រាជធានីភ្នំពេញ ៖ យោងតាមគណនីFacebook ផ្លូវការរបស់ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើដំណើរមកកសិដ្ឋានចិញ្ចឹមត្រីរបស់លោក សុខ ហៃ លេខ ទូរសព្ទទំនាក់ទំនង ០៩៧ ៣១៧ ៨០៣០ នៅភូមិត្រពាំងអញ្ចាញ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។ លោក សុខ ហៃ បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រីជ្រាបថា រូបលោកបានប្រកាន់យករបរចិញ្ចឹមត្រីនេះបានជាង ៣ឆ្នាំ មកហើយដោយមានស្រះធំៗ ចំនួន ២ស្រះ។ ក្នុងស្រះនិមួយៗ គាត់បានដាក់ចិញ្ចឹមកូនត្រីប្រាចំនួនប្រមាណជា ១០០ពាន់ ទៅ ១៣០ពាន់ក្បាល ដែលពេលវេលានៃការដាក់កូនត្រីពូជចិញ្ចឹមមានគម្លាតពេលខុសៗគ្នាពីស្រះមួយទៅស្រះមួយទៀត។ លោកបន្ថែមថា ក្នុងមួយរដូវកាលនៃការដាក់កូនត្រីចិញ្ចឹមលោកអាចប្រមូលផលត្រីក្នុងបរិមាណសរុបប្រមាណពី ៥០ទៅ ៨០តោនក្នុង ១ស្រះ។
អ្វីដែលជាវិជ្ជមាននោះគឺ ក្នុងពេលបច្ចុប្បន្ននេះ លោកបានបញ្ជាក់បន្ថែមថា កសិដ្ឋានរបស់លោកមិនមានបញ្ហាទីផ្សារនោះទេ គឺមានទទួលបានការបញ្ជាទិញជាប្រចាំជាង ១-២តោនជារៀងរាល់ថ្ងៃ ហើយតម្លៃដែលទទួលបានគឺ ៥ ០០០រៀល/គីឡូក្រាមលក់ក្នុងខេត្ត និងចន្លុះពី ៤ ៥០០-៥ ០០០រៀល/គីឡូក្រាមលក់ក្រៅខេត្ត។ ហើយដោយមានការថែទាំ ផ្តល់ចំណី និងការណែនាំផ្នែកបច្ចេកទេសពីមន្ត្រីជំនាញ លោករំពឹងថានឹងប្រមូលផលបានច្រើនជាងការរំពឹងទុក។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងលើកទឹកចិត្តចំពោះការព្យាយាម និងខិតខំប្រឹងប្រែងរបស់លោក សុខ ហៃ ក្នុងការប្រកាន់ភ្ជាប់របរចិញ្ចឹមត្រីដើម្បីលើកកម្ពស់វិស័យវារីវប្បកម្មក្នុងស្រុក ហើយក៏សារទរចំពោះព័ត៌មានដែលទទួលបានពាក់ព័ន្ធនឹងទីផ្សារ និងតម្លៃក្នុងខេត្តកំពង់ឆ្នាំងផងដែរ។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានណែនាំដល់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផល មន្ត្រីជំនាញនៃរដ្ឋបាលជលផល និងមន្ទីររាជធានី-ខេត្តទាំងអស់ត្រូវខិតខំសិក្សា ស្រាវជ្រាវ ពិសោធ និងផលិតពូជត្រីដែលមានគុណភាព លើកកម្ពស់ការងារបណ្តុះបណ្តាលបច្ចេកទេសថ្មីៗដើម្បីបង្កើនគុណភាពផលត្រី និងភាពប្រកួតប្រជែង ផ្តល់ការលើកទឹកចិត្ត និងជួយផ្សាភ្ជាប់រវាងវារីវប្បករដែលជាអ្នកផលិតនិងអ្នកប្រមូលទិញ ជាពិសេសពង្រឹងការអនុវត្តច្បាប់ពាក់ព័ន្ធនឹងការលួចនាំចូលខុសច្បាប់។
តាមរបាយការណ៍របស់ឯកឧត្តម ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជាទទួលបន្ទុកជាប្រធានរដ្ឋបាលជលផលបានឲ្យដឹងថា សម្រាប់៦ខែ ដើមឆ្នាំ២០២១ ទិន្នផលវារីវប្បកម្មសរុបរួមរបស់ខេត្តកំពង់ឆ្នាំងបានប្រមាណជា ១០ ៥០០តោន ក្នុងនោះស្រះដំណើរការមានចំនួន ៦៣១ ស្រះ ទទួលបានផលត្រីស្មើនឹង ៣ ២០០ តោន និងមានបែសរុបរួមមាន ៧៤០បែ ស្មើ ៧ ៣០០តោន។ ទន្ទឹមនឹងនេះ ក្នុងឆ្នាំ២០២០កន្លងទៅមានការចិញ្ចឹម និងនាំចេញត្រីខ្យាទៅសាធារណរដ្ឋប្រជាមានិត ប្រជាធិបតេយ្យឡាវ បានជាង ២៥០តោន និងក្នុងឆ្នាំ២០២១ នេះបានប្រមាណជា ១៨០ តោនផងដែរ ៕