អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ បានឲ្យដឹងថា អាជ្ញាធរបានឱ្យដឹងថា រហូតមកទល់ពេលនេះសាកសពមួយផ្សេងទៀតត្រូវបានរកឃើញ ដែលធ្វើចំនួនអ្នកស្លាប់ ដោយសារការបាក់រលំអគារខុនដូកម្ពស់ ១២ជាន់ នៅតំបន់មៃអាមី-ដេដ (Miami-Dade County) រដ្ឋផ្ល័ររីដា ភាគខាងត្បូងសហរដ្ឋអាមេរិក បានកើនឡើងដល់១២នាក់ហើយ ខណៈ១៤៩នាក់នៅបន្តបាត់ខ្លួននៅឡើយ។
ខណៈចំនួនអ្នកស្លាប់ បានកើនឡើងដល់១២នាក់ ក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ មានការអស់សង្ឃឹមយ៉ាងខ្លាំង ចំពោះដំណឹងមួយនេះ និងមានការព្រួយបារម្ភកាន់តែខ្លាំងផងដែរ ចំពោះការធ្លាក់ចុះនៃកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ។ គ្មាននរណាម្នាក់ ត្រូវបានទាញចេញពីគំនរបាក់បែកនោះ ដោយនៅរស់រានមានជីវិតទេ គិតចាប់តាំងពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន ប៉ុន្មានម៉ោងបន្ទាប់ពីការបាក់រលំ ផ្នែកនៃអគារកម្ពស់ ១២ជាន់នោះមក។
ទោះជាយ៉ាងណា អាជ្ញាធររដ្ឋផ្ល័ររីដា និងអ្នកដឹកនាំក្រុមសង្គ្រោះ នៅកន្លែងកើតហេតុផ្ទាល់បានអះអាងថា ពួកគេនៅតែប្រឹងប្រែងបន្តការងារជួយសង្គ្រោះ ខណៈក្រុមគ្រួសារជនរងគ្រោះកាន់តែច្រើន បាននិងកំពុងដង្ហោយសុំឲ្យពន្លឿនប្រតិបត្តិការនេះ។ អគារខុនដូរដែលបានបាក់រំលំមួយផ្នែកខាងលើនេះ ត្រូវបានគេរាយការណ៍ថា សាងសង់ឡើងនៅក្នុងឆ្នាំ១៩៨១ ដោយមានសរុបទាំងអស់ ១៣៦បន្ទប់ ហើយប្រមាណ ៥៥បន្ទប់បានបាក់រលំចុះមក។
គួរបញ្ជាក់ថា មិនទាន់មានការរកឃើញមូលហេតុពិតប្រាកដ ដែលបាននាំឲ្យកើតមានសោកនាដកម្ម រលំអគារខាងលើនេះទេ ខណៈការប្រឹងប្រែងជួយសង្គ្រោះ កំពុងបន្តប្រព្រឹត្តទៅនៅឡើយ។ ប៉ុន្តែបើតាមរបាយការណ៍ថ្មីមួយ ទើបត្រូវបានទម្លាយឲ្យដឹងថា កាលពីឆ្នាំ២០១៨វិស្វករមួយក្រុម បានធ្វើការត្រួតពិនិត្យ លើគុណភាពសំណង់អគារខុនដូមួយនេះ និងបានបង្ហាញការព្រួយបារម្ភ ចំពោះការប្រេះស្រាំផ្នែកខ្លះ ហើយក៏ធ្លាប់បានណែនាំឲ្យមាន ការជួសជុលឡើងវិញផងដែរ៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន