មន្រ្តីជាន់ខ្ពស់ក្រសួងការបរទេស៖ ស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ បាននិងកំពុងស្រាវជ្រាវហើយ ថាតើការសាងសង់ប្រាសាទនៅក្នុងខេត្តបុរីរ៉ាំ យកតាមលំនាំប្រាសាទអង្គរវត្តឬទេ?
ព័ត៌មានជាតិ
209

រាជធានីភ្នំពេញ ៖ ថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម កុយ គួង រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ថា នៅពេលនេះស្ថានទូតក៏ដូចជាអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ បានចាប់ផ្តើមស្រាវជ្រាវករណី ដែលមានការលើកឡើងអំពីការសាងសង់ប្រាសាទមួយដែលចម្លងរចនាបថប្រាសាទអង្គរវត្តរបស់កម្ពុជា នៅខេត្តបុរីរ៉ាំ ដោយធ្វើការសហការជាមួយនឹងភាគីថៃ។

ឯកឧត្តមអ្នកនាំពាក្យ បានគូសបញ្ជាក់បន្ថែមថា ៖ “ចំពោះរឿងនេះ យើងត្រូវសិក្សាឱ្យបានច្បាស់លាស់ជាមុនសិន ព្រោះថាប្រាសាទនៅប្រទេសថៃមួយចំនួន មានរូបរាងស្រដៀងនឹងប្រាសាទអង្គរវត្តរបស់យើងដែរ ដូចជាប្រាសាទភ្នំរូង នៅខេត្តបុរីរ៉ាំជាដើម ដូច្នេះស្ថានទូត និងអគ្គកុងស៊ុលកម្ពុជា ប្រចាំប្រទេសថៃ ត្រូវតែសិក្សាស្រាវជ្រាវករណីនេះសិន ហើយយើងក៏មិនអាចប្រតិកម្មបានភ្លាមៗនោះដែរ ព្រោះយើងពុំទាន់ដឹងថាការសាងសង់នោះ យកតាមលំនាំ រចនាបទ ដូចប្រាសាទអង្គរវត្តយើងឬទេ?”។

ឯកឧត្តម បានបញ្ជាក់បន្ថែមថា ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា នឹងបន្តតាមដានករណីនេះឱ្យបានដិតដល់បំផុតផងដែរ។​ ពាក់ព័ន្ធនឹងករណីនេះផងដែរ ឯកឧត្តម ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានថ្លែងបញ្ជាក់ប្រាប់ AKP ផងដែរថា ក្រសួងវប្បធម៌ និងអាជ្ញាធរជាតិអប្សរា កំពុងតាមដាន និងស្រាវជ្រាវករណីនេះហើយ ជាពិសេសគឺអាជ្ញាធរជាតិអប្សរាតែម្តង ពាក់ព័ន្ធនឹងរចនាបទ និងប្លង់ប្រាសាទនេះជាដើម។

ឯកឧត្តមអ្នកនាំពាក្យក្រសួងវប្បធម៌ បានបញ្ជាក់បន្ថែមទៀតថា ៖ “យើងស្រាវជ្រាវសិន ហើយបើតាមខ្ញុំដឹង គឺកុងស៊ុលយើងប្រចាំនៅថែ ទៅដល់ទីតាំងនោះហើយនៅរសៀលថ្ងៃនេះ ដូច្នេះយើងកំពុងរងចាំព័ត៌មានពីកុងស៊ុលយើង ថាតើប្រាសាទនោះគ្រោងសាងសង់ដូចប្រាសាទអង្គរវត្ត? សាងសង់បានប៉ុន្មានភាគរយហើយ?។ល។។ អ្វីដែលសំខាន់គឺយើងប្រមូលព័ត៌មានឱ្យគ្រប់ជ្រុងជ្រោយសិន”។

ចំពោះករណីដែលប្រាសាទនោះយកលំនាំតាមប្រាសាទអង្គរវត្តវិញ ឯកឧត្តម បានឱ្យដឹងថា គឺកម្ពុជានឹងធ្វើតាមបែបបទប្រព័ន្ធការទូត ដូចដែលកម្ពុជាធ្លាប់ធ្វើកន្លងមក តាមរយៈលិខិតទៅក្រសួងការបរទេសថៃ។

សូមបញ្ជាក់ថា កាលពីម្សិលមិញ មានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានក្នុងស្រុក ក៏ដូចជាការលើកឡើងនៅក្នុងបណ្តាញសង្គមថា ប្រាសាទមានរូបរាងដូចប្រាសាទអង្គរវត្តរបស់កម្ពុជាកំពុងសាងសង់នៅទឹកដីថៃ ក្នុងខេត្តបុរីរ៉ាំ ដែលជាប់ជាមួយនឹងខេត្តឧត្តរមានជ័យរបស់កម្ពុជា៕ ប្រភព៖ AKP 


​ 

Telegram