មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ដែលចាក់អតីតប្រពន្ធងហើយរត់គេចខ្លួនអស់១សប្តាហ៍កន្លងទៅ ពេលនេះចាប់ខ្លួនបានហើយ
សន្តិសុខសង្គម
205

ខេត្តកំពង់ធំ ៖ យោងតាមផេកផ្លូវការរបស់កងរាជអាវុធហត្ថ បានបញ្ជាក់ថា មុននេះបន្តិច នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ កម្លាំងកងរាជអាវុធហត្ថ បានចាប់ខ្លួន មន្ត្រីកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ដែលប្រព្រឹត្តអំពើហិង្សាលើអតីតប្រពន្ធរបស់ខ្លួនដោយចាក់នឹងកាំបិត ហើយបានរត់គេចខ្លួនអស់រយះពេល១សប្តាហ៍កន្លងទៅនេះ។

ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បានបញ្ជាក់នាពេលកន្លងមកថា បុគ្គលដែលប្រព្រឹត្តខុសច្បាប់ គឺមិនអាចអត់ឱនឱ្យបាននោះទេ ពោលត្រូវតែស្រាវជ្រាវចាប់ខ្លួន ដើម្បីយកមកផ្ដទ្ទាទោសតាមផ្លូវច្បាប់។

ពេលនេះបញ្ជាក់ការពិត អំពីតួនាទី ភារកិច្ចរបស់កងរាជអាវុធហត្ថ អនុវត្តតាមទិសស្លោក ប្រទេសជាតិត្រូវតែការពារ ប្រជាត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប។

គួររំលឹកផងដែរថា ជនសង្ស័យមានឈ្មោះ ស្រ៊ន ពេជ្ររស្មី អត្តលេខ១៥៩២១៨ ឋានន្តរសក្តិ អនុសេនីយ៍ទោ មុខងារ សមាជិកនៃកងរាជអាវុធហត្ថស្រុកសណ្ដាន់ ខេត្តកំពង់ធំ ។

តាមសេចក្តីរាយការណ៍របស់លោកឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ធំ ឱ្យដឹងថា នៅវេលាម៉ោង០៧:៣០នាទី ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ ជនសង្ស័យឈ្មោះ ស្រ៊ន ពេជ្ររស្មី បានយកកាំបិតចុងស្រួចកាប់ទៅលើប្រពន្ធដែលបានលែងលះគ្នា តាមសាលក្រមលេខ១៨(ក)ចុះថ្ងៃទី១៧-៥-២០២១ និងសំណុំរឿងរដ្ឋប្បវេណីលេខ៨០ ចុះថ្ងៃទី០៦-៤-២០២១របស់សាលាដំបូងខេត្តកំពង់ធំ ។ បណ្តាលឱ្យរបួសចំនួន៥កន្លែង(ដៃឆ្វេង២កន្លែង .វដៃស្តាំ២កន្លែង និងកញ្ចឹងក១កន្លែង) ។ មូលហេតុប្រច័ណ្ឌ ដោយខឹងប្រពន្ធសុំលែង។ ក្រោយពីទទួលបានព័ត៌មាន ម៉ោង០៧និង៥០នាទីថ្ងៃទី២៣-៥-២០២១ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសណ្តាន់ បានតាមចាប់ឈ្មោះ ស្រ៊ន ពេជ្ររស្មី ដែលរត់គេចខ្លួនចូលព្រៃចម្ការ ហើយដោយភូមិត្បូងទឹក ឃុំមានរិទ្ធ ស្រុកសណ្តាន់ ជាតំបន់សំបូរទៅដោយចម្ការស្វាយចន្ទីរ ចម្ការកៅស៊ូ និងព្រៃរបោះ ធ្វើឱ្យជនល្មើសគេចខ្លួនបាត់ រហូតមកទល់នឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២១នេះ ទើបចាប់ឃាត់ខ្លួនបាន ៕


Telegram