រាជធានីភ្នំពេញ ៖ ក្រសួងសុខាភិបាលអំពាវនាវឱ្យគ្រប់ម្ចាស់អាជីវកម្ម ទាំងអស់ អាចប្រើប្រាស់តេស្តរហ័សលើអតិថិជនរបស់ខ្លួនក្នុងករណីសង្ស័យថាមានជំងឺកូវីដ១៩ ដើម្បីស្វែងរកអ្នកវិជ្ជមានកូវីដ- ១៩ ឱ្យបានលឿន កាត់បន្ថយការចម្លងទៅអ្នកផ្សេងទៀត ។
លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានមានប្រសាសន៍ថា បើតាមស្ថានភាពនៃជំងឺកូវីដ-១៩នៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ននេះ យើងសង្កេតឃើញថា ចំនួនករណីឆ្លងមានការកើនឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហេតុនេះទើប រាជរដ្ឋាភិបាលបើកឱ្យប្រើប្រាស់តេស្តរហ័ស ដើម្បីងាយស្រួលពិនិត្យរកអ្នកវិជ្ជមានកូវីដដ១៩បានលឿន និងអាចកាត់បន្ថយនូវអត្រានៃការឆ្លងជំងឺដ៏កាចសាហាវនេះ ។
លោកជំទាវបានបន្តថា នៅក្នុងកាលៈទេសៈនេះ គឺប្រជាពលរដ្ឋនៅតែមានឱកាសនៅឡើយ ប្រសិនបើបុគ្គលគ្រប់រូបចាប់ផ្តើមធ្វើសកម្មភាពរួមគ្នា ដោយយកចិត្តទុកដាក់ទៅលើវិធានការការពារ ដើម្បីកុំឱ្យជំងឺកូវីដ១៩នេះឆ្លងចូលទៅក្នុងសរីរាង្គកាយរបស់ខ្លួន ហើយនាំយកមេរោគ នេះទៅចម្លងដល់ក្រុមគ្រួសារ បន្តទៀត ។
« ឥឡូវសម្ដេចតេជោនាយករដ្ឋមន្ត្រីលោកបានអនុញ្ញាតឱ្យប្រើតេស្តរហ័ស អ៊ីចឹងការប្រើតេស្តរហ័សនេះជាមធ្យោបាយមួយដើម្បីស្វែងរកឱ្យបានរហ័សដើម្បីស្វែងរកអ្នកដែលមានវិជ្ជាមានកូវិដ១៩ ហើយយកគាត់ទៅព្យាបាល ហើយការពារកុំឲ្យគាត់ចម្លងទៅអ្នកដទៃ ឬមួយបើយើងឃើញគាត់វិជ្ជមានកុំឱ្យគាត់ចូលទៅក្នុងទីតាំងនោះដែលវាជាមូលហេតុមួយចម្លងទៅអ្នក ដទៃក្នុងទីតាំងនោះ ខ្ញុំសូមរំឭក ទេគ្រប់ម្ចាស់ទីតាំងតើមានប្រកបរបររកស៊ីឬក៏ទីតាំងធ្វើអីក៏ដោយ ត្រូវគិតឱ្យបានច្បាស់មុននឹងបើកដំណើរការនូវទីតាំងរបស់ខ្លួន ដោយយើងចាត់ចែងឱ្យមានការធានាការពារក្នុងទីកន្លែងរបស់យើងឱ្យបានត្រឹមត្រូវហើយ ជាពិសេសទៀតការត្រួតពិនិត្យនូវអតិថិជនរបស់ខ្លួនបើមានភាពចាំបាច់ » ។
លោកជំទាវក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមប្រយុទ្ធប្រឆាំងបង្ការទប់ស្កាត់ និងការពារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល និងចូលរួមគោរពអនុវត្តនូវវិធានចាំបាច់នានារបស់រាជរដ្ឋាភិបាល ជាពិសេសត្រូវរួមគ្នាអនុវត្តឱ្យបានម៉ឺងម៉ាត់នូវវិធានការការពាររបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺ ៣កុំ និង៣ការពារ ។
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាលប្រកាសថា មានករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ៩៣៥នាក់ មានឣ្នកជាសះស្បើយ ចំនួន ៦៥៤នាក់ និងមានករណីស្លាប់ដោយសារជំងឺកូវីដ-១៩ចំនួន ៣១នាក់ ៕ប្រភពក្រសួងព័ត័មាន