សម្ដេចតេជោ ហ៊ុន សែន៖ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់មាសជាលក្ខណៈ ឧស្សាហកម្មលើកដំបូងរបស់កម្ពុជា នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី២១ ខែមិថុនា ខាងមុខ
ព័ត៌មានជាតិ
520

រាជធានីភ្នំពេញ៖   ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានថ្លែងថា ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់មាស ជាលក្ខណៈឧស្សាហកម្មលើកដំបូងរបស់កម្ពុជា ដែលអាចផលិតមាសសុទ្ធបានចំនួន ៣តោន ក្នុងមួយឆ្នាំ ដែលមានទីតាំងស្ថិតនៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងដាក់ឱ្យដំណើរការនៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។

នៅក្នុងសារលិខិតជូនជនរួមជាតិ នាថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ សម្តេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «ក្រោយពីបានសិក្សាស្រាវជ្រាវស្វែងរុករកអស់រយៈពេលប្រមាណ១៤ ឆ្នាំក្រុមហ៊ុន រ៉ឺនេសង់ មីនើរ៉ល(ខេមបូឌា)លីមីតធីត Renaissance Minerals (Cambodia) Limited ជាក្រុមហ៊ុនអូស្ត្រាលី ទីមួយ ដែលចាប់ផ្តើមធ្វើអាជីវកម្មរ៉ែ មាសជាលក្ខណៈឧស្សាហកម្មតាមស្តង់ដារអន្តរជាតិដោយបានផលិតចេញនៅថ្ងៃនេះ ជា មាសដុំពាក់កណ្តាលសម្រេចដែលមានអត្រាមាស ៩០ភាគរយ (Gold Doré Bars)។

តាម របាយការណ៍សមិទ្ធលទ្ធភាពដែលបានផ្ដល់ ក្រុមហ៊ុនអាចផលិតមាសសុទ្ធបានប្រមាណ ៣(បី)តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេល៨ឆ្នាំដំបូង។ ក្រុមហ៊ុនរំពឹងថានឹងអាចពង្រីកលទ្ធភាពអាជីវកម្មបន្ថែមទៀត ក្រោយរយៈពេលដំបូងនេះ»។ សម្ដេចតេជោបានបន្តថា ជាការពិតមុននឹងឈានដល់ការទទួលបាននូវសមិទ្ធផលដ៏វិសេសវិសាលនេះ រាជរដ្ឋាភិ បាលនិងក្រុមហ៊ុនបានពុះពារក្នុងការ សិក្សាស្រាវជ្រាវជម្រករ៉ែមាសដើម្បីអាចឈានទៅ ដល់ការធ្វើអាជីវកម្មបាន ព្រោះត្រូវចំណាយពេលវេលានិងថវិកាជាច្រើនហើយលំបាក នៅ ក្នុង ការវាយតម្លៃលក្ខខណ្ឌ សេដ្ឋកិច្ចនិងបច្ចេកទេសអាជីវកម្មធនធានរ៉ែឱ្យត្រឹម ត្រូវតាម និយាមអន្តរជាតិ។

សម្ដេចតេជោប្រមុខរាជរដ្ឋាភិបាលបានថ្លែងបញ្ជាក់ថា មកដល់ពេលនេះ កម្ពុជារំពឹងថាផលិតផលមាសជាលក្ខណៈឧស្សាហកម្ម ពីជម្រករ៉ែតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នឹងផ្តល់ផលប្រយោជន៍ជាចំណូលដុលជាមធ្យមប្រមាណ ១៨៥ (មួយរយប៉ែតសិបប្រាំ)លានដុល្លារក្នុងមួយឆ្នាំ ដែលក្នុងនោះចំណូលថវិកាជាតិពីសួយសារ និងសារពើពន្ធផ្សេងៗជាមធ្យមប្រមាណ៤០(សែសិប)លានដុល្លារក្នុងមួយឆ្នាំ។ ថវិកាទាំង នេះ នឹងត្រូវយកមកប្រើប្រាស់ក្នុងចរន្តថវិកាជាតិដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានឹងសក្តានុពលនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានក្រើនរម្លឹកផងដែរថា អាជីវកម្មរ៉ែមាសគឺជាអាជីវកម្មដែលត្រូវការវិនិយោគប្រកបដោយវិជ្ជាជីវៈ និងបច្ចេកវិទ្យាពិត ប្រាកដ។

សម្ដេចតេជោបានបន្ដទៀតថា ដូចដែលបានរៀបរាប់ពីប្រវត្តិនៃការវិនិយោគខាងលើ មិនមែនគ្រប់គ្នាចេះតែអាចធ្វើការអភិវឌ្ឍបាននោះទេ ការដាក់ឱ្យដំណើរការឧស្សាហកម្មរ៉ែមាសថ្ងៃនេះ មិនមែនជាការប្រកាសលើកទឹកចិត្តឱ្យសាធារណជនទាំងឡាយចាប់យករបរអាជីវកម្មរ៉ែមាសនេះឡើយ ព្រោះថាវាជាអាជីវកម្មដែលមានគ្រោះហានិភ័យខ្លាំងត្រូវការដើមទុនច្រើននិងជំនាញពិតប្រាកដ។

សម្ដេចតេជោលើកឡើងថា អាជីវកម្មជាលក្ខណៈប្រពៃណី ដូចជាការរែងចម្រាញ់យកមាសដោយដៃជាលក្ខណៈគ្រួសារបានបាត់បង់ស្ទើរតែទាំងស្រុងទៅហើយ រីឯជម្រករ៉ែមាសដែលមានលក្ខណៈសមស្របសម្រាប់ការធ្វើអាជីវកម្មជាលក្ខណៈគ្រួសារក៏ពុំមានច្រើនដែរ។

ទន្ទឹមនឹងនេះ ការធ្វើអាជីវកម្មទ្រង់ ទ្រាយតូចៗបែបនេះ ក៏មិនអាចផ្តល់ផលចំណេញដល់ប្រជាពលរដ្ឋបានដែរផ្ទុយទៅវិញ អាជីវកម្មប្រភេទនេះ បង្កនូវផលប៉ះពាល់បរិស្ថាននិងគ្រោះថ្នាក់ផ្សេងៗ ទៀតផង។ ដូច្នេះ អំពាវនាវសូមឱ្យបងប្អូនជនរួមជាតិយើង លះបង់នូវបំណងចង់ធ្វើអាជីវកម្មរ៉ែមាសជា លក្ខណៈគ្រួសារ ឬជាលក្ខណៈខ្នាតតូចបន្តទៀតទៅ។

សម្ដេចតេជោនាយករដ្ឋមន្ត្រីបាន ថ្លែងសង្កត់ធ្ងន់ថា ស្របជាមួយការចាប់ផ្តើមនៃអាជីវកម្មរ៉ែមាសខ្នាតឧស្សាហកម្ម តាមស្តង់ ដារអន្តរជាតិ ជាលើកដំបូងនៅកម្ពុជា ប្រតិបត្តិការធនធានរ៉ែនៅតំបន់អូរខ្ទាវ នឹងបង្កើត បានជាគំរូមួយសម្រាប់នាំមុខដល់ការធ្វើអាជីវកម្មធនធានរ៉ែដទៃទៀត ស្របតាមគោល ការណ៍អភិវឌ្ឍន៍ប្រកបដោយចីរភាព។ សម្ដេចតេជោបានបញ្ជាក់បន្ថែមថា ការចាប់ផ្តើម នេះបានបញ្ជាក់យ៉ាងច្បាស់ថា ការខិតខំរបស់យើងនាពេលកន្លងមកនៅក្នុងវិស័យរ៉ែពិតជា អាចទាញយកធនធានធម្មជាតិក្រោមដីមកបម្រើឱ្យការអភិវឌ្ឍសេដ្ឋកិច្ច សង្គមជាតិយើង បានប្រកបដោយការទទួលខុសត្រូវខ្ពស់លើការការពារផលប្រយោជន៍បរិស្ថាននិងសង្គម។ 

លើសពីនេះទៀត បណ្តាក្រុមហ៊ុនរ៉ែទាំងអស់នឹងត្រូវជំរុញឱ្យប្រើប្រាស់គំរូនៃការអភិវឌ្ឍប្រកបដោយការទទួលខុសត្រូវបែបនេះ នៅគ្រប់ដំណាក់កាលនៃប្រតិបត្តិការ របស់ ខ្លួន។ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ក្នុងទឹកចិត្តរំភើបរីករាយឥត ឧបមា សូមចែករំលែកនូវសមិទ្ធផលដ៏ធំធេងនិងមោទនភាពជាតិនៃទឹកដី សុវណ្ណភូមិ ជាទី ស្នេហាជាមួយនឹងព្រះតេជគុណព្រះសង្ឃគ្រប់ព្រះអង្គនិងជនរួមជាតិកម្ពុជាគ្រប់រូប ព្រម ទាំងសូមសម្តែងនូវអំណរគុណដ៏ជ្រាលជ្រៅដល់ក្រុមការងារគ្រប់ជាន់ថ្នាក់នៃរាជរដ្ឋាភិបាលកម្ពុជា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានផ្តល់យុត្តិធម៌និងការគាំទ្រប្រកបដោយ ទឹកចិត្តស្នេហាជាតិដ៏បរិសុទ្ធជូនដល់គណបក្សប្រជាជនកម្ពុជា និងដល់សម្តេច ឱ្យដឹកនាំ រាជរដ្ឋាភិបាលកម្ពុជាដើម្បីបុព្វហេតុជាតិមាតុភូមិ សុខសន្តិភាព និងការអភិវឌ្ឍដែលបាន នាំមកជូនប្រជាជនកម្ពុជាទាំងមូល នូវសមិទ្ធផលដ៏ធំធេងមិនអាចកាត់ថ្លៃបានជាច្រើនរាប់ មិនអស់រួមទាំងការប្រកាសអំពី «ការដាក់ឱ្យដំណើរការការដ្ឋានអាជីវកម្មនិងរោងចក្រ ចម្រាញ់រ៉ែមាសជាលក្ខណៈ ឧស្សាហកម្ម» នៅតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី នេះផងដែរ៕ ប្រភព៖ ក្រសួងព័ត៍មាន


Telegram