រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១៤ ខែមិថុនានេះ
ព័ត៌មានជាតិ
150

ខេត្តសៀមរាប៖ រដ្ឋបាលខេត្តសៀមរាប ប្រកាសរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ ចំនួន៣៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១៤ ខែមិថុនានេះ

ក្នុងនោះអ្នកមកពីខេត្តផ្សេងនិងពីប្រទេសថៃចំនួន១៨នាក់ ខណៈអ្នកជាសះស្បើយមានចំនួន០៤នាក់ ។

ខេត្តសៀមរាប នៅយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១យប់មិញនេះ រដ្ឋបាលខេត្តសៀមរាប បានប្រកាសរកឃើញអ្នកមានវិជ្ជមានជំងឺកូវីដ-១៩ថ្មី ចំនួន៣៥នាក់បន្ថែមទៀត សម្រាប់ថ្ងៃទី១៤ ខែមិថុនានេះ ខណៈអ្នកមកពីខេត្តផ្សេង និង មកពីប្រទេសថៃ មានចំនួន១៨នាក់ ក្នុងនោះរួមមាន ៖ ស្រុកជីក្រែង ចំនួន ១៣នាក់ , ស្រុកក្រឡាញ់ ចំនួន ០៧នាក់ , ស្រុកអង្គរជុំ ចំនួន ០៦នាក់ , ក្រុងសៀមរាប ចំនួន ០៣នាក់ , ស្រុកសូទ្រនិគម ចំនួន០៣នាក់ , ស្រុកពួក ចំនួន ០១នាក់ , ស្រុកប្រាសាទបាគង ចំនួន ០១នាក់ និង ស្រុកស្ទោង ខេត្តកំពង់ធំ ចំនួន ០១នាក់ ។

គួររំលឹកថា អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចាប់ពីលេខរៀងទី០១ ដល់ទី១៧ គឺជាករណីឆ្លងរាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ដែលមានពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលនឹងប្រភពដើមមកពីស្រុកជីក្រែង , អ្នកវិជ្ជមានជំងឺកូវីដ-១៩ លេខរៀងទី១៨ ជាករណីមករកសេវាព្យាបាលនៅមន្ទីរពេទ្យព្រះបាទជ័យវរ្ម័នទី៧ ដោយមានអាការៈសង្ស័យ ក្រុមគ្រូពេទ្យបានយកសំណាកស្រាវជ្រាវរកមេរោគកូវីដ-១៩ ទទួលបានលទ្ធផលវិជ្ជមាន និង អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចាប់ពីលេខរៀងទី១៩ ដល់ទី៣៥ គឺជាប្រជាពលរដ្ឋដែលត្រឡប់មកពីប្រទេសថៃ មកដល់ខេត្តសៀមរាប ហើយជាករណីសង្ស័យ ត្រូវបានក្រុមគ្រូពេទ្យដាក់ឱ្យធ្វើចត្តាឡីស័កនៅវិទ្យាល័យសម្ដេចឪ ។

ដោយឡែកនៅថ្ងៃទី១២ ខែមិថុនានេះដែរ ក៏មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ នៅក្នុងឃុំកណ្ដែក ស្រុកប្រាសាទបាគង ចំនួន០៤នាក់ បានជាសះស្បើយវិញដែរ ហើយត្រូវបានក្រុមគ្រូពេទ្យអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យបង្អែកខេត្ត ត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែត្រូវបន្តការធ្វើចត្តាឡីស័កក្នុងរយៈពេល១៤ថ្ងៃទៀត ។

ក្នុងឱកាសនេះដែរ រដ្ឋបាលខេត្តសៀមរាប បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានពាក់ព័ន្ធដោយផ្ទាល់ ឬដោយប្រយោល ជាមួយអ្នកវិជ្ជមានខាងលើ សូមរួសរាន់ធ្វើចត្តាឡីស័កតាមផ្ទះក្នុងក្រុមគ្រួសាររៀងៗខ្លួនឱ្យបានគ្រប់១៤ថ្ងៃ ដោយមិនត្រូវពាក់ព័ន្ធ និងប៉ះពាល់ជាមួយអ្នកដទៃជាដាច់ខាត ក្នុងករណីមិនអនុវត្តកាតព្វកិច្ចចត្តាឡីស័ក រដ្ឋបាលខេត្តនឹងចាត់វិធានការផ្លូវច្បាប់ចំពោះបុគ្គលទាំងឡាយណាដែលលើ្មសនឹងវិធានសុខាភិបាលនេះ ហើយបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានមកកាន់លេខទូរស័ព្ទ០១២ ៩៥៥ ៤៧៤/០៧៧ ៧៨៩ ០០៧ ដើម្បីក្រុមការងារចាត់វិធានការក្នុងការយកសំណាកធ្វើតេស្តស្រាវជ្រាវ ។

សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតត្រឹមយប់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២១នេះ ខេត្តសៀមរាប មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ សរុបចំនួន ៤៩៤នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយចំនួន១១៧នាក់ , កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប មណ្ឌលចត្តាឡីស័កគរុកោសល្យ និងវិក្រឹតការខេត្ត និងវិទ្យាល័យដំដែក ចំនួន៣៧៤នាក់ និង ស្លាប់អ្នកវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ០៣នាក់ ក្នុងនោះអ្នកស្លាប់ចំនួន០២នាក់ គឺជាអ្នកជំងឺខូចតម្រងនោមធ្ងន់ធ្ងរ និង រ៉ាំរ៉ៃ មុននឹងគាត់មានវិជ្ជមានជំងឺកូវីដ-១៩ និង អ្នកស្លាប់ចំនួន០១នាក់ទៀត ជាករណីសាកសព ដែលរកឃើញវិជ្ជមានជំងឺកូវីដ-១៩ ៕ ប្រភព៖ មន្ទីរព័ត៌មានខេត្តសៀមរាប  


Telegram