UN អំពាវនាវឲ្យយោធាភូមា ដោះលែងលោកស្រី អ៊ុង សានស៊ូជី និងប្រធានាធិបតី Win Myint ជាបន្ទាន់
អន្តរជាតិ
200

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី០២ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា បាតុកររាប់រយនាក់បានធ្វើដំណើរតាមដងផ្លូវក្នុងទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ខណៈប្រទេសនេះគឺជាខែទី ៥ ចាប់តាំងពីរដ្ឋប្រហារ។

អ្នកនាំពាក្យអង្គការសហប្រជាជាតិ បាននិយាយថា អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូថេរេស បានទទូចដល់យោធាមីយ៉ាន់ម៉ាឱ្យដោះលែង លោកស្រី អ៊ុង សានស៊ូជី និងប្រធានាធិបតី Win Myint ឥឡូវនេះ បន្ទាប់ពីអ្នកជាប់ឃុំរាប់ពាន់នាក់ផ្សេងទៀតត្រូវបានដោះលែង ចាប់តាំងពីរដ្ឋប្រហារ។

ប្រទេសមីយ៉ាន់ម៉ា បានស្ថិតក្នុងភាពច្របូកច្របល់ចាប់តាំងពីយោធាបានឡើងកាន់អំណាចនៅថ្ងៃទី ១ ខែកុម្ភៈ និងបានផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី អ៊ុង សានស៊ូជី។

អ្នកនាំពាក្យរងរបស់លោក Guterres លោក Eri Kaneko បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា« យើងសូមបញ្ជាក់ម្តងទៀតនូវការអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់ នូវអ្នកទាំងអស់ ដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត ហើយនោះរួមមានប្រធានាធិបតី Win Myint និងសមាជិកក្រុមប្រឹក្សារដ្ឋលោកស្រី Aung San Suu Kyi»។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករាយការណ៍ថា មីយ៉ាន់ម៉ាបានដោះលែងអ្នកជាប់ឃុំជាង ២.០០០ នាក់កាលពីថ្ងៃពុធ ក្នុងនោះមានអ្នកកាសែតនិងអ្នកផ្សេងទៀត ដែលយោធានិយាយថា ត្រូវបានចោទប្រកាន់ពីបទញុះញង់ ឲ្យ ចូលរួមក្នុងការតវ៉ា។

លោកស្រី អ៊ុង សានស៊ូជី កំពុងត្រូវបានកាត់ទោស ចំពោះបទឧក្រិដ្ឋស្រដៀងគ្នានេះ ហើយក្នុងចំណោមជនទាំងនោះនិងកំពុងស្ថិតក្នុងការឃុំខ្លួននៅឡើយ។

លោក Kaneko បានមានប្រសាសន៍ថា«យើងនៅតែមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តអំពើហិង្សានិងការបំភិតបំភ័យរួមទាំងការចាប់ខ្លួនតាមអំពើចិត្តដោយកងកម្លាំងសន្តិសុខ»។

ដើម្បីប្រារព្ធខែទី ៥ ចាប់តាំងពីរដ្ឋប្រហារ ក្រុមបាតុកររាប់រយនាក់បានធ្វើដំណើរតាមដងផ្លូវនៃទីក្រុងយ៉ាំងហ្គោនកាលពីថ្ងៃព្រហស្បតិ៍ដោយបានដុតបំផ្លាញឯកសណ្ឋានកងទ័ពនិងស្រែកទាមទារប្រជាធិបតេយ្យ។

គួរបញ្ជាក់ថា សមាគមជំនួយសម្រាប់ក្រុមសកម្មជនអ្នកទោសនយោបាយបាននិយាយថា មនុស្សជាង ៦.៤០០ នាក់ត្រូវបានចាប់ខ្លួនចាប់តាំងពីរដ្ឋប្រហារ៕

ប្រភព៖ Aljazeera  ប្រែសម្រួល៖​ នង ណារិន

Telegram