រាជធានីភ្នំពេញ ៖ ដើម្បីអោយមានសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ យោងទៅតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង នាល្ងាចថ្ងៃទី១២ កក្កដានេះ បានបើកកិច្ចប្រជុំមួយតាមរយៈ video conferenceមួយជាមួយអាជ្ញាធរខណ្ឌទាំង១៤ និងមន្ទីរសុខាភិបាល ដើម្បីធ្វើយ៉ាងណាអនុវត្តទៅតាមការណែនាំនេះ អោយទទួលបានជោគជ័យនិងមិនមានហានិភ័យ ពីការឆ្លងដោយជម្ងឺកូវីដ-១៩។
លោក ឃួង ស្រេង បានមានប្រសាសន៍លើកឡើងថា ការបង្កើតឡើងអោយមានកិច្ចប្រជុំនេះ គឺក្នុងគោលបំណងអនុវត្តអោយចំទិសដៅទៅតាមការណែនាំ ដោយសារតែយើងជាអ្នកអនុវត្តផ្ទាល់ទៅលើការងារទាំងនេះ ។
លោកបន្តថា ក្នុងនាមអាជ្ញាធរយើងត្រូវមើលពីសារៈសំខាន់ទាំងអស់គ្នា លើកទឹកចិត្តគ្នា មានបញ្ហាយើងរួមគ្នាដើម្បីដោះស្រាយ ។កន្លងមកនេះអាជ្ញាធររបស់យើងអនុវត្តបានល្អណាស់ ។ សពជាង៧០០នាក់ហើយ យើងធ្វើបានល្អ មិនមានបញ្ហាឆ្លងដោយជម្ងឺកូវីដ-១៩ ។នេះជាមោទនភាពរបស់ក្រុមការងារគ្រូពេទ្យរបស់យើងដែលអនុវត្តបានល្អលើវិធានក្រសួងសុខាភិបាលទាំងការវេចខ្ចប់សពនិងការកាេពារខ្លួន ដោយគិតមកដល់ពេលនេះមានសព ដែលស្លាប់ដោយកូវីដ-១៩ចំនួន៧១១នាក់ហើយ ដែលក្រុមការងារយើងបានចាត់ចែងវេចខ្ចប់ បានល្អនិងទទួលបានជោគជ័យមិនមានហានិភ័យ។ ប៉ុន្តែទោះបីជាយ៉ាងណាក្តី លោកជម្រុញអោយមន្ត្រីរបស់យើង ធ្វើការបញ្ជាក់អោយបានលំអិតបន្ថែមទៀតទៅលើសេចក្តីណែនាំនេះ ទាំងការជុំវិញការបញ្ចុះឬដុតសាកសព ។ ការលើកសព ដាក់ក្នុងក្តាម្ឈូសដែលមានតម្លៃថ្លៃ អាចប្រើមនុស្សមិនតិចជាង៦នាក់នោះទេ យើងគួរអោយពួកគាត់ស្លៀកសំលៀកបំពាក់PPEឬយ៉ាងណា ព្រោះការបំពាក់សំលៀកបំពាក់PPEពិតជាទទួលបានជោគជ័យមិនមានហានិភ័យពីការឆ្លងជម្ងឺកូវីដ-១៩នោះទេ តាមរយៈបទពិសោធកន្លងមកនេះ។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១ម្សិលម៉ិញ រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីប្រយុទ្ធនឹងជំងឺអូវីដ-១៩ បានសេចក្តីអប់រំណែនាំបន្ថែមអំពីសុវត្ថិភាព ក្នុងការគ្រប់គ្រង និងការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩ ។ ការចាត់ចែងសាកសព ដែលមានផ្ទុកវីរុសកូវីដ-១៩នេះ គឺ ក្នុងគោលបំណងរក្សាសុវត្ថិភាព សេចក្ដីថ្លៃថ្នូរ បង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ និងកាត់ បន្ថយហានិភ័យសុខភាពសាធារណៈ។
១-វីរុសកូវីដ-១៩ ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់តាមរយៈតំណក់ទឹកតូចៗដែលចេញពីអ្នកជំងឺកូវីដ-១៩ តាមរយៈ ការនិយាយទល់មុខជិតគ្នា ក្អក កណ្តាស និងការប៉ះពាល់ផ្ទៃ ឬវត្ថុផ្សេងៗដែលមានមេរោគ។ គ្រប់សាកសពអ្នកជំងឺកូវីដ-១៩ ពុំត្រូវបានអនុញ្ញាតឱ្យធ្វើកោសល្យវិច័យ ឬវះកាត់ពិនិត្យសាកសពឡើយ។ សាកសពត្រូវបានរៀបចំដោយក្រណាត់រួចដាក់ ក្នុងថង់ប្លាស្ទិកបិទជិតយ៉ាងត្រឹមត្រូវដោយបុគ្គលិកក្នុងមន្ទីរពេទ្យ ហើយសាកសពខ្លះត្រូវបានដាក់បង្កករក្សាទុកមុនពេលដាក់ ទៅក្នុងមឈូសមុនយកទៅបូជា ឬបញ្ចុះ។ ដូច្នេះឱកាសនៃការចម្លងវីរុសកូវីដ-១៩ ពុំអាចកើតមានឡើយ ប្រសិនបើពុំមាន ការរុះរើ ឬបើកថង់រុំសាកសពនោះ។
២-ការបូជា ឬបញ្ចុះសាកសព ដែលអនុវត្តតាមគោលការណ៍ណែនាំត្រឹមត្រូវ អាចចៀសវាងបានពីការចម្លងវីរុស កូវីដ-១៩។ ដើម្បីសុវត្ថិភាព អ្នករៀបចំ និងអ្នកដឹកជញ្ជូនសាកសព អ្នកលើកសាកសពដាក់ចូលក្នុងមឈូស និងលើក មឈូសដាក់លើទីតាំងបូជា ត្រូវពាក់ឧបករណ៍ការពារខ្លួន (PPE) ឱ្យបានត្រឹមត្រូវ ដូចជាពាក់ម៉ាស់ពេទ្យ អាវអៀមការពារខ្លួន និងស្រោមដៃ។ នៅពេលរៀបចំរួចរាល់ ត្រូវដោះឧបករណ៍ការពារខ្លួនដែលប្រើរួចឱ្យបានត្រឹមត្រូវ ហើយលាងសម្អាតដៃជាមួយ អាល់កុល ឬដែល ឬសាប៊ូនឹងទឹកស្អាតភ្លាមៗ។
៣-ចំពោះការបញ្ចុះសាកសព អ្នកសែងមឈូសយកទៅបញ្ចុះ ត្រូវមានចំនួនពី៤ ទៅ ៦នាក់ និងត្រូវពាក់សម្ភារៈ ការពារ (PPE) ត្រឹមត្រូវ។ ចំពោះសមាជិកគ្រួសារ ឬអ្នកចូលរួម ត្រូវពាក់ម៉ាស់ការពារឱ្យបានត្រឹមត្រូវ និងត្រូវកំណត់ចំនួន មិនឱ្យលើសពី ១០នាក់ ព្រមទាំងត្រូវរក្សាគម្លាតរវាងអ្នកចូលរួម ចំងាយ ១,៥ម៉ែត្រ ពីគ្នា និងចំងាយ ៣ម៉ែត្រ ពីសាកសព។ លើសពីនេះ មិនអនុញ្ញាតឱ្យមានការហែក្បួនឡើយ៕