រាជធានីភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានចេញមកបញ្ជាក់ថា ការគ្រប់គ្រង ការតាំងទីលំនៅ និងការរៀបចំសណ្តាប់ធ្នាប់លំនៅដ្ឋាន គឺជាតួនាទីភារកិច្ចរបស់អាជ្ញាធរដែនដី ដែលមិនស្ថិតក្រោមតួនាទីភារកិច្ចរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ឡើយ។
ការអះអាងនេះ បានធ្វើឡើងបន្ទាប់ពីមានការលើកឡើងនូវវត្តមានជនបរទេសនៅកម្ពុជា។
អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានបញ្ជាក់ថា ភារកិច្ចស្នូលអគ្គនាយកដ្ឋាន មានតួនាទីភារកិច្ចធ្វើជាសេនាធិការជូនក្រសួងមហាផ្ទៃ លើការគ្រប់គ្រងជនបរទេស ក៏ដូចជាការអនុវត្តច្បាប់ចំពោះជនបរទេសដែលស្នាក់នៅ និងបម្រើការងារដោយខុសច្បាប់ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
កន្លងមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានពង្រឹងការអនុវត្តច្បាប់ជាប្រចាំ ចំពោះជនបរទេសខុសច្បាប់តាមគ្រប់រូបភាព ដោយធ្វើការឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅតុលាការ និងអនុវត្តការបណេ្តញ ចេញពីព្រះរាជាណាចក្រកម្ពុជា ស្របតាមច្បាប់ស្តីពីអន្តោប្រវេសន៍។ ជាក់ស្តែងរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៤ រហូត ដល់ ០៥ខែ ដើមឆ្នាំ២០២១នេះ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បាន បណ្ដេញជនបរទេសខុសច្បាប់ ចេញពីព្រះរាជាណាចក្រកម្ពុជា សរុបចំនួន ១៨,៤៧០នាក់ ស្រី ៣,០៦០នាក់ មាន ១០៤សញ្ជាតិ៕