ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប សម្រេចកំណត់ភូមិសាស្ត្រឃុំកំពង់ឃ្លាំង ក្នុងស្រុកសូទ្រនិគម ជាតំបន់ក្រហម , កំណត់ភូមិសាស្ត្រឃុំគោកធ្លកក្រោម ក្នុងស្រុកជីក្រែង និងឃុំដំដែក ក្នុងស្រុកសូទ្រនិគម ជាតំបន់លឿងទុំ និង កំណត់ភូមិសាស្ត្រឃុំកំពង់ក្ដី ក្នុងស្រុកជីក្រែង ជាតំបន់លឿង ដើម្បីទប់ស្កាត់ការឆ្លងរាលដាល ជំងឺកូវីដ-១៩
ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ បានសម្រេចកំណត់ដាក់ឃុំកំពង់ឃ្លាំង ស្រុកសូទ្រនិគម ជាតំបន់ក្រហម ចំណែកឃុំគោកធ្លកក្រោម ស្រុកជីក្រែង និងឃុំដំដែក ស្រុកសូទ្រនិគមត្រូវបានកំណត់ជាតំបន់លឿងទុំ ហើយឃុំកំពង់ក្ដី ស្រុកជីក្រែងត្រូវបានកំណត់ជាតំបន់លឿង។
ចាប់តាំងពីមានវត្តមានមេរោគកូវីដ-១៩ នេះជាលើកទី១ ហើយដែលខេត្តសៀមរាប បានកំណត់ឲ្យមានតំបន់ហានីភ័យ បន្ទាប់ពីមានការរីករាលដាលនៃមេរោគបានចាប់ផ្តើមឆ្លងកាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២១ នៅក្នុងស្រុកសូទ្រនិគម និងស្រុកជីក្រែង។
យោងតាមសេចក្តីប្រកាសនានារបស់រដ្ឋបាលខេត្តសៀមរាប ការឆ្លងរាលដាលរហូតដល់មានការកំណត់ជាតំបន់ហានីភ័យនេះ មានប្រភពចេញពីហាងស៊ីផឹកមួយកន្លែងយីហោ ពិភពធម្មជាតិ ដែលស្ថិតនៅឃុំកំពង់ក្តី ស្រុកជីក្រែង ដែលតាមប្រភពខ្លះអះអាងថា ហាងមួយនេះ បានលួចបើកខារ៉ាអូខេ ជូនភ្ញៀវទាំងក្នុងពេលដែលមានបម្រាម។
មកទល់ពេលនេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន២៩៩នាក់ បានព្យាបាលជាសះស្បើយចំនួន១០៣នាក់ ស្លាប់២នាក់ និង១៩៤នាក់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕