​ឆេះស្លា.ប់​មនុស្ស​៥២​នាក់និងច្រើននាក់​ទៀតរងរបួស ​នៅក្នុងអណ្តាតភ្លើងលេបត្របាក់​មន្ទីរពេទ្យព្យាបាលអ្នកជំងឺកូវីដ​-​១៩​
អន្តរជាតិ
98

អន្តរជាតិ៖ សារព័ត៌មាន Channel News Asia បានចេញផ្សាយនៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាលនិងប៉ូលីសបាននិយាយនៅថ្ងៃច័ន្ទទី​១២ ខែកក្កដាថា​ មនុស្សយ៉ាងហោចណាស់​៥២ នាក់បានស្លាប់ និង​២២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងអគ្គិភ័យឆាបឆេះនៅ​មន្ទីរពេទ្យសម្រាប់ដាក់ព្យាបាលអ្នកជំងឺ ​កូវីដ​-១៩ នៅភាគខាងត្បូងនៃប្រទេសអ៊ីរ៉ាក់។ នេះជាគ្រោះអគ្គិភ័យលើកទី​២​នៅប្រទេសអ៊ីរ៉ាក់ ក្នុងរយៈពេល​៣​ខែកន្លងមកនេះ។

អគ្គិភ័យបានឆាបឆេះនៅមន្ទីរពេទ្យ​Al-Hussein កាលពីល្ងាចថ្ងៃច័ន្ទ ហើយត្រូវបានគ្រប់គ្រង ដោយកងកម្លាំងការពារស៊ីវិលក្នុងស្រុក។

អ្នកនាំពាក្យអាជ្ញាធរសុខាភិបាលក្នុងតំបន់លោក Haydar al-Zamili បាននិយាយនៅព្រឹកថ្ងៃអង្គារនេះថា សាកសពចំនួន ៥២​នាក់ត្រូវបានគេរកឃើញ និងមនុស្ស​២២នាក់ផ្សេងទៀតបានរងរបួស នៅក្នុងចំនួនអ្នកស្លាប់ចុងក្រោយ បន្ទាប់ពីអគ្គិភ័យនេះបាន​ឆាបឆេះអាគារដាក់អ្នកជំងឺកូវីដ​-១៩​​។

លោកបាននិយាយថា«ជនរងគ្រោះបានស្លាប់ដោយសារការរលាក ហើយការស្រាវជ្រាវកំពុងបន្ត» ដោយកត់សម្គាល់ថា ដោយមានការភ័យខ្លាច អាចមានជនរងគ្រោះនៅ​ជាប់នៅខាងក្នុងអាគារទៀតផងដែរ។​

ការិយាល័យរបស់លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្រុមអ្នកជួយសង្គ្រោះបានកំពុងបន្តប្រតិបត្តិការ​ដើម្បីស្វែងរកសាកសពបន្ថែមទៀត ក្នុងនោះលោកនាយករដ្ឋមន្រ្តី Mustafa al-Kadhimi បានជួបប្រជុំជាបន្ទាន់ជាមួយរដ្ឋមន្រ្តីជាន់ខ្ពស់ និងបានបញ្ជា​ចាប់ខ្លួនអ្នកគ្រប់គ្រងផ្នែកសុខភាពនិងការពារស៊ីវិល នៅទីក្រុងNassiriya​។ សេចក្តីថ្លែងការណ៍បានបន្ថែមថា អ្នកគ្រប់គ្រងមន្ទីរពេទ្យក៏ត្រូវ​បានបញ្ជាឱ្យចាប់ខ្លួនផងដែរ។

យោងតាមរបាយការណ៍បានឲ្យដឹងថា អគ្គិភ័យនេះអាចបណ្តាលមកពីការផ្ទុះស៊ីឡាំងអុកស៊ីសែន ប៉ុន្តែមូលហេតុផ្លូវការនៅតែត្រូវបានបញ្ជាក់ច្បាស់នៅឡើយនោះទេ​។

នេះមិនមែនជាលើកទីមួយទេ ដែល​​មន្ទីរពេទ្យផ្ទុកអ្នកជំងឺកូវីដ១៩​បានឆាបឆេះនៅប្រទេសអ៊ីរ៉ាក់ ដូចកាលពីដើមខែមេសាដែរ អគ្គិភ័យឆាបឆេះនៅមន្ទីរពេទ្យបាដាដ ផ្ទុកអ្នកជំងឺកូវីដ១៩ បានសម្លាប់មនុស្ស​៨២ នាក់និងរបួស​១១០​នាក់។ មូលហេតុនៃការផ្ទុះនិងអគ្គិភ័យជាបន្តបន្ទាប់ ដោយសារតែ​គ្រប់គ្រង​​ស៊ីឡាំងផ្ទុកអុកស៊ីសែន មិនបានត្រឹមត្រូវ។

គួរបញ្ជាក់ថា ​ប្រព័ន្ធសុខាភិបាលរបស់ប្រទេសអ៊ីរ៉ាក់ បាននឹងកំពុងតស៊ូដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សចំនួន​១៧.៥៩២​នាក់ និងឆ្លងជាង​១,៤ លាននាក់៕

ប្រភព៖  Channel News Asiaប្រែសម្រួល៖ នង ណារិន

Telegram