រាជធានីភ្នំពេញ សម្តេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង ជា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០២១ នេះ បាន ណែនាំ ឱ្យ អភិបាល រាជធានី ខេត្ត នៅ ទូទាំង ប្រទេស ចាត់វិធានការ បង្ការ ទប់ស្កាត់ ការឆ្លង រាលដាល នៃ ជំងឺ កូ វីដ -១៩ នៅតាម មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ នៅក្នុង ដែន សមត្ថកិច្ច របស់ខ្លួន ស្រប ពេលដែល ជំងឺ មួយ នេះ បាន និង កំពុង ឆ្លង ចូលក្នុង មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ មួយចំនួន ។
ដើម្បី ឆ្លើយតប នឹង សភាពការណ៍ នេះ សម្តេច ក្រឡាហោម បាន ណែនាំ ឱ្យ អភិបាល រាជធានី ខេត្ត ចូលរួម ផ្ដល់ ការគាំទ្រ ដល់ មណ្ឌល អប់រំ កែប្រែ ដែលមាន ទីតាំង ស្ថិតក្នុង រាជធានី ខេត្ត សាមី និង ពន្ធនាគារ រាជធានី ខេត្ត ដោយ ដាក់ចេញ នូវ វិធាន សំខាន់ៗ មួយចំនួន ។
ក្នុងនោះ មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ រាជធានី ខេត្ត ដែល បាន រកឃើញ ករណី វិជ្ជមាន ជំងឺ កូ វីដ -១៩ អភិបាល រាជធានី ខេត្ត ពាក់ព័ន្ធ ត្រូវយក ចិត្ត ទុក ដាក់ ដឹកនាំ សម្របសម្រួល ជាមួយ មន្ទីរ សុខាភិបាល និង មន្ទីរ អង្គភាព ពាក់ព័ន្ធ ផ្តល់ ការគាំទ្រ ដល់ អគ្គនាយកដ្ឋាន ព ន្ធ នាគារ និង មណ្ឌល អប់រំ កែប្រែ ព្រមទាំង ពន្ធនាគារ ទាំងនោះ ក្នុងការ គ្រប់គ្រង ចាត់ចែង ព្យាបាល អ្នក វិជ្ជមាន ជំងឺ កូ វីដ -១៩ ។
ដោយឡែក មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ ខេត្ត ដែល មិនទាន់មាន ការឆ្លង ជំងឺ កូ វីដ -១៩ ត្រូវ ពង្រឹង ការអនុវត្ត វិធានការ សុខាភិបាល ការធ្វើ អនាម័យ ជាប្រចាំ នៅ តាម ទីកន្លែង បំពេញការងារ និង តាម បន្ទប់ ឃុំឃាំង នានា ការពាក់ ម៉ាស ការលាង សំអាត ដៃ ដោយ សាប៊ូ ទឹក អាល់កុល ឬ ដែល ការ វាស់ កំដៅ លើ មន្ត្រី អនុរក្ស ពន្ធនាគារ និង ជន ជាប់ឃុំ ព្រមទាំង ត្រួត ពិនិត្យ សុខភាព អ្នក ដែល បានអនុញ្ញាត ឱ្យចេញ - ចូលក្នុង ពន្ធនាគារ តាម គោល ការណ៍ កំណត់ សំដៅ បង្ការ ទប់ស្កាត់ ការចម្លង ជំងឺ កូ វីដ -១៩ ចូលក្នុង មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ ទាំងនោះ ។
ព្រម ជាមួយនេះ ត្រូវ បង្កើន ការយកចិត្តទុកដាក់ ដ ល់ ការរក្សាសន្តិសុខ និង សុវត្ថិភាព នៅ តាម មណ្ឌល អប់រំ កែប្រែ និង ពន្ធនាគារ ទាំងនោះ ឱ្យបាន ល្អ ។ ក្នុងករណី មានការ ឆ្លង ជំងឺ កូ វីដ -១៩ នៅ មណ្ឌល អប់រំ កែប្រែ ឬ ពន្ធនាគារ ណាមួយ អភិបាល រាជធានី ខេត្ត ត្រូវ សហការ ជួយ ធ្វើ អន្តរាគមន៍ ឆ្លើយតប និង ត្រូវ រាយការណ៍ ជា បន្ទាន់ មក ក្រសួងមហាផ្ទៃ ៕