សាទរ! ស្ត្រីម្នាក់នៅខេត្តកណ្តាល បានជាប់ជាអ្នកចាក់វ៉ាក់សាំងទី៣លាន ដែលនឹងទទួលបានថវិកា ១០លានរៀល
ព័ត៌មានជាតិ
417

រាជធានីភ្នំពេញ៖ ស្ត្រីមេម៉ាយម្នាក់នៅខេត្តកណ្តាល បានជាប់ជាអ្នកចាក់វ៉ាក់សាំងទី៣លាន ដែលនឹងទទួលបានថវិកា ១០លានរៀល។ នេះបើយោងតាមការប្រកាសលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៤ ខែមិថុនានេះ។

សម្តេច តេជោ ហ៊ុន សែន បានសរសេរថា "គិតត្រឹមល្ងាចថ្ងៃ១៤ ខែ មិថុនា ២០២១ នេះ យើងចាក់វ៉ាក់សាំងបានជាង៣លាននាក់។ ក្នុងនោះយើងបានរកឃើញបុគ្គលដែលបានចាក់វ៉ាក់សាំងទី៣លាន គឺប្អូនស្រី ស៊ុ សំអឿន អាយុ៤៨ឆ្នាំ ជាស្ត្រីមេម៉ាយរស់នៅមន្ទីរពេទ្យជ័យជំនះខេត្តកណ្តាល"។

ដូចមុនៗដែរ សម្រាប់មនុស្សទី១លាន, មនុស្សទី២លាន, ស្ត្រី ស៊ុ សំអឿន នឹងទទួលបានជំនួយឧបត្ថម្ភនូវទឹកប្រាក់ចំនួន១០លានរៀលដែល លោកស្រី ឱ វណ្ណឌីន នឹងយកទៅជូនផ្ទាល់នាថ្ងៃនេះ។

សម្តេចតេជោ បានបញ្ជាក់ទៀតថា "យើងសម្រេចបាននូវការចាក់វ៉ាក់សាំងចំនួន៣០ភាគរយនៃចំនួនដែលត្រូវចាក់ ដែលនេះជាជោគជ័យដ៏ធំក្នុងដំណើរឆ្ពោះទៅរកគោលដៅ១០លាននាក់ដែលត្រូវចាក់"៕ 


Telegram