រាជធានីភ្នំពេញ ៖ បុរសម្នាក់ផឹកស្រវឹង ជិះម៉ូតូដួលតាមដងផ្លូវ ស្រវឹងលើកម៉ូតូមិនរួចផង លើកដួលៗ ចៃដន្យប្រទះឃើញជនសង្ស័យ ឃើញឱកាសល្អ ស្ងាត់ទៀត ក៏ធ្វើជាជួយលើកម៉ូតូ តែលើកម៉ូតូរួចក៏ជិះរត់បាត់តែម្តង។ នេះបើតាមរូបភាពពីកាមេរ៉ាសុវត្ថិភាព ដែលសមត្ថកិច្ចជំនាញធ្វើការឆែកឃើញ នៅចំណុចទីតាំងកើតហេតុ ដែលក្រុមការងារ TVFB ទទួលបានពីលោកមេប៉ុស្តិ៍អូរបែកក្អម នារសៀលថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ។
លោកមេប៉ុស្តិ៍អូរបែកក្អម បានប្រាប់មកកាន់អង្គភាព TVFB ថា ក្រោយពីពាក្យបណ្តឹងពីបុរសម្នាក់ដែល បានមកប្តឹងសមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម ថាខ្លួនត្រូវបានចោរប្រដាប់អាវុធធាក់ផ្តួល រួចយកកាំភ្លើងភ្ជង់ប្លន់យកម៉ូតូម៉ាកស្កុបពីមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1HZ-1608 កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ តាមបណ្ដោយផ្លូវ៣៧១សឡា ក្នុងសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ រួចមក សមត្ថកិច្ចបានបើកការស្រាវជ្រាវ នៅទីតាំងកើតហេតុ និងបានឆែកកាមេរ៉ាសុវត្ថិភាព មុខផ្ទះរបស់ប្រជាពលរដ្ឋឃើញថា មិនពិតដូចពាក្យបណ្តឹងរបស់បុរសខាងលើនោះទេ ពោលគឺជាករណី ផឹកស្រវឹង ដួលម៉ូតូដោយខ្លួន ឯង រួចហើយត្រូវបានក្រុមជនសង្ស័យឃើញឱកាសស្ងាត់ល្អ ធ្វើជាជួយលើកម៉ូតូឡើង ហើយជិះរត់គេចខ្លួនបាត់តែម្តង ។ មិនមែនជាករណីធាក់ផ្តួល ដកកាំភ្លើងភ្ជង់ប្លន់ យកម៉ូតូ ដូចពាក្យបុរសនោះបាននិយាយនោះទេ ។
តែទោះបីជាយ៉ាងណា ក្នុងនាមជាសមត្ថកិច្ច លោក មេប៉ុស្តិ៍អូរបែកក្អម បានបញ្ជាក់ទៀតថា នឹងបន្តស្រាវជ្រាវថែមទៀត ដើម្បីតាមចាប់ជនសង្ស័យខាងលើ យកមកចាត់ការតាមច្បាប់ ៕