អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា បា នជួបវិបត្តិចាប់តាំងពីរដ្ឋប្រហារ ថ្ងៃទី១ខែកុម្ភៈ បន្ទាប់ពីផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតដែលបង្កឱ្យមានការតវ៉ាទូទាំងប្រទេស។
ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ បាននិយាយថា ប្រជាជនប្រមាណ ២៣ ម៉ឺននាក់ ត្រូវបានផ្លាស់ទីលំនៅ ដោយអំពើហិង្សានិងការប្រយុទ្ធគ្នានៅក្នុងប្រទេសមីយ៉ាន់ម៉ានៅឆ្នាំនេះ ហើយកំពុងត្រូវការជំនួយ។
ប្រទេសមីយ៉ាន់ម៉ា មានវិបត្តិចាប់តាំងពីមេបញ្ជាការកងទ័ពលោក មិន អ៊ុងហ្លេង បានដឹកនាំធ្វើរដ្ឋប្រហារ ប្រឆាំងនឹងរដ្ឋាភិបាលដែលបានជាប់ឆ្នោតកាលពីខែកុម្ភៈ ដែលជាហេតុធ្វើឱ្យមានការតវ៉ាទូទាំងប្រទេស ដែលជាចលនាមិនគោរពស៊ីវិលដ៏ធំ។
ប្រជាជនដែលត្រូវបានផ្លាស់ទីលំនៅក៏ដូចជាសហគមន៍នៅតំបន់ ដែលរងផលប៉ះពាល់ កំពុងត្រូវការជំនួយមនុស្សធម៌ជាច្រើន រួមមានស្បៀងអាហារនិងសំភារៈគ្រួសារ មូលដ្ឋានជំរក ការទទួលបានការថែទាំសុខភាព ទឹកនិងអនាម័យ ព្រមទាំងសេវាកម្មការពារផ្សេងៗរួមទាំងការគាំទ្រផ្នែកចិត្តសាស្រ្ត។ ការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការសម្របសម្រួលកិច្ចការមនុស្សធម៌ (OCHA) បាននិយាយនៅក្នុងរបាយការណ៍របស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍។
អង្គភាពអង្គការសហប្រជាជាតិ បាននិយាយថា ប្រតិបត្តិការផ្តល់ជំនួយកំពុងបន្ត ប៉ុន្តែត្រូវបានរារាំងដោយការប៉ះទង្គិចប្រដាប់អាវុធអំពើហិង្សានិងអសន្តិសុខនៅក្នុងប្រទេស។
មនុស្ស ១៧៧.០០០ នាក់បានផ្លាស់ទីលំនៅនៅរដ្ឋការ៉ែន ជាប់ព្រំដែនថៃ និង១០៣.០០០ នាក់កាលពីខែមុន ខណៈដែលមនុស្សជាង ២ ម៉ឺននាក់កំពុងជ្រកកោននៅតំបន់ បន្ទាប់ពីការប្រយុទ្ធគ្នារវាងកងកម្លាំងការពារប្រជាជន និងកងទ័ពនៅរដ្ឋឈន ជាប់ព្រំដែនឥណ្ឌា។ ប្រជាជនរាប់ពាន់នាក់ក៏បានភៀសខ្លួនចេញពីការប្រយុទ្ធគ្នានៅភាគខាងជើងកាឈិននិងរដ្ឋ Shan តំបន់ដែលបង្កើតកងទ័ពជនជាតិភាគតិច បានប្រយុទ្ធជាមួយយោធាជាយូរមកហើយ។
សហភាពជាតិការ៉ែន (KNU)ដែលជាក្រុមប្រដាប់អាវុធជនជាតិភាគតិច ឈានមុខគេមួយ នៅក្នុងប្រទេសមីយ៉ាន់ម៉ា បានសម្តែងការព្រួយបារម្ភអំពីការបាត់បង់អាយុជីវិតជនស៊ីវិល ការកើនឡើងនូវអំពើហិង្សា និងការប្រើប្រាស់កម្លាំងហួសប្រមាណរបស់យោធា នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ នៅក្នុងសេចក្តីថ្លែងការណ៍បាននិយាយថា«KNU នឹងបន្តប្រយុទ្ធប្រឆាំងនឹងរបបផ្តាច់ការយោធា និងផ្តល់ការការពារឱ្យបានច្រើនបំផុត តាមដែលអាចធ្វើទៅបាន ចំពោះប្រជាជននិងជនស៊ីវិលដែលគ្មានអាវុធ»។
ការតវ៉ាស្ទើរតែរាល់ថ្ងៃបានធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាផ្ទុះរញ្ជួយចាប់តាំងពីរដ្ឋប្រហារ។ ការបះបោរទ្រង់ទ្រាយធំ ត្រូវបានជួបប្រទះនឹងការបង្ក្រាបដោយយោធាយ៉ាងសាហាវ ដែលបានសម្លាប់ជនស៊ីវិលយ៉ាងតិច ៨៧៧ នាក់ នេះ បើយោងតាមសមាគមជំនួយសម្រាប់អ្នកទោសនយោបាយ ដែលជាក្រុមឃ្លាំមើលក្នុងតំបន់ ដែលរបបយោធាប្រកាសថាជាអង្គការខុសច្បាប់។
កិច្ចប្រឹងប្រែងការទូតរបស់សមាគមអាស៊ាន ដែលមានសមាជិក ១០ប្រទេស ដើម្បីបញ្ចប់វិបត្តិ និងការចាប់ផ្តើមកិច្ចពិភាក្សាបានជាប់គាំង ហើយលោកឧត្តមសេនីយ៍បាននិយាយថា ពួកគេនឹងប្រកាន់ខ្ជាប់នូវផែនការស្តារសណ្តាប់ធ្នាប់ និងរៀបចំការបោះឆ្នោតក្នុងរយៈពេលពីរឆ្នាំខាងមុខ។
នៅក្នុងកិច្ចប្រជុំមន្រ្តីជាន់ខ្ពស់នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលរួមមានអាស៊ាន សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានជំរុញឱ្យក្រុមនេះ«ចាត់វិធានការជាបន្ទាន់ ដើម្បីឱ្យរបបភូមា ទទួលខុសត្រូវ ចំពោះការ«មូលមតិគ្នា ៥ ចំណុច»របស់ អាស៊ាន» ។ មន្ត្រីជាន់ខ្ពស់ការិយាល័យទទួលបន្ទុកកិច្ចការអាស៊ីបូព៌ានិងប៉ាស៊ីហ្វិក លោក គីនម៉ុយ(Kin Moy) ក៏បានអំពាវនាវឱ្យមានសកម្មភាពរួមគ្នា ដើម្បីជំរុញយោធាភូមា បញ្ឈប់អំពើហឹង្សា ដោះលែងអ្នកដែលត្រូវបានឃុំខ្លួនដោយអយុត្តិធម៌ និងធ្វើឱ្យប្រទេសភូមាវិលត្រឡប់ទៅរកមាគ៌ាប្រជាធិបតេយ្យវិញ។
សេចក្តីសម្រេច របស់អង្គការសហប្រជាជាតិដែលត្រូវបានអនុម័តកាលពីសប្តាហ៍មុន បាន ថ្កោលទោសរដ្ឋប្រហារ និងទាមទារឲ្យយោធា បញ្ឈប់រាល់អំពើហឹង្សាប្រឆាំងនឹងក្រុមបាតុករដោយសន្តិវិធី។
ទោះយ៉ាងណា ដំណោះស្រាយ មហាសន្និបាតអង្គការសហប្រជាជាតិ បានបញ្ឈប់ភ្លាមៗដោយអំពាវនាវឱ្យមានការហាមឃាត់អាវុធពិភពលោកប្រឆាំងនឹងយោធាមីយ៉ាន់ម៉ា៕
ប្រភព៖ Aljazeera ប្រែសម្រួល៖ នង ណារិន