នៅរសៀលថ្ងៃពុធ ១៤កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ រដ្ឋលេខាធិការក្រសួងព័ត៌មាន តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានដឹកនាំប្រតិភូ ចុះជួប ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ដើម្បីសំណេះសំណាល និងសាកសួរសុខទុក្ខមន្រ្តីរដ្ឋបាលខេត្ត ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្ត អំពីវឌ្ឍនភាពនៃជំងឺកូវីដ-១៩ និងបានលើកឡើងអំពីការព្រួយបារម្ភ និង ការយកចិត្តទុកដាក់ របស់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ចំពោះប្រជាពលរដ្ឋខេត្តព្រះសីហនុទាំងមូល ព្រមទាំងបានលើកសរសើរដល់ ឯកឧត្តមអភិបាលខេត្ត ដែលបានខិតខំប្រឹងប្រែងអស់កម្លាំងកាយចិត្ត រិះរកវិធានការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ បានយ៉ាងល្អប្រសើរ ក្រោមការចង្អុលបង្ហាញពីរាជ រដ្ឋាភិបាល ដែលមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្លាតវៃ នៃព្រះរាជាណាចក្រកម្ពុជា ។
ទន្ទឹមនឹងនេះ ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សូមថ្លែងអំណរគុណដល់ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ដែលបានឧបត្តម្ថជាសម្ភារៈ និងថវិកាមួយចំនួន ដែលជាចលករមួយក្នុងការជម្រុញលើកទឹកចិត្តដល់មន្រ្តីរដ្ឋបាលខេត្ត ជាពិសេសក្រុមគ្រូពេទ្យ ឱ្យរឹតតែមានកម្លាំងចិត្តបំពេញភារកិច្ចប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានជួយដល់ប្រជាពលរដ្ឋដែលរងការខ្វះខាតនៅក្នុងតំបន់បិទខ្ទប់ ព្រមទាំងក្រុមគ្រួសារដែលវិជ្ជមានកូវីដ-១៩ ក្នុងខេត្តព្រះសីហនុ។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត សុខ ប្រសិទ្ធិ នាំយកអំណោយ ឯកឧត្តមបណ្ឌិតរដ្ឋមន្រ្តី ដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ដល់មន្ត្រីថ្នាក់ក្រោម និងប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុរួមមាន៖ អង្ករ ០៥តោន, ទឹកសុទ្ធ ៤៥០កេស, មីជាតិ ១០០កេស, ទឹកស៊ីអុីវ ១០០យួរ, ទឹកត្រី ១០០យួរ, ត្រីខកំប៉ុង ២៥កេសធំ, ម៉ាស់ ៣០០ប្រអប់(១៥០០០ម៉ាស់), អាកុល ៥កាន និងថវិកា ២០លានរៀល ។
សរុបថវិកាទាំងអស់សម្រាប់ប្រគល់ជូនរដ្ឋបាលខេត្តព្រះសីហនុមានចំនួន ៤៥,២៦០,០០០ រៀល ៕