មានមនុស្សស្លា.ប់ និងរបួសជាច្រើននាក់ ក្នុងហេតុការណ៍ផ្ទុះរោងចក្រគីមី ផ្អើលជាយក្រុងបាងកករបស់ថៃ
អន្តរជាតិ
177

អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅល្ងាចថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា ហេតុការណ៍ផ្ទុះធំមួយបានកើតឡើង នៅរោងចក្រគីមីមួយកន្លែង ក្បែររាជធានីបាងកករបស់ប្រទេសថៃ នាថ្ងៃចន្ទនេះ ដែលបានបង្កឲ្យមនុស្សម្នាក់បាត់បង់ជីវិត និងប្រហែលជិត៣០នាក់រងរបួស ហើយអ្នកដែលរស់នៅជុំវិញតំបន់នោះ តម្រូវឲ្យជម្លៀសខ្លួនចេញ។

ការផ្ទុះឆេះបានកើតឡើង កាលពីវេលាម៉ោងខ្ទង់៣ទាបភ្លឺ នៅឯរោងចក្រគីមីមួយកន្លែងឈ្មោះថា មីងឌី (Ming Dih) ស្ថិតក្នុងស្រុកបាងភ្លី (Bang Phli) នៃខេត្តសាមុតប្រាខាន (Samut Prakan) ជាប់ភាគអាគ្នេយ៍ទីក្រុងបាងកក ហើយនៅក្បែរនឹងអាកាសយានដ្ឋានសុវណ្ណភូមិ។ បន្ទុះកក្រើកនោះក៏បានបង្កជាអគ្គីភ័យ ហើយបណ្តាលឲ្យមានការខូចខាតធ្ងន់ធ្ងរ នៅរោងចក្រកើតហេតុផ្ទាល់ ព្រមទាំងចំពោះអគារនិងលំនៅឋានដទៃទៀត ដែលនៅកៀកនឹងរោងចក្រ។

គួរបញ្ជាក់ថា បើតាមអាជ្ញាធរថៃ មនុស្ស២៩នាក់បានរងរបួស និងម្នាក់បានស្លាប់ ក្នុងហេតុការណ៍ខាងលើ។ ជាមួយគ្នានេះ អ្នករស់នៅក្នុងចម្ងាយ៥គីឡូម៉ែត្រ ពីរោងចក្រកើតហេតុ ក៏ត្រូវបានបង្គាប់ឲ្យជម្លៀសខ្លួនចេញជាបណ្តោះអាសន្ន ដើម្បីសុវត្ថិភាពផងដែរ៕

ប្រភព៖  Bangkok Post ប្រែសម្រួល៖ នង ណារិន

Telegram