បុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃ ភ្ញៀវទេសចរនិងប្រជាពលរដ្ឋជិត ២៤លាននាក់បានធ្វើដំណើរកម្សាន្តទូទាំងប្រទេស ខណៈរាជធានីភ្នំពេញ និងខេត្តចំនួន០៤ទៀត ទទួលបានភ្ញៀវច្រើនជាងគេ
សន្តិសុខសង្គម
85

រាជធានីភ្នំពេញ ​៖ យោងតាមការចេញផ្សាយរបស់ ក្រសួងព័ត៌មាន បានឲ្យដឹងថា នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ រយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤-១៦ ខែមេសា ឆ្នាំ២០២៥នេះដែលទើប​បញ្ចប់ ក្រសួងទេសចរណ៍បានឱ្យដឹងថា មានភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេស មានចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់ កើនឡើង ៩,៩ភាគរយ ធៀបនឹងបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ដែលមាន​ចំនួន ២១.៨១៣.១៣៨ នាក់)។ ក្នុងនោះ ភ្ញៀវជាតិ មានចំនួន ២៣.៨៦២.៣៥១ នាក់និង ភ្ញៀវអន្តរជាតិ មានចំនួន ១១៥.០៩០ នាក់ ។ មានរាជធានីនិងខេត្តចំនួន៤បានស្ថិតនៅលើតារាងមានភ្ញៀវទេសចរ និងប្រជាពលរដ្ឋទៅ​កម្សាន្តច្រើនជាងគេ។

ប្រភពដដែលបញ្ជាក់ថា ក្នុងចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋធ្វើដំណើរកម្សាន្តចំនួនប្រមាណ ២៣.៩៧៧.៤៤១ នាក់នោះ ក្នុងនេះថ្ងៃទី១៤ ខែមេសា៖ ភ្ញៀវមានចំនួន ៥.៦៨៥.២២៣ នាក់, ថ្ងៃទី១៥ ខែមេសា៖ ភ្ញៀវមានចំនួន ៨.៣៦៥.៧២៤ នាក់និងថ្ងៃទី១៦ ខែមេសា៖ ភ្ញៀវមានចំនួន ៩.៩២៦.៤៩៤ នាក់។

ដោយឡែកក្នុងរយៈពេល៣ថ្ងៃនេះ រាជធានី ខេត្តដែលទទួលបានភ្ញៀវច្រើនជាងគេទាំង៥ រួមមាន៖រាជធានីភ្នំពេញ ២.៨៦៣.៩២២ នាក់,ខេត្តសៀមរាប ២.៧៥២.៨១៨ នាក់, ខេត្តកំពង់ចាម ២.៧៤៨.២២៨ នាក់, ខេត្តព្រៃវែង ២.៣៩៤.៣៤៣ នាក់និងខេត្តបាត់ដំបង ១.៧៤១.៧៩៥ នាក់។

សូមជម្រាបថា ការបូកសរុបស្ថិតិភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ដែលបានធ្វើដំណើរកម្សាន្តទូទាំងប្រទេសរយៈ​ពេល៣​ថ្ងៃនេះ គឺត្រូវបានគណនាដោយ រាប់បញ្ចូលចំនួនភ្ញៀវទេសចរដែលធ្វើដំណើរកម្សាន្តនៅតាមរមណីយដ្ឋាន និងគោលដៅ​ទេសចរណ៍នានាទូទាំងប្រទេសនិងចំនួនបងប្អូនប្រជាជនដែលបានចូលរួមលេងកម្សាន្តនៅតាមទីតាំងសំខាន់ៗដែលមានការរៀបចំកម្មវិធីសង្រ្កាន្ត និងព្រឹត្តិការណ៍ទេសចរណ៍កម្សាន្តផ្សេងៗ។

ជាក់ស្តែង រាជធានីភ្នំពេញ មានការរៀបចំព្រឹត្តការណ៍សង្រ្កាន្តវត្តភ្នំ និងការលេងកម្សាន្តនៅតាមផ្លូវថ្មើរជើងមាត់ទន្លេ ,ខេត្តសៀមរាបមានការរៀបចំមហាព្រឹត្តិការណ៍អង្គរសង្រ្កាន្ត, ខេត្តកំពង់ចាម មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តកំពង់ចាម និងការតាំងបង្ហាញលៀសហាល ៣តោន ប្រវែងមួយពាន់ម៉ែត្រ,ខេត្តព្រៃវែង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តព្រៃវែង និងខេត្តបាត់ដំបង មានការរៀបចំព្រឹត្តិការណ៍សង្រ្កាន្តបាត់ដំបង ជាដើម ដែលបានទាក់ទាញភ្ញៀវទេសចរ និងប្រជាពលរដ្ឋ​មកចូលរួមលេងកម្សាន្តពេញរយៈពេល៣ថ្ងៃនៃពិធីបុណ្យនេះ។

ទន្ទឹមនឹងនេះ បណ្តាខេត្តផ្សេងៗ ក៏បានរៀបចំឱ្យមានកម្មវិធីសង្រ្កាន្តឆ្នាំថ្មី ពិសេសនៅតាមទីប្រជុំជនទីរួមខេត្ត ទីរួមស្រុក តំបន់គោលដៅទេសចរណ៍សំខាន់ៗ វត្តអារាម និងនៅតាមស្រុកភូមិនានា ដែលបានទាក់ទាញឱ្យភ្ញៀវទេសចរ និងប្រជាពលរដ្ឋដើរកម្សាន្តយ៉ាងច្រើនកុះករផងដែរ។

ចរន្តភ្ញៀវទេសចរដ៏ច្រើននេះ បានបង្កើតជាផលប្រយោជន៍សេដ្ឋកិច្ចដ៏ច្រើនទាំងនៅថ្នាក់ជាតិ និងនៅតាមមូលដ្ឋាន។ បណ្តាសណ្ឋាគារនិងសេវាស្នាក់នៅទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋាន និងរមណីយដ្ឋានទេសចរណ៍នៅ​ស្ទើរ​គ្រប់ខេត្ត បានទទួលភ្ញៀវស្ទើរពេញ ១០០ភាគរយ។ វិស័យឯកជនមានក្តីរីករាយ និងបានបង្ហាញនូវ​សុទិដ្ឋិនិយម​ខ្ពស់ចំពោះការអភិវឌ្ឍន៍លើមាគ៌ាដ៏ត្រឹមត្រូវនៃវិស័យ ទេសចរណ៍កម្ពុជា។

ដោយឡែកសភាពការណ៍សន្តិសុខ សណ្តាប់ធា្នប់ សុវត្ថិភាព ការគ្រប់គ្រងចរន្តភ្ញៀវ និងការគ្រប់គ្រងគុណភាព និងតម្លៃ​សេវាទេសចរណ៍នានាជារួម មានភាពល្អប្រសើរ ខណៈដែលកម្លាំងមានសមត្ថកិច្ចទាំងនៅថ្នាក់ជាតិ និងគណៈបញ្ជាការ​ឯកភាពរាជធានីខេត្តបានអនុវត្តការងារប្រកបដោយការទទួលខុសត្រូវខ្ពស់។

ក្នុងឱកាសនេះដែរប្រជាពលរដ្ឋទូទៅ ពិសេសយុវជន សិស្ស-និស្សិត និងកម្មករ កម្មការី មានសេចក្តីរីករាយ និងសូមថ្លែង​អំណរគុណ សម្តេចមហាបវរធិបតីនាយករដ្ឋមន្រ្តី ដែលបានអនុញ្ញាតឱ្យមានការដឹកជញ្ជូនតាមរថយន្តក្រុង​សាធារណៈ​ដោយ​ឥតគិតថ្លៃសម្រាប់ការធ្វើដំណើរទៅមកស្រុកកំណើតក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិ៕


Telegram