រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបង្ហាញលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១នេះ
ព័ត៌មានជាតិ
151

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននៅទូទាំងប្រទេសក្នុងខែមិថុនា ឆ្នាំ២០២១ និងអំពីកិច្ចខិតខំប្រឹងប្រែងក្នុងកិច្ចប្រតិបត្តិការរបស់កងកម្លាំងប្រដាប់អាវុធ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានដែលបានចូលប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀននេះ ។

លេីផេកផ្លូវការរបស់សម្តេចក្រឡាហោមកាលពីថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០២១ សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា តាមរយៈលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងអនុវត្តន៍ច្បាប់ បានបង្ហាញឱ្យឃើញថា មានសកម្មភាព ចរាចរណ៍ ជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅតែបន្តកើតមានឡើងក្នុងភូមិសាស្ត្ររាជធានី ខេត្ត គឺក្នុងខែមិថុនានេះ យើងបង្ក្រាបបាន បទល្មើសគ្រឿងញៀនសរុប ៣៧៧ករណី (ធៀបនឹងខែឧសភា ឆ្នាំ២០២១ មាន ៤២៣ករណី) ថយចុះ ៤៦ករណី ស្មើនឹង ១០៨ភាគរយ ក្នុងនោះ ករណីជួញដូរ រក្សាទុក ២៨១ករណី, ករណីប្រើប្រាស់ ៨៧ករណី, ករណីសំយោគ កែច្នៃ ០២ករណី, ករណីដាំដុះ ០៧ករណី ។

សម្តេច ក្រឡាហោមបានបន្តថា ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចនគរបាលចំនួន ៣៥៤ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន ៧៦១នាក់ (ស្រី ៥៣នាក់) និង ករណីគ្រឿងញៀនបង្ក្រាបដោយ សមត្ថកិច្ចកងរាជអាវុធហត្ថចំនួន ២៣ករណី ឃាត់ខ្លួនជន សង្ស័យចំនួន ៤៦នាក់ (ស្រី ០៣នាក់) ។ ឃាត់ខ្លួនជនសង្ស័យសរុប មាន ៨០៧នាក់ ស្រី ៥៦នាក់ (ធៀបខែឧសភា ឆ្នាំ២០២១ មាន ៩១៤នាក់) ថយចុះ ១០៧នាក់ ស្មើនឹង ១១៧ភាគរយ ក្នុងនោះ ជនសង្ស័យក្នុងករណីជួញដូរ រក្សាទុក ជនសង្ស័យក្នុងករណីប្រើប្រាស់គ្រឿងញៀន ៥៨៤នាក់ (ស្រី ៣៩នាក់) ២១៤នាក់ (ស្រី ១៧នាក់) ជនសង្ស័យក្នុងករណីសំយោគ កែច្នៃ ០៩នាក់ ។

ក្រៅពីលទ្ធផលកិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនជាក់ស្តែងខាងលើនេះ អាជ្ញាធរមានសមត្ថកិច្ចគ្រប់ផ្នែក និងគ្រប់ជាន់ថ្នាក់ក៏បានខិតខំធ្វើសកម្មភាពក្នុងផ្នែកផ្សេងៗទៀតដូចជាការងារអប់រំផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ និងបដិសេធគ្រឿងញៀន តាមសហគមន៍ តាមបណ្តាញសារព័ត៌មាន និងបណ្តាញសង្គម ដែលមានអ្នកចូលរួមអាន និងស្តាប់រាប់លាននាក់ ។ ជាមួយគ្នានេះក៏មានសកម្មភាពកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនដូចជាការព្យាបាល ការស្តារនីតិសម្បទា និងបណ្តុះបណ្តាលវិជ្ជាជីវៈជាដើម ។ ក្រៅពីនោះយើងក៏បានបង្កើនការងារសហប្រតិបត្តិការជាមួយប្រទេសជិតខាង ប្រទេសនៅក្នុងតំបន់ និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ ។

ផ្អែកតាមលទ្ធផលនៃកិច្ចប្រតិបត្តិការប្រយុទ្ធប្រឆាំងគ្រឿងញៀននាខែមិថុនានេះ សម្តេចក្រឡាហោមសូមសម្តែងការកោតសរសើរចំពោះសកម្មភាពប្រតិបត្តិការរបស់កម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ដែលបានយកចិត្តទុកដាក់អនុវត្តន៍សកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន និងបានរួមចំណែកដើម្បី ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ការពារសុខុមាលភាពសង្គម ។

ក្នុងនាមជាប្រធានផែនការយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល សម្តេចក្រឡាហោមសូមអំពាវនាវចំពោះកម្លាំងអនុវត្តន៍ច្បាប់ទាំងអស់ និងប្រជាពលរដ្ឋយើងទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាពបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀន ដើម្បីឱ្យប្រទេសជាតិយើងអាចកាត់បន្ថយគ្រោះថ្នាក់ដោយគ្រឿងញៀន នឹងឈានទៅគ្មានគ្រឿងញៀន៕ ប្រភព៖ AKP


Telegram