អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា រដ្ឋធានីអូតាវ៉ា បានរៀបចំកម្លាំងយោធាដើម្បីបញ្ជូនយន្តហោះនិងជំនួយផ្សេងទៀត ដើម្បីជម្លៀសប្រជាជន និងប្រយុទ្ធនឹងភ្លើងឆេះព្រៃជាង១០០ នៅភាគខាងលិចប្រទេសកាណាដា ដោយរលកកម្ដៅ។
យោងតាមមន្រ្តីពន្លត់អគ្គីភ័យ យ៉ាងហោចណាស់មានអគ្គិភ័យចំនួន១៤៣កន្លែង កំពុងតែឆាបឆេះនៅរដ្ឋ British Columbia ដែលមានចំនួន៧៧កន្លែងបានកើតឡើងក្នុងរយៈពេលពីរថ្ងៃចុងក្រោយ ភាគច្រើនបណ្តាលមកពីរន្ទះបាញ់។
លោកនាយករដ្ឋមន្រ្តី ចាស្ទីន ទ្រូឌូវ បាននិយាយថា លោកនឹងកោះប្រជុំក្រុមឆ្លើយតបឧប្បត្តិហេតុនេះនៅពេលក្រោយ ដើម្បីដោះស្រាយតម្រូវការបន្ទាន់របស់រដ្ឋនេះ។ លោកបានប្រាប់សន្និសីទសារព័ត៌មានថា« យើងនឹងនៅទីនោះដើម្បីជួយ»។
រដ្ឋមន្រ្តីក្រសួងការពារជាតិលោក Harjit Sajjan បានប្រាប់ទូរទស្សន៍CBC ថា នោះនឹងរួមបញ្ចូលឧទ្ធម្ភាគចក្រយោធានិងយន្តហោះរបស់ក្រុមហ៊ុន Hercules ។ លោកបាននិយាយនៅក្នុងសារធ្វីធើរថា«កងកម្លាំងកាណាដា ត្រៀមខ្លួនគាំទ្រប្រជាជន»។
មនុស្សប្រហែល ១០០០ នាក់បានរត់ភៀសខ្លួនពីភ្លើងឆេះព្រៃនៅរដ្ឋ British Columbia ហើយអាជ្ញាធរកំពុងតាមស្វែងរកមនុស្សជាច្រើននាក់ដែលបានបាត់ខ្លួន។
ទីក្រុងLytton មានចម្ងាយ២៥០ គីឡូម៉ែត្រភាគខាងជើងនៃទីក្រុង Vancouver ត្រូវបានជម្លៀសចេញកាលពីយប់ថ្ងៃពុធ ដោយសារភ្លើងបានឆាបឆេះភ្លាមៗនិងរាលដាលយ៉ាងឆាប់រហ័ស។ អគ្គិភ័យនេះបានកើតឡើងមួយថ្ងៃបន្ទាប់ពីទីក្រុងនេះមានសីតុណ្ហភាពខ្ពស់បំផុតកាលពីថ្ងៃអង្គារគឺ៤៩,៦អង្សាសេ។
អ្នកស្លាប់ត្រូវបានគេរាយការណ៍ថានៅខេត្តភាគខាងលិចប្រទេសកាណាដា ប៉ុន្តែចំនួនអ្នកស្លាប់មិនទាន់ ត្រូវបានគេរាប់បញ្ចូលនៅឡើយនោះទេ ខណៈសមាជិកនៃសេវាកម្មតម្រួត British Columbia បានឲ្យដឹងថាកម្តៅ បានឡើងទៅដល់ចំណុចក្តៅខ្លាំងកាលពីថ្ងៃសុក្រ។
ទន្ទឹមនឹងនេះរលកកម្តៅ ដែលបានលាតសន្ធឹងនៅដើមសប្តាហ៍ពីរដ្ឋអូរីហ្គោន(Oregon)ទៅកាន់ដែនដីតំបន់អាក់ទិក របស់កាណាដា បានចាប់ផ្តើមរំកិលឆ្ពោះទៅទិសខាងកើត ហើយនៅចុងថ្ងៃព្រហស្បតិ៍ប៉ះផ្នែកខ្លះនៃរដ្ឋ Ontario នៅកណ្តាលប្រទេសកាណាដា។
រដ្ឋ British Columbia ក៏បានព្រមានកាលពីថ្ងៃសុក្រ ពីការជន់លិចដោយទឹកកកដែលរលាយនៅលើភ្នំនិងផ្ទាំងទឹកកកនៅក្រោមលំហកម្តៅ ដែលកើតឡើងនៅពេលដែលខ្យល់ក្តៅត្រូវបានជាប់ដោយសម្ពាធខ្ពស់កម្តៅដី៕
ប្រភព៖ Channel News Asia ប្រែសម្រួល៖ នង ណារិន