ញាក់សាច់! ក្រោយព្រមានជប៉ុនថាកំពុងជីកផ្នូរកប់ខ្លួនឯង ពេលនេះចិនកំពុងអភិវឌ្ឍយានAIក្រោមទឹកដែលអាចលាក់ខ្លួនក្នុងសមុទ្រនិងបាញ់មីស៊ីលដាក់នាវាសត្រូវ ដោយមិនចាំបាច់មនុស្សបញ្ជា ​
អន្តរជាតិ
122

អន្តរជាតិ៖ ប្រទេសចិន កំពុងអភិវឌ្ឍមនុស្សយន្ត AI ក្រោមទឹក ដែលអាចលាក់ខ្លួននៅក្នុងសមុទ្រ និងវាយប្រហារនាវាសត្រូវជាមួយមីស៊ីស ដោយ មិនចាំបាច់មានការបញ្ជាពីមនុស្ស។

សារព័ត៌មាន Dailymail បានចេញផ្សាយនៅថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា យានក្រោមទឹកគ្មានមនុស្សបើក (UUVs)ត្រូវបានបង្កើតឡើងក្នុងការពិសោធន៍ជាងមួយទសវត្សរ៍មុន ហើយទទួលបានដោយជោគជ័យក្នុងការប្រើប្រាស់ ការសាកល្បងប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីស្វែងរកនាវាមុជទឹក និងវាយប្រហារវាដោយមីស៊ីល។

ការពិសោធន៍ដែលបានធ្វើឡើងនៅ ច្រកសមុទ្រ តៃវ៉ាន់ បានឃើញ ប្រភេទ UUV ត្រូវបានដាក់ពង្រាយនៅក្រោមផ្ទៃទឹកជម្រៅ៣០ ហ្វ៊ីត ។ វាអាចកំណត់ទីតាំងរបស់នាវាមុជទឹក ផ្លាស់ប្តូរទិសដៅគូសរង្វង់គោលដៅ ហើយបន្ទាប់មកបានបាញ់មីស៊ីស ។

UUV បានប្រើឧបករណ៍ចាប់សញ្ញា sonar និង onboard ដើម្បីប្រមូលយកទិន្នន័យដែលត្រូវបានវិភាគដោយកុំព្យូទ័រ ដើម្បីជួយឲ្យវាបំពេញការងារប្រកបដោយជោគជ័យ។ ការពិសោធន៍ត្រូវបានពិពណ៌នា នៅក្នុងឯកសារសរសេរដោយអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យវិស្វកម្ម ហាប៊ីន ក្នុងឆ្នាំ ២០១០ និងត្រូវបានប្រកាសជាសាធារណៈកាលពីសប្តាហ៍មុន។

អ្នកវិទ្យាសាស្រ្តដឹកនាំដោយសាស្ត្រាចារ្យ លៀង ហ្គូឡុង(Liang Guolong)សរសេរថា «សេចក្តីត្រូវការនៃសង្គ្រាមក្រោមទឹកនាពេលអនាគត នាំមកនូវឱកាសអភិវឌ្ឍន៍ថ្មីសម្រាប់យានគ្មានមនុស្សបើក» ។ លោកបានបន្ថែមទៀតថា UUV ដែលបានអភិវឌ្ឍតាំងពីឆ្នាំ ២០១០ អាចត្រូវបានរៀបចំឡើងដើម្បីប្រតិបត្តិការជាក្រុមនិងធ្វើការវាយប្រហារលើគោលដៅតែមួយ។

ប្រទេសចិនបានធ្វើតេស្តសាកល្បងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាដែនទឹកមានជម្លោះដែលទីក្រុងប៉េកាំងអះអាងថា ជាកោះរបស់ខ្លួន។ ការប្រកាសនេះធ្វើឡើង បន្ទាប់ពីប្រទេសចិន បានព្រមានជប៉ុន ប្រឆាំងនឹងការផ្តល់ការចូលរួមជាមួយយោធាអាមេរិក ដើម្បីការពារកោះតៃវ៉ាន់។ ទីក្រុងប៉េកាំងបានព្រមានថា ប្រទេសជប៉ុន កំពុងជីកផ្នូរកប់ខ្លួនឯង ដោយសារតែការអះអាង ការពារកោះតៃវ៉ាន់ រួមជាមួយសហរដ្ឋអាមេរិក។

យោងតាមការដកស្រង់អត្ថបទរបស់កាសែត Global Times បានបង្ហាញថា ប្រទេសនេះគ្មានអំណាចប្រឆាំងនឹងយោធាចិននោះទេ ហើយនឹងមិនដែលប្រយុទ្ធដើម្បីកោះតៃវ៉ាន់ ដោយគ្មានការគាំទ្រពីសហរដ្ឋអាមេរិកបានដែរ។

អត្ថបទនោះបានបន្ថែមការអះអាងថា ជប៉ុននឹងក្លាយជាគោលដៅស្របច្បាប់ ហើយប្រឈមនឹងការសងសឹកប្រសិនបើយោធារបស់ខ្លួនឆ្លងកាត់«ខ្សែបន្ទាត់ក្រហម» របស់ចិន។

ទីភ្នាក់ងារសារព័ត៌មានក្យូដូបានរាយការណ៍ថា ឧបនាយករដ្ឋមន្ត្រីជប៉ុនលោក Taro Aso បាននិយាយកាលពីថ្ងៃចន្ទថា ព្រឹត្តិការណ៍បែបនេះនៅកោះតៃវ៉ាន់ អាចបង្កជាការគំរាមកំហែងដល់ទីក្រុងអូគីណាវ៉ា របស់ប្រទេសជប៉ុន។

លោកនិយាយថា«ប្រសិនបើបញ្ហាធំមួយបានកើតឡើងនៅក្នុងកោះតៃវ៉ាន់ វាអាចទាក់ទងនឹងស្ថានភាពគំរាមកំហែងដល់ការរស់រានមានជីវិតសម្រាប់ប្រទេស ជប៉ុន។ យើងត្រូវគិតឲ្យបានច្បាស់ថា កោះអូគីណាវ៉ា អាចជាគោលដៅបន្ទាប់»៕

ប្រភព៖ Dailymail ប្រែសម្រួល៖ នង ណារិន

Telegram