រាជធានីភ្នំពេញ៖ កាលពីថ្ងៃពុធ ១៤រោច ខែជេស្ឋ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង១រសៀល ម៉ោងនៅទីក្រុងញូវយ៉ក លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ បានចូលរួមជាសាក្សីតាមរយៈប្រព័ន្ធវីដេអូ ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីការប្រគល់ត្រឡប់មកកម្ពុជានូវសម្បត្តិវប្បធម៌ខ្មែរចំនួន២៧រូប ដែលអង្គភាពស៊ើបអង្កេតសន្តិសុខមាតុភូមិសហរដ្ឋអាមេរិក រឹបអូសបាននៅទីក្រុងញូវយ៉ក ពីបទកាន់កាប់បុរាណវត្ថុដោយខុសច្បាប់។ កិច្ចព្រមព្រៀងនេះ ត្រូវបានចុះហត្ថលេខារវាងលោកមេធាវី Cyrus Vance តំណាងការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក និងឯកឧត្តម ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំសហរដ្ឋអាមេរិក តំណាងឱ្យរាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមតំណាងរាជរដ្ឋាភិបាលកម្ពុជា និងតាងនាមថ្នាក់ដឹកនាំនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈ លោកជំទាវរដ្ឋមន្រ្តីបានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការ និងការខិតខំប្រឹងប្រែងពីសំណាក់ការិយាល័យរដ្ឋអាជ្ញាសហរដ្ឋអាមេរិកប្រចាំសង្កាត់ញូវយ៉ក, ក្រសួងសន្ដិសុខមាតុភូមិសហរដ្ឋអាមេរិក, ស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា និងស្ថានទូតនៃព្រះរាជណាចក្រកម្ពុជាប្រចាំសហរដ្ឋអាមេរិក ព្រមទាំងក្រុមការងារនៃក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា។ ជាមួយនេះ លោកជំទាវក៏បានថ្លែងអំណរគុណចំពោះក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ ព្រមទាំងឥស្សរជនជាច្រើនរូបទៀតទាំងក្នុងស្ថាប័នរដ្ឋ-ឯកជន ចំពោះការគាំទ្រនិងចូលរួមសហការ ដែលធ្វើឲ្យព្រឹត្ដិការណ៍ជាប្រវត្តិសាស្រ្តនេះកើតមានឡើង ជាពិសេសគឺក្នុងស្ថានភាពដ៏លំបាកនៃការរាលដាលជម្ងឺកូវីដ-១៩។
លោកជំទាវរដ្ឋមន្រ្តីបានបញ្ជាក់ទៀតថា កិច្ចសហការ និងការគាំទ្រពីសំណាក់ស្ថាប័នសហរដ្ឋអាមេរិក ជាច្រើន បានសរបញ្ជាក់ពីចំណងមិត្ដភាពដ៏ល្អ និងប្រកបដោយផ្លែផ្កានៃទំនាក់ទំនងរវាងប្រទេសយើងទាំងពីរ ក្នុងការចូលរួមការពារបេតិកភណ្ឌវប្បធម៌ខ្មែរ ជាពិសេសតាមរយៈអនុស្សារណៈនៃការយោគយល់គ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសហរដ្ឋអាមេរិក ស្តីពីការដាក់កំរិតហាមប្រាមនូវការនាំចូលលើប្រភេទនៃបុរាណវត្ថុរបស់ប្រទេសកម្ពុជា។ រាជរដ្ឋាភិបាលកម្ពុជា នឹងប្ដេជ្ញាបន្ដសហការស្រាវជ្រាវ ដើម្បីនាំយកសម្បត្ដិវប្បធម៌ខ្មែរដែលបានលួចនាំចេញដោយខុសច្បាប់ទាំងអស់នោះត្រឡប់មកកម្ពុជាវិញ។ ឆ្លៀតក្នុងឱកាសនេះដែរ លោកជំទាវរដ្ឋមន្រ្តី បានអំពាវនាវដល់សារមន្ទីរនានា ក៏ដូចជាអ្នករក្សាទុកវត្ថុបុរាណនៅទូទាំងពិភពលោកទាំងអស់ សូមទាក់ទងមកក្រុមការងាររបស់ក្រសួង និងចូលរួមសហការក្នុងការប្រគល់សម្បត្ដិវប្បធម៌ខ្មែរត្រឡប់មកប្រទេសកំណើតវិញ៕ប្រភពក្រសួងវប្បធម៌និងវិចិត្រសិល្បៈ