រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ រួមដំណើរជាមួយនិង ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងក្រុមការងារ បាននាំយកគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ ក្នុងវិទ្យាល័យ ជាស៊ីមសាមគ្គី តាមបណ្តោយផ្លូវ២៧១ ដើម្បីជាការលើកទឹកចិត្ត ចូលរួម និងគាំទ្រជាកម្លាំងកាយចិត្ត ទៅកាន់កងទ័ពអាវស នៅទីតាំងនេះ ។
ក្នុងនោះ ឯកឧត្តម លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការយកសម្ភារៈគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនក្រុមគ្រូពេទ្យ កម្លាំងសន្តិសុខ ដែលបម្រើការងារនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺជាការចូលរួមមួយ ជាមួយនឹងប្រទេសជាតិ ក៏ដូចជាចូលរួមជាមួយប្រជាជនកម្ពុជាទាំងមូល ដែលកំពុងប្រឈមជួបនឹងការលំបាក នៅក្នុងស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩។
ឯកឧត្តម បានបន្តថា សម្ភារៈដែលជា គ្រឿងឧបភោគ បរិភោគ ដែលយកមកប្រគល់ជូននាពេលនេះ ជាការចូលរួម របស់ឯកឧត្តមផ្ទាល់ រួមនិង ការចូលរួមជាមួយនិង ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងឯកឧត្តម សុខ ប្រសិទ្ធ រដ្ឋលេខាធិការក្រសួងព័ត៌មានផងដែរ។ ក្នុងនោះ រួមមាន ទឹកបរិសុទ្ធ សរុបចំនួន ១១២៥ កេស , មីងកំប៉ុង ចំនួន១០កេសធំ , ភេសជ្ជៈបំពេញជាតិទឹក ចំនួន ១០កេស , នំធុង ចំនួន ០៦ធុង , ទឹកក្រូច ចំនួន១០កេស , ទឹកផ្លែឈើ ចំនួន១០កេស , កាហ្វេកញ្ចប់ ចំនួន១០ កញ្ចប់ និងថវិកាផ្តល់ជូន ក្រុមគ្រូពេទ្យ កម្លាំងសន្តិសុខ ដែលបម្រើការងារ នៅមណ្ឌលនេះចំនួន ៣៩ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន១០ម៉ឺនរៀលផងដែរ។
ឯកឧត្តម បន្តថា ទោះបីជាសម្ភារៈ និងថវិកា ដែលផ្តល់ជូននាពេលនេះ មានចំនួនតិចតួចក្តី ដែលបង្ហាញពីសមានចិត្ត ដែលឯកឧត្តមទាំង២មាន ពិសេស គឺបង្ហាញពីការចូលរួម ក្នុងការគាំទ្រកងទ័ពអាវស ដែលកំពុងប្រឈមការពារប្រជាពលរដ្ឋ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ។
ក្នុងនោះ លោកប្រធានមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅវិទ្យាល័យជាស៊ីម សាមគ្គី ក៏បាន ថ្លែងអំណរគុណយ៉ាងខ្លាំងទៅកាន់ ឯកឧត្តមលឹម ផាន់ភារៈ និងឯកឧត្តម ប៉ុល រតនា នូវការនាំយកសម្ភារៈមកប្រគល់ជូននាពេលនេះ ។
ទន្ទឹមនោះ លោកប្រធាន មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី ក៏បានបញ្ជាក់ទៀតថា គិតពីថ្ងៃទី៩ ខែមេសា ឆ្នាំ២០២១ រហូតមកទល់នឹងថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ គោលដៅវិទ្យាល័យ ជាស៊ីម សាមគ្គី បាននិងកំពុងបន្តដាក់អ្នកជំងឺនៅឡើយ សរុបមានចំនួន ១៧៧១នាក់ តែក្នុងនោះមានអ្នកកំពុងព្យាបាល ២៥៥នាក់ និងជាសះស្បើយចំនួន ១៥១៦នាក់ ។
អ្វីដែលមិនភ្លេចនោះ លោកប្រធាន មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅវិទ្យាល័យ ជាស៊ីម សាមគ្គី ក៏សូមណូមពរ សូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តអោយបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់ ៕