អន្តរជាតិ៖ សារព័ត៌មាន BBC បានចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ការប្រយុទ្ធគ្នាថ្មីៗនេះនៅក្នុងតំបន់ Tigrayនៃប្រទេសអេត្យូពី បានបណ្តាលឱ្យមានភាពអត់ឃ្លាន កំពុងប៉ះពាល់ដល់ប្រជាជនជាង ៤០០.០០០ នាក់។នៅក្នុងកិច្ចប្រជុំជាសាធារណៈលើកដំបូងរបស់ខ្លួនស្តីពីវិបត្តិសមាជិកនៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានព្រមានថា កុមារប្រមាណជា ៣៣.០០០ នាក់ ខ្វះស្បៀងអាហារូបត្ថម្ភធ្ងន់ធ្ងរ។
ក្រុមមន្រ្តីបាននិយាយថា ប្រជាជន ១,៨ លាននាក់ទៀតកំពុងស្ថិតនៅលើគែមនៃភាពអត់ឃ្លាន ដោយសារជម្លោះ ៨ ខែ។ អង្គការសហប្រជាជាតិក៏បានព្រមានអំពីការប៉ះទង្គិចគ្នាបន្ថែមទៀត ទោះបីជាមានការប្រកាសអំពីបទឈប់បាញ់គ្នាក៏ដោយ។
រដ្ឋាភិបាលអេត្យូពី ដែលបាននិងកំពុងប្រយុទ្ធប្រឆាំងនឹងកងកម្លាំងក្នុងតំបន់នៅ Tigray បានប្រកាសបទឈប់បាញ់ឯកតោភាគីកាលពីថ្ងៃច័ន្ទ។
ទោះយ៉ាងណា ក្រុមឧទ្ទាម បានប្តេជ្ញាថានឹងបណ្ដេញ«ខ្មាំងសត្រូវ»របស់ពួកគេចេញពីតំបន់ ហើយមានរបាយការណ៍នៃការប៉ះទង្គិចគ្នាជាបន្តបន្ទាប់ ខណៈដែលសម្ពាធបង្កើតជាអន្តរជាតិសម្រាប់ភាគីទាំងអស់នៅក្នុងជម្លោះដើម្បីដកថយ។
ការប្រយុទ្ធគ្នារវាងរណសិរ្សរំដោះប្រជាជនទីហ្វៀរ (TPLF)និងកងកម្លាំងរដ្ឋាភិបាល បានធ្វើឱ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយមនុស្សជាង ២ លាននាក់ត្រូវបានផ្លាស់ទីលំនៅ។
កាលពីថ្ងៃសុក្រទាហានអេត្យូពីជាច្រើនពាន់នាក់ ដែលត្រូវបានចាប់ខ្លួន ត្រូវបានដើរដង្ហែរតាមដងផ្លូវនៃរដ្ឋធានីក្នុងតំបន់ Tigelan Mekelle នេះបើយោងតាមកាសែត New York Times ។
កាលពីថ្ងៃសុក្រ ប្រធានផ្នែកជំនួយមនុស្សធម៌ស្តីទីរបស់អង្គការសហប្រជាជាតិ បានប្រាប់សមាជិក នៃក្រុមប្រឹក្សាសន្តិសុខនៅក្នុងកិច្ចប្រជុំមួយ នៅទីក្រុងញូវយ៉កថា«ស្ថានភាពនៅ Tigray បានអន់ថយយ៉ាងខ្លាំងនៅក្នុងសប្តាហ៍ថ្មីៗនេះ»។
លោក Ramesh Rajasingham បាននិយាយថា តំបន់នេះកំពុងជួបប្រទះនូវ« ស្ថានភាពទុរ្ភិក្សដ៏អាក្រក់បំផុតដែលយើងបានឃើញក្នុងទសវត្សកន្លងមក»។
លោកបានបន្ថែមថា«ប្រជាជនជិត ៥,២ លាននាក់នៅតែត្រូវការជំនួយមនុស្សធម៌ដែលភាគច្រើនជាស្ត្រីនិងកុមារ»។
រដ្ឋាភិបាលអេត្យូពីបានបដិសេធការចោទប្រកាន់ដែលថាខ្លួនកំពុងរារាំងជំនួយ បន្ទាប់ពីក្រុមឧទ្ទាម Tigrayan បានកាន់កាប់តំបន់ភាគខាងជើងជាច្រើននៅដើមសប្តាហ៍នេះ៕
ប្រភព៖ BBC ប្រែសម្រួល៖ នង ណារិន