែកកង់ឡាន ការពិតទុស្សេឆេះផ្ទះអស់៣ខ្នងនៅម្តុំលក់ឆៃប៉ូវ ក្នុងស្រុកស្អាង
សន្តិសុខសង្គម
329

ខេត្តកណ្តាល ៖ យ៉ាងហោចណាស់ ផ្ទះប្រជាពលរដ្ឋចំនួន៣ខ្នង នៅម្តុំលក់ឆៃប៉ូវ ត្រូវបានអគ្គិភ័យឆាបឆេះលេបត្របាក់យ៉ាងសន្ធោសន្ធៅ បូករួមទាំងមនាខ្យល់បក់ផងនោះ ផ្ទះ៣ខ្នងនេះបានឆេះអស់ទាំងស្រុង ទោះបីជាអ្នកភូមិជួយជះទឹកពន្លត់ និងមានការអន្តរាគមន៍ពីរថយន្តពន្លត់អគ្គិភ័យក៏ដោយ ក៏មិនអាចទប់ទល់បាននោះដែរ ។

ការឆាបឆេះនេះបានកើតឡើងកាលពីវេលាម៉ោង ៤ និង៣០នាទី ល្ងាចថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ នៅចំណុចម្តុំលក់ឆៃប៉ូវ ភូមិព្រែកស្នាយ ឃុំព្រែកគយ ក្នុងស្រុកស្អាង ខេត្តកណ្តាល ។

ភ្លាមៗ ខណៈភ្លើងកំពុងឆេះ គេឃើញវត្តមានរបស់លោក ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល និងលោក ញឹម វណ្ណឌិន អភិបាលស្រុកស្អាង ដឹកនាំកម្លាំងនិងរថយន្តពន្លត់អគ្គិភ័យចុះមកបាញ់ពន្លត់ តែអគ្គិភ័យនេះបានឆាបឆេះផ្ទះទាំង៣ខ្នងអស់ទាំងស្រុងទៅហើយ ដោយមានម្ចាស់ទី១ឈ្មោះ វៃ សយ , ម្ចាស់ផ្ទះទី២ ឈ្មោះ រុំ ផូ , និងម្ចាស់ផ្ទះទី៣ឈ្មោះ តាទូច ដោយឡែកផ្ទះមួយទៀតដែលជាផ្ទះទី៤ នៅផ្នែកខាងត្បូង ឆេះអស់ មួយចំហៀង ដោយប្រើប្រាស់ឡានទឹកអស់ចំនួន ៦គ្រឿង ក្នុងនោះមានទាំង រថយន្តសង្រ្គោះពន្លត់អគ្គិភ័យ របស់បញ្ជាការដ្ឋានអង្គរក្ស ចំនួន០៣គ្រឿងផងដែរ ទើបរលត់ទៅវិញ ។

ក្នុងនោះបើតាមសម្តីរបស់ស្ត្រីម្នាក់ជាម្ចាស់ផ្ទះម្នាក់ ក្នុងចំណោមជនរងគ្រោះទាំង៣ផ្ទះ ដែលឆាបឆេះអស់ បានរៀបរាប់ទាំងទឹកភ្នែកស្រែកទ្រហ៊ោយំថា មុនពេលកើតហេតុ គាត់កំពុងដេកដាក់សារ៉ូមជាប់ដៃ នៅខាងក្រោមផ្ទះ កំពុងដេកសុខៗលឺសូរសំឡេងផ្ទុះផាំង លាន់ខ្លាំងណាស់ គាត់សួរកូនថា បែកកង់ឡានទៀតហើយមែន តែកូនគាត់ថាអត់ទេម៉ែ លុះមួយភ្លែតសោះ ការពិតទុស្សេចរន្តអគ្គិសនី ស្រាប់តែអ្នកភូមិនៅទល់មុខផ្ទះគ្នា មើលមកឃើញ ស្រែកឆោឡោថាភ្លើងឆេះផ្ទះខ្លាំងណាស់ ទើបផ្អើលឆោឡោតែម្តង យកអីក៏យកមិនទាន់ដែរ ។

ដោយឡែកចំពោះហេតុការណ៍នេះ សមត្ថកិច្ចមូលដ្ឋានបានសន្និដ្ឋានជាជំហានបឋមថា បណ្តាលមកពីការទុស្សេចរន្តអគ្គិសនី ដោយឡែកទំហំនៃការឆាបឆេះគិតជាទឹកប្រាក់ នៅមិនទាន់ដឹងនៅឡើយនោះទេ ៕


Telegram