អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរកាណាដាបានរកឃើញ «ផ្នូរមិនមានសញ្ញាសម្គាល់» ច្រើនជាង ៧៥០ផ្នូរ នៅក្បែរអតីតសាលារៀនកាតូលិកមួយកន្លែងសម្រាប់ កុមារជនជាតិដើមភាគតិច នៅឯភាគខាងលិចនៃប្រទេស។នៅភាគខាងលិចប្រទេសកាណាដា ពោលគឺមិនដល់មួយខែបន្ទាប់ពីការរកឃើញសាកសពកុមារ២១៥ នាក់ នៅក្នុងរណ្តៅដ៏ធំមួយ ក្បែរសាលាមួយផ្សេងទៀត បានធ្វើឱ្យប្រទេសនេះមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។
នេះជាការបើកសម្តែងជាថ្មីម្តងទៀត បានផ្តល់ការយកចិត្តទុកដាក់លើជំពូកដ៏ខ្មៅងងឹតមួយ នៅក្នុងប្រវតិ្តសាស្រ្តប្រទេសកាណាដា ហើយបានអំពាវនាវដល់សម្តេចប៉ាប និងព្រះវិហារ ដើម្បីសុំអភ័យទោសចំពោះការរំលោភបំពាននិងអំពើហិង្សា ដែលបានរងគ្រោះនៅសាលារៀនដែលសិស្សត្រូវបានគេបង្ខំឱ្យចូលក្នុងវប្បធម៌លេចធ្លោរបស់ប្រទេសមួយនេះ។
សហគមន៍ ខោវេសសេស(Cowessess)ក្នុងខេត្ត សាស្កាតឆេវ៉ាន(Saskatchewan)បានប្រកាស កាលពីល្ងាចថ្ងៃពុធថា ខ្លួនបានរកឃើញផ្នូររាប់រយ ដែលមិនមានស្លាកស្នាម គួរឱ្យរន្ធត់ក្នុងកំឡុងពេលនៃការជីករកនៅឯអតីតសាលានៅចម្ងាយប្រហែល១៥០គីឡូម៉ែត្រ ភាគខាងកើតនៃទីរួមខេត្ត Regina ។
សហព័ន្ធជនជាតិដើមភាគតិច បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចំនួនពិតប្រាកដនៃផ្នូរដែលមិនមានស្លាកស្នាមសម្គាល់ មិនត្រូវបានបញ្ជាក់នោះទេ ប៉ុន្តែវានឹងមានចំនួនច្រើនគួរឱ្យកត់សម្គាល់នៅក្នុងប្រទេសកាណាដា។
គួររម្លឹក កាលពីចុងខែឧសភា អាជ្ញាធរកាណាដាបានរកឃើញ សាកសពកុមារជនជាតិដើមភាគតិច ២១៥នាក់ នៅឯអតីតសាលារៀនសម្រាប់កុមារជនជាតិដើមភាគតិច នៅក្នុងខេត្ត ប៊្រីតធីស ខូឡុំប៊ី (British Columbia) ហើយការរកឃើញនេះបានបង្កការរន្ធត់ យ៉ាងខ្លាំងដល់ប្រជាជនកាណាដា។
មនុស្សជាច្រើនបានទទួលរងការធ្វើបាបនិងការរំលោភបំពានផ្លូវភេទ ហើយមានមនុស្សជាង ៤.០០០ នាក់បានស្លាប់នៅក្នុងសាលារៀន នេះបើយោងតាមគណៈកម្មការស៊ើបអង្កេតដែលបានសន្និដ្ឋានថា ប្រទេសកាណាដាបានប្រព្រឹត្តអំពើប្រល័យពូជសាសន៍ ប្រឆាំងនឹងសហគមន៍ជនជាតិដើមភាគតិច៕
ប្រភព៖ Bangkok Post ប្រែសម្រួល៖ នង ណារិន