មេដឹកនាំប្រទេសចិននិងកូរ៉េខាងជើង សន្យាធ្វើកិច្ចសហប្រតិបត្តិការ ដើម្បីប្រឈមមុខនឹងការឈ្លានពានរបស់បរទេស
អន្តរជាតិ
87

អន្តរជាតិ៖ សារព័ត៌មាន Aljazeera បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មេដឹកនាំកូរ៉េខាងជើងនិងចិន បានផ្លាស់ប្តូរសារគ្នាដោយសន្យាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងខួប​៦០ ឆ្នាំនៃការចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពសហប្រតិបត្តិការនិងជំនួយទៅវិញទៅមក។

នៅក្នុងសារមួយទៅកាន់ប្រធានាធិបតីចិនលោក ស៊ី ជិនពីង កាលពីថ្ងៃអាទិត្យ មេដឹកនាំកូរ៉េខាងជើងលោក គីម ជុង អ៊ុន បាននិយាយថាទំនាក់ទំនងរបស់ពួកគេគឺមានសារៈសំខាន់ក្នុងការប្រឈមមុខនឹងកម្លាំងបរទេសដែលមានអរិភាព ខណៈដែលលោកស៊ីបានសន្យាថានឹងនាំកិច្ចសហប្រតិបត្តិការទៅដំណាក់កាលថ្មីមួយ។

ប្រទេសចិនគឺជាសម្ព័ន្ធមិត្តដ៏សំខាន់តែមួយគត់របស់កូរ៉េខាងជើង ចាប់តាំងពីពេលដែលភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញានេះក្នុងឆ្នាំ​១៩៦១ ហើយទណ្ឌកម្មអន្តរជាតិដែលបានដាក់លើអាវុធនុយក្លេអ៊ែរនិងកម្មវិធីមីស៊ីលផ្លោង បានធ្វើឱ្យប្រទេសនេះពឹងផ្អែកកាន់តែខ្លាំងឡើងជាងមុន លើទីក្រុងប៉េកាំង សម្រាប់ពាណិជ្ជកម្មនិងការគាំទ្រផ្សេងទៀត។

កតិកាសញ្ញាមិត្តភាពអំពាវនាវឱ្យប្រទេសទាំងពីរជួយគ្នាទៅវិញទៅមកប្រសិនបើភាគីណាមួយរងការវាយប្រហារ។

ដោយប្រើឈ្មោះដើមសម្រាប់ឈ្មោះផ្លូវការរបស់កូរ៉េខាងជើងលោកគីមបាននិយាយនៅក្នុងសាររបស់លោកថា៖ «ទោះបីស្ថានភាពអន្តរជាតិស្មុគស្មាញមិនធ្លាប់មានក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការជឿទុកចិត្តគ្នានិងមិត្តភាពសកម្មប្រយុទ្ធរវាងកូរ៉េខាងជើងនិងចិន កាន់តែរឹងមាំពីមួយថ្ងៃទៅមួយថ្ងៃ​»​។

លោកគីមបាននិយាយថា សន្ធិសញ្ញានេះ កំពុងការពារសង្គមនិយមនិងសន្តិភាពនៅក្នុងទ្វីបអាស៊ី«ឥឡូវនេះកងកម្លាំងអរិភាពកាន់តែអស់សង្ឃឹម ក្នុងការប្រជែងនិងចលនារារាំងរបស់ពួកគេ»។

សន្ធិសញ្ញាចិន​-​កូរ៉េខាងជើង មានសុពលភាព​២០​ឆ្នាំ ហើយត្រូវបានបន្តជាថ្មីនៅឆ្នាំ​១៩៨១ និង ២០០១​។

គេហទំព័រ NK News ជាគេហទំព័រមួយដែលឃ្លាំមើលប្រទេសកូរ៉េខាងជើង បាននិយាយថាខ្លួនរំពឹងថាលោកស៊ីនិងលោកគីមនឹងបន្តសន្ធិសញ្ញារយៈពេល ២០ ឆ្នាំទៀត។

ការផ្លាស់ប្តូរសាររបស់លោកស៊ីនិងលោកគីម គឺជាសញ្ញាចុងក្រោយនៃទំនាក់ទំនងជាថ្មីរវាងប្រទេសជិតខាង ដែលក្រុមអ្នកវិភាគនិយាយថាគឺផ្តោតលើសហរដ្ឋអាមេរិក ចំពេលកិច្ចចរចានុយក្លេអ៊ែរដែលនៅជាប់គាំងរវាងទីក្រុងព្យុងយ៉ាងនិងទីក្រុងវ៉ាស៊ីនតោន និងភាពតានតឹងកាន់តែខ្លាំងឡើងរវាងសហរដ្ឋអាមេរិកនិងទីក្រុងប៉េកាំង៕

ប្រភព៖  Aljazeera ប្រែសម្រួល៖ នង​ ណារិន

Telegram