រាជធានីភ្នំពេញ៖ លោកព្រឹទ្ធាចារ្យ ម៉ក់ កាណេន ហៅលោកតា សាឡាត់ សិល្បករផ្នែកអាយ៉ៃដ៏ល្បីល្បាញមួយរូបនៃកម្ពុជា បានទទួលមរណភាពហើយ ក្នុងជន្មាយុ៧៩ឆ្នាំ ដោយរោគាពាធ នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២១នេះ ។
លោកតា ម៉ក់ កាណេន ហៅ នាយសាឡាត់ កើតនៅឆ្នាំ១៩៤២ ស្ថិតក្នុងភូមិ ពោធិ៍ទង ឃុំកញ្ជ្រៀច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ។ លោកតាគឺជាកូនទី៦ ក្នុងចំណោមបងប្អូន៨នាក់ ប្រុស៥ ស្រី៣ ដែលមានឪពុកឈ្មោះ ម៉ក់ មាស និងម្ដាយឈ្មោះ ហែម សឹម ។
លោកតា ម៉ក់ កាណេន ហៅ នាយសាឡាត់ គឺជាតារាកំប្លែង, អាយ៉ៃនាសម័យបច្ចុប្បន្ន ស្នាក់នៅក្នុងភូមិ បុរីពេញចិត្ត សង្កាត់ឫស្សីកែវ ខណ្ឌ ឫស្សីកែវ រាជធានីភ្នំពេញ លោកតាក៏ បានបម្រើវិស័យសិល្បៈតាំងពីសម័យសង្គមរាស្រ្តនិយម រហូតដល់បច្ចុប្បន្ន ។
មរណភាពរបស់សិល្បកររូបនេះ គឺចាត់ទុកជាដំណឹងដ៏សែនសោកស្តាយក្រៃលែង នៃការបាត់បង់ធនធានមនុស្សដ៏សំខាន់មួយរូបទៀត លើផ្នែកសិល្បៈអាយ៉ៃ។ សូមវិញ្ញាណក្ខន្ធលោកព្រឹទ្ធាចារ្យសាឡាត់ ធ្វើដំណើរទៅកាន់សុខគតិភពកុំបីអាក់ខានឡើយ៕