ខេត្តព្រះសីហនុ៖ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ នេះ លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ អញ្ចើញដឹកនាំកិច្ចប្រជុំពិភាក្សាជ្រើសរើសបុគ្គលឆ្នើម ០២រូប ក្នុងការដឹកនាំសម្របសម្រួល និងអនុវត្តកិច្ចសហប្រតិបត្តិការការរុករក ការជីកគាស់ និងការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលពលីកាលពីសម័យសង្គ្រាមនៅកម្ពុជាក្នុងភូមិសាស្រ្តខេត្តព្រះសីហនុ ដោយមានការចូលរួមពី នាយករដ្ឋបាលសាលាខេត្ត មេបញ្ជាការប្រតិបត្តិការសឹករងខេត្ត ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធ។
យោងតាមលិខិតលេខ 367/CT-UP ចុះថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ របស់គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង ប្រទេសវៀតណាម រួមជាមួយគណៈកម្មការជំនាញខេត្តព្រះសីហនុ (កម្ពុជា) បានអនុវត្តកិច្ចសហប្រតិបត្តិការដោយទទួលបានលទ្ធផលជាក់ស្តែង បានធ្វើការរុករក ជីកគាស់ការធ្វើមាតុភូមិនិវត្តន៍នូវអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាមដែលពលីកាលសម័យសង្គ្រាមនៅកម្ពុជា ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ បានចំនួន ៥៥អដ្ឋិធាតុ ហើយបានបញ្ជូនទៅប្រទេសវៀតណាម ធ្វើបុណ្យរំលឹកគុណ និងបញ្ចុះ ។ បុគ្គលបានចូលរួមក្នុងការបញ្ជាណែនាំផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអនុវត្តភារកិច្ចរុករក ជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍យុទ្ធជនពលី (វៀតណាម) ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ។ គណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង បានផ្ដល់ជូនប័ណ្ណសរសើរជូនបុគ្គលចំនួន ០២រូប ដែលមានស្នាដៃឆ្នើមលើកិច្ចការងារខាងលើចាប់ពីឆ្នាំ ២០១៣-២០២០ ។
លោក ជាវ វិជ្ជាក់ អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ថាយើងត្រូវជ្រើសរើសមន្ត្រីឆ្នើម ០២រូប គឺពីរអង្គភាព ក្នុងនោះមួយអង្គភាពមន្ត្រីឆ្នើម ០១រូប ដែលគណៈកម្មាធិការប្រជាជនខេត្តគៀងយ៉ាង គ្រោងនឹងផ្តល់ប័ណ្ណសរសើរដល់បុគ្គល ០២រូប ដែលមានស្នាដៃឆ្នើមក្នុងកិច្ចសហប្រតិបត្តិការរុករក ជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ ។
នេះជាសកម្មភាពនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ទន្ទឹមនោះយើងត្រូវជ្រើសរើសបុគ្គលឆ្នើម ០២រូប ដែលបានចូលរួមក្នុងសកម្មភាពការងាររុករក ជីកគាស់ ការធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ប្រកបដោយតម្លាភាព និងសុក្រិត្យភាព សម្រាប់បុគ្គលដែលបានចូលរួមក្នុងសកម្មភាពរុករក ជីកគាស់អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការវៀតណាម ដែលបានពលី កាលពីសម័យសង្គ្រាមនៅកម្ពុជា លើភូមិសាស្ត្រខេត្តព្រះសីហនុ ៕