អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ជិត១ពាន់នាក់ហើយ និងមានអ្នកជាសះជាជាច្រើនរយនាក់ហើយដែរ
ព័ត៌មានជាតិ
223

រាជធានីភ្នំពេញ ៖ អ្នកជំងឺព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ គិតមកដល់ម៉ោងនេះបានកើនឡើងដល់ចំនួនជិត១ពាន់នាក់ហើយ ហើយក្នុងចំនួននេះ ក៏មានអ្នកសះជាពីជម្ងឺនេះជាច្រើនរយនាក់ផងដែរ ក្រោមការយកចិត្តទុកដាក់ពីក្រុមគ្រូពេទ្យនិងអាជ្ញាធរ ទៅតាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងលើកទឹកចិត្តអោយមានការព្យាបាលជម្ងឺកូវីដ-១៩នៅតាមផ្ទះ ខណៈដែលជម្ងឺនេះពីមួយថ្ងៃទៅមួយថ្ងៃមិនមានការថមថយសោះ។

នេះបើតាមការបង្ហាញឱ្យដឹងក្នុងកិច្ចប្រជុំមួយ

តាមរយៈ Video Conference ជាមួយលោក ស្នងការការនគរបាលរាជធានី លោកមេបញ្ជាការកងរាជអាវុធហត្ថរាជធានី អាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៩ កក្កដា ២០២១នៅសាលារាជធានីភ្នំពេញ ។

លោកងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា គិតមកដល់ម៉ោងនេះ អ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ

បានកើនឡើងដល់ចំនួន៩១៥នាក់ហើយ ហើយក្នុងចំនួននេះ មានអ្នកសះជាពីជម្ងឺនេះ ចំនួន២៦៨នាក់ និងមានអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់។ លោកបញ្ជាក់ថា ការកើនឡើងនូវចំនួនអ្នកព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះនៅប៉ុន្មានថ្ងៃនេះ ដោយសារតែយើងបានលើកទឹកចិត្តអោយពួកគាត់បានព្យាបាលជំងឺកូវីដ-១៩នៅតាមផ្ទះ ។

លោកបន្តថា ចំពោះអ្នកជម្ងឺដែលមាននឹងកំពុងព្យាបាលនៅតាមមណ្ឌល ពួកគាត់អាចសុំការអនុញ្ញាតិ សូមប្តូរទៅព្យាបាលនៅតាមផ្ទះវិញបាន តែត្រូវមានកិច្ចសន្យាមួយ ជាមួយក្រុមការងារដោយភ្ជាប់នូវ លក្ខខ័ណ្ឌច្បាប់មួយចំនួន ហើយយើងជាអ្នករាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ដើម្បីគ្រប់គ្រង មើលខុសត្រូវពួកគាត់។

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍លើកឡើងថា បងប្អូនប្រជាពលរដ្ឋ ក្រោយការពិនិត្យធ្វើតេស្តទៅឃើញវិជ្ជមានកូវីដ-១៩ ក្នុងនាមជាអាជ្ញាធរនិងក្រុមគ្រូពេទ្យ ត្រូវសួរនាំពួកគាត់ថាតើមានលទ្ធភាពទៅព្យាបាលនៅតាមផ្ទះទេ បើមាន យើងត្រូវជូនពួកគាត់មកផ្ទះខ្លាចពួកគាត់ទៅណា ផ្តេសផ្តាសមុនចូលផ្ទះ។ នៅផ្ទះទៀតសោធន៍ ទោះបីផ្ទះនោះ ជាផ្ទះអ្នកណាក៏ដោយត្រូវតែដាក់ស្លាកសញ្ញា( ឡាហ្គោ )ដែលចេញដោយសាលារាជធានីភ្នំពេញ ដើម្បីឱ្យប្រជាពលរដ្ឋផ្សេងទៀតបានដឹងមិងចេះប្រយ័ត្នខ្លួន។ ចំពោះសំរាមនៅផ្ទះអ្នកព្យាបាលជម្ងឺកូវីដ-១៩ មិនអនុញ្ញាតអោយយកចេញរាល់ថ្ងៃទេ គឺត្រូវទុករយៈពេល៧២ម៉ោងទើបអោយយកចេញមកក្រៅម្តង ព្រោះខ្លាចរីករាលដាលជម្ងឺកូវិដ-១៩។

លោក ឃួង ស្រេង បានបញ្ជាទៅអាជ្ញាធរខណ្ឌទាំង១៤ត្រូវតែយកចិត្តទុកដាក់ខ្ពស់ ចំណោះការងារព្យាបាលនៅតាមផ្ទះនេះ ដោយ អាយុជីវិតនិងជោគវាសនាពួកគាត់ត្រូវពឹងពាក់មកលើយើងហើយ។

លោកឃួង ស្រេង យល់ឃើញថា ការព្យាបាលតាមផ្ទះនេះ ពិតជាទទួលបានបានេះជោគជ័យ ដោយសារតែប្រជាពលរដ្ឋ ចូលរួមសហការនិងគាំទ្រយ៉ាងពេញទំហឹងចំពោះការងារនៃការព្យាបាលតាមផ្ទះនេះ។

គួរបញ្ជាក់ថា ការរៀបចំអោយមានការព្យាបាលអ្នកជំងឺកូវីដ-១៩តាមផ្ទះនេះ ធ្វើឡើងស្របតាមអនុសាសន៏ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហានទៅមុខរួចហើយ ដោយមកដល់ពេលនេះមានអ្នកជំងឺកូវីដ-១៩ចំនួន៩១៥នាក់ហើយបានព្យាបាលនៅតាមផ្ទះនិង មានអ្នកសះជាចំនួន២៦៨នាក់ និងអ្នកកំពុងព្យាបាលចំនួន៦៤៧នាក់ ស្រីចំនួន៣១៧នាក់៕


Telegram