អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា ក្រុមអ្នកស្រាវជ្រាវចិន បានបង្ហាញលលាដ៍ក្បាលបុរាណមួយដែលអាចជាកម្មសិទ្ធិរបស់មនុស្សប្រភេទថ្មីទាំងស្រុង។ ក្រុមនេះបានអះអាងថា វាជាការវិវត្តដ៏ជិតស្និទបំផុតរបស់យើង ក្នុងចំណោមប្រភេទពូជពង្សដែលត្រូវបានគេស្គាល់ដូចជាមនុស្សបុរាណ ដូចជានេឌើថស និង ហូមូ។
មានរហស្សនាមថា« បុរសនាគ»គំរូនេះតំណាងឱ្យក្រុមមនុស្សដែលរស់នៅអាស៊ីបូព៌ា យ៉ាងហោចណាស់ ១៤៦.០០០ ឆ្នាំមុន។ វាត្រូវបានគេរកឃើញនៅ ទីក្រុងហាប៊ីន ខាងជើងភាគខាងកើតនៃប្រទេសចិនក្នុងឆ្នាំ ១៩៣៣ ប៉ុន្តែទើបតែត្រូវបានអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍ថ្មីៗនេះ។
អ្នកជំនាញម្នាក់ក្នុងចំណោមអ្នកជំនាញឈានមុខគេនៅចក្រភពអង់គ្លេសផ្នែកវិវត្តមនុស្ស លោកសាស្ត្រាចារ្យ Chris Stringer មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុងឡុង បានប្រាប់សារព័ត៌មាន BBC ថា«បើនិយាយពីផូស៊ីលក្នុងរយៈពេលមួយលានឆ្នាំចុងក្រោយនេះ គឺជាផ្នែកមួយដ៏សំខាន់បំផុតដែលត្រូវបានរកឃើញ»។
អ្វីដែលអ្នកមាននៅទីនេះគឺជាសាខាដាច់ដោយឡែកមួយរបស់មនុស្សជាតិ ដែលមិនមែនជាដំណើររបស់ខ្លួន ដើម្បីក្លាយជា ប្រភេទ ហូមូ (ប្រភេទពូជពង្សរបស់យើង)ប៉ុន្តែតំណាងឱ្យវណ្ណៈដាច់ដោយឡែក ដែលបានវិវត្តនៅក្នុងតំបន់នេះអស់រយៈពេលរាប់រយពាន់ឆ្នាំ ហើយទីបំផុតបានផុតពូជ។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការរកឃើញនេះមានសក្តានុពលក្នុងការសរសេររឿងរ៉ាវនៃការវិវត្តរបស់មនុស្ស។ ការវិភាគរបស់ពួកគេបានបង្ហាញថា វាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយ Homo ច្រើនជាងវាទាក់ទងនឹង Neanderthals ។ ពួកគេបានចាត់ចែងសំណាកនេះទៅជាប្រភេទ ថ្មីមួយគឺ ហូមូ លងហ្គី ពីពាក្យចិន«វែង» មានន័យថា នាគ។
លោក Xijun Ni សាស្រ្តាចារ្យនៅបណ្ឌិត្យសភាវិទ្យាសាស្ត្រចិន និងសាកលវិទ្យាល័យ Hebei GEO នៅ Shijiazhuang បាននិយាយថា «យើងបានរកឃើញវង្សត្រកូលដែលបានបាត់បង់ជាយូរមកហើយ »។
លលាដ៍ក្បាល មានទំហំធំ បើប្រៀបធៀបនឹងលលាដ៍ក្បាលជាមធ្យមដែលជាកម្មសិទ្ធិរបស់ប្រភេទ ដទៃទៀត។ ខួរក្បាល មានទំហំប្រហាក់ប្រហែលនឹងពូជរបស់យើងដែរ។ បុរសនាគ មានរន្ធភ្នែកធំ ៗ ចិញ្ចើមក្រាស់ មាត់ធំ និងមានធ្មេញដុះវែង។ សាស្រ្តាចារ្យ Qiang Ji មកពីសកលវិទ្យាល័យ Hebei GEO មានប្រសាសន៍ថា វាជាផូស៊ីលឆ្អឹងលលាដ៍ក្បាលដំបូងបំផុត ដែលមនុស្សបានរកឃើញ។
លលាដ៍ក្បាល ត្រូវបានគេរាយការណ៍ថា ត្រូវបានរកឃើញក្នុងឆ្នាំ ១៩៣៣ ដោយកម្មករសំណង់ម្នាក់ ដែលជួយសាងសង់ស្ពាននៅលើដងទន្លេសុងហួ ដែលហូរកាត់ទីក្រុងហាប៊ីន ក្នុងខេត្ត ហៃឡុងជែង (Heilongjiang) ដែលបកប្រែថា ទន្លេនាគខ្មៅ ហេតុដូច្នេះទើបគេដាក់ឈ្មោះជារបស់មនុស្សថ្មី ។ ទីក្រុងនេះ ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ជប៉ុន កាលពីពេលនោះ។
បុរសនាគ ឬមនុស្សនាគ បានចូលរួមជាមួយមនុស្សមួយចំនួន ដែលនៅសេសសល់ដំបូងគេបានរកឃើញនៅក្នុងប្រទេសចិន ដែលបានបង្ហាញពីការលំបាកក្នុងការបែងចែកអំពីប្រភេទ។ មានការជជែកវែកញែកយ៉ាងខ្លាំង អំពីថាតើនៅសល់ទាំងនេះតំណាងឱ្យឧទាហរណ៍ដំបូង នៃ Homo ឬ Neanderthals ដែលជាក្រុមមនុស្ស ហៅថា Denisovans ឬអ្វីផ្សេងទៀតទាំងស្រុង។ Denisovans ត្រូវបានគេស្គាល់អត្តសញ្ញាណដំបូងពី DNA ដែលត្រូវបានរកឃើញពីឆ្អឹងម្រាមដៃដែលមានអាយុកាល ៥ ម៉ឺន-៣០,០០០ ឆ្នាំ ដែលត្រូវបានរកឃើញនៅក្នុងរូងភ្នំ Denisova Cave ប្រទេសរុស្ស៊ី។
លោកស្រីសាស្រ្ដាចារ្យ Marta Mirazon Lahr មកពីសាកលវិទ្យាល័យខេមប្រីដ ជឿជាក់ថា តាមពិតជាបុរសនាគគឺក្រុមមនស្ស Denisovan។ លោកស្រីបាននិយាយថា «Denisovans គឺជាប្រជាជនអាថ៌កំបាំងគួរឱ្យចាប់អារម្មណ៍ពីអតីតកាល។ ( ភស្តុតាងឌីអិនអេ) ថា ឆ្អឹងថ្គាមដែលត្រូវបានរកឃើញនៅតំបន់ខ្ពង់រាបទីបេ អាចជា Denisovan ។ ហើយឥឡូវដោយសារតែឆ្អឹងថ្គាមពីទីបេ និងបុរសនាគ មើលទៅដូចគ្នា។ ឥលូវនេះយើងប្រហែលជាមានមុខដំបូងដូច Denisovan ហើយ»។
ហើយក្រុមមួយដែល ទើបនឹងចេញផ្សាយព័ត៌មានលម្អិតអំពីឆ្អឹងដែលរកឃើញនៅអ៊ីស្រាអែល ដែលជាកម្មសិទ្ធិរបស់ប្រភេទពូជពង្សថ្មី ដែលអាចធ្វើទៅបានមុនគេចំពោះ Neanderthals ជឿជាក់ថា បុរសនាគ អាចត្រូវបានផ្សាភ្ជាប់ ពីមនុស្សដែលលេចចេញដំបូង នៅក្នុងតំបន់Levant ។ ប៉ុន្តែអ្នកស្រាវជ្រាវចិននៅតែអះអាងថាផូស៊ីលដែលពិបាកនឹងចាត់ថ្នាក់ពីអាស៊ីបូព៌ាតំណាងឱ្យការវិវត្តនៃមនុស្ស ៕
ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន