អន្តរជាតិ៖ សារព័ត៌មាន Bangkok Post បានចេញផ្សាយនៅថ្ងៃត្រង់ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា អគ្គិភ័យបានឆាបឆេះរោងចក្រផ្លាស្ទិចមួយនៅក្នុងស្រុកបាងភ្លី ចាប់តាំងពីព្រឹកថ្ងៃច័ន្ទមកនោះ
ក្រុមអ្នកជួយសង្គ្រោះបាននិយាយនៅថ្ងៃអង្គារនេះថា អគ្គិភ័យ ត្រូវបានប្រកាសថាស្ថិតក្រោមការគ្រប់គ្រងបានដោយជោគជ័យ នៅម៉ោងប្រមាណ៥ព្រឹក បន្ទាប់ពីការផ្ទុះដ៏ធំមួយបានចាប់ផ្តើមឆាបឆេះ ខណៈដែលអណ្តាតភ្លើងបានបន្តផ្ទុះឡើងជាបន្តបន្ទាប់។
អ្នកពន្លត់អគ្គិភ័យម្នាក់ត្រូវបានឆាបឆេះដោយអណ្តាតភ្លើងចេញពីកន្លែងស្តុកសារធាតុគីមីហើយបានស្លាប់។ ការផ្ទុះនិងអគ្គិភ័យនេះក៏បានធ្វើឱ្យខូចខាតផ្ទះចំនួន៧៣ និងរថយន្តចំនួន ១៥ នៅក្នុងសហគមន៍ជុំវិញនោះផងដែរ។
អ្នកស្រុកប្រហែល១.៩០០នាក់ ក្នុងចម្ងាយ៥គីឡូម៉ែត្រ ត្រូវបានជម្លៀសចេញកាលពីថ្ងៃច័ន្ទទៅកាន់ជម្រកបណ្តោះអាសន្នចំនួន ៨ ។ ពួកគេត្រូវបានគេព្រមានថាផ្សែងដែលហ៊ុយ មានជាតិពុល។ នៅព្រឹកថ្ងៃអង្គារនេះ ក្រុមមន្រ្តីបាននិយាយថា វានៅតែមិនមានសុវត្ថិភាពសម្រាប់ពួកគេក្នុងការវិលត្រឡប់ទៅផ្ទះវិញ។
អនុរដ្ឋមន្រ្តីក្រសួងកសិកម្មនិងសហករណ៍ លោក Thamanat Prompow និងអភិបាលខេត្ត Samut Prakan លោក Wanchai Kongkasem បានចុះពិនិត្យកន្លែងឆេះភ្លាមៗមុនពេលពាក់កណ្តាលអធ្រាត្រ។
ពួកគេបានប្រាប់អ្នកយកព័ត៌មានថា អគ្គិភ័យនេះស្ថិតនៅក្រោមការគ្រប់គ្រង បន្ទាប់ពីអ្នកបច្ចេកទេសជំនាញបិទសន្ទះអាងស្តុកជាតិគីមី ដែលនៅសេសសល់ចំនួន៣នៅក្នុងរោងចក្រ។
ទោះយ៉ាងណាប្រហែលកន្លះម៉ោងបន្ទាប់ពីពាក់កណ្តាលអធ្រាត្រភ្លើងឆាបឆេះបានផ្ទុះឡើងម្តងទៀត៕