រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃសៅរ៏ ១៥ កេីត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មាន និង លោកជំទាវ ទេព រង្ស៊ី រួមជាមួយ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រសួងព័ត៌មាន បាននាំយកនូវទៀនណាំព្រះវស្សា ព្រមទាំងទេយ្យទាន ប្រគេន សម្ដេច ព្រះ ធម្មលិខិតបណ្ឌិត សៅរ៍ ចន្ទថុល្ល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម ស្ថិតក្នុងសង្កាត់ បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមរយៈឯកសារពុទ្ធប្រវត្តិ បានបង្ហាញថា ជាទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយ គ្រប់អារាមក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សា អស់ថេរវេលា ៣ ខែ ។
ពិធីបុណ្យចូលព្រះវស្សាគឺជាពិធីបុណ្យមួយដែលមានសារៈសំខាន់ក្នុង ព្រះពុទ្ធសាសនា ជាពេលវេលាដ៏សំខាន់ សម្រាប់ភិក្ខុសង្ឃ និងសាមណេបានរៀនធម៌ និងវិន័យ យ៉ាងខ្ជាប់ខ្លួន តាមពុទ្ធឱវាទ។បងប្អូនដែលជាអ្នកមានជំនឿ ទៅលើព្រះពុទ្ធសាសនា តែងតែនាំគ្នាប្រារព្ធ ពិធី បុណ្យដោយ នាំយកជាសាដក អង្ករ ភេសជ្ជៈ និងរបស់ប្រើប្រាស់ផ្សេងៗទៅប្រគេន ព្រះសង្ឃ តាមលទ្ធភាព។
សម្រាប់វត្តអារាមនីមួយៗ ក្នុងរយៈ ពេល៣ខែក្នុងរដូវធ្លាក់ភ្លៀង និង មិនអនុញ្ញាត អោយនិមន្តទៅទីឆ្ងាយ ដោយដាច់រាត្រីឆ្លងថ្ងៃនោះឡើយ លើកលែងតែមានភារ កិច្ចសំខាន់ចាំបាច់ ដូចជាឪពុកម្តាយឈឺធ្ងន់ ឬនិមន្តទៅសម្ដែងធម៌ជាដើម ដោយ តាំងចិត្តត្រលប់មកវិញ ក្នុងរយៈពេល៧ថ្ងៃ។
បុណ្យចូលព្រះវស្សា ប្រារព្ធធ្វើឡើងជារៀង រាល់ឆ្នាំចាប់ពីថ្ងៃ១រោច ខែអាសាធ ដល់ថ្ងៃ ១៥ កើត ខែអស្សុជ។ តែពិធីត្រូវបានចាប់ផ្ដើមនៅ នៅពេលព្រឹកឡើងនៅថ្ងៃទី ១រោច ខែអាសាឍ មានម្ហូបអាហារ បង្អែមប្រគេនដល់ព្រះសង្ឃ ហើយក្នុងអំឡុងរយៈ ៣ខែនេះ បងប្អូនដែលមាន ទម្លាប់គោរព ព្រះពុទ្ធសាសនា ក៏និយមបន្តធ្វើម្ហូប នំចំណី និងគ្រឿងប្រើប្រាស់ផ្សេងៗ មកប្រគេន ជាបន្ត បន្ទាប់សម្រាប់ផ្គត់ផ្គង់ព្រះសង្ឃក្នុង អំឡុងពេលគង់ចាំព្រះវស្សានេះ។
នៅក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្ត្រី ខៀវ កាញារីទ្ធ និងលោកជំទាវ ទេព រង្សុី បានប្រគេនទៀនព្រះវស្សា ទេយ្យទាន បច្ច័យ ១ ពាន់ ដុល្លា វេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅវត្តលង្កាព្រះកុសុមារាម ក្នុង រដូវកាលចូលព្រះវស្សារយៈពេល ៣ខែ ដើម្បីរួមចំណែកទ្រទ្រង់ដល់ព្រះសង្ឃ ដែលត្រូវគង់នៅតែក្នុងវត្ត រៀនសូត្រធម៌វិន័យផ្សេងៗក្នុងរយៈពេល ៣ខែនៃការចូលកាន់ព្រះវស្សានេះ។
ជាមួយនេះ ប្រគេនបច្ច័យដល់ព្រះចៅអធិការវត្ត ២០០ ដុល្លា ព្រះសង្ឃ ២០ អង្គ និមន្តចូលរួមក្នុង ១ អង្គ ៥ មុឺនរៀល តាជី យាយជី ក្នុងម្នាក់ៗ ២ មុឺនរៀល កូនសិស្ស ក្នុងម្នាក់ ២ មុឺនរៀល ។
ទេយ្យទាននិងបច្ច័យ សម្រាប់ប្រគេនដល់វត្តនាពេលនេះ គឺ សម្រាប់ព្រះភិក្ខុសង្ឃប្រើប្រាស់ ពេលចូលព្រះវស្សា ក៍ដូចជាតប ទៅនឹងតម្រូវការចាំបាច់នៃដំណាក់កាលជួបការលំបាកដោយវិបត្តិជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតឆ្លងចូលសហគមន៍ជាបន្តបន្ទាប់ ហើយបងប្អូនប្រជាពលរដ្ឋត្រូវគោរពតាមសេចក្តីណែនាំនិងវិធានការ ៣ការពារ ៣កុំ របស់ប្រមុខរាជរដ្ឋាភិបាល ។
នៅក្នុងឱកាសនោះ សម្តេច ព្រះធម្មលិខិតបណ្ឌិត សៅរ៏ ចន្ទថុល ព្រះចៅអធិការវត្ត លង្កាព្រះកុសុមារាម សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្ដម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និង លោកជំទាវ ទេព រង្ស៊ី និងក្រុមគ្រួសារ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ ក្រសួងព័ត៌មាន សូមជូនពរ សមប្រកបដោយពុទ្ធពរ បួន ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំ បី ឃ្លៀងឃ្លាត ឡើយ ៕