រាជធានីភ្នំពេញ ៖ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃ នៃក្រសួងបរិស្ថាន និងអង្គការ WWF មានក្តីរំភើប ដោយកាលពីពីរសប្តាហ៍បានប្រទះ ឃើញសត្វត្រយងយក្ស ចំនួនបួនក្បាល ក្នុងនោះមានកូនសត្វត្រយងយក្សមួយក្បាលផង កំពុងរស់នៅក្នុងទ្រនំធម្មជាតិរបស់ពួកវា ក្នុងដែនជម្រកសត្វព្រៃភ្នំព្រេច។ ដោយ មានការអត់ធ្មត់ខ្ពស់ ក្រុមអ្នកស្រាវជ្រាវបានផ្តិតយករូបភាពវីដេអូជាភ័ស្តុតាង ដើម្បីបង្ហាញវត្តមានរបស់សត្វបក្សីដ៏អស្ចារ្យមួយប្រភេទនេះ ខណៈពេលនេះជាពាក់កណ្តាលនៃរដូវកាលពងកូនរបស់ពួកវាក្នុងឆ្នាំនេះ។
សត្វត្រយងយក្សជាប្រភេទបក្សីរងគ្រោះជិតផុតពូជបំផុត ខណៈដែលកិច្ចខិតខំការពារ និងអភិរក្សកំពុងបន្តប្រព្រឹត្តទៅនៅក្នុងតំបន់ការពារ។ ក្រុមអ្នកស្រាវជ្រាវបានកត់ត្រាចំនួនវាតែប្រាំក្បាលប៉ុណ្ណោះកាលពីឆ្នាំ២០២០ នៅក្នុងតំបន់ទី ជម្រកធម្មជាតិមួយនេះ។ សម្រាប់ការតាមដានស្ថានភាពសត្វបក្សីនាពេលបច្ចុប្បន្ននេះដែរ ក្រុមអ្នកស្រាវជ្រាវសត្វព្រៃនៃក្រសួងបរិស្ថាននិងអង្គការ WWF ក៏បានកត់ត្រាទុកនូវវត្តមានសត្វត្រយងយក្សចំនួនបីក្បាលផ្សេងទៀត ព្រមទាំងសំបុករបស់ពួកវាមួយចំនួននៅទីតាំងទីជម្រកស្ថិតក្បែរដែន ជម្រកសត្វព្រៃសំបូរ ដែលជាតំបន់ការពារធម្មជាតិមួយទៀតស្ថិតនៅតាមបណ្តោយដងទន្លេមេគង្គ។ លទ្ធផលនៃការតាម ដានសត្វបក្សីនេះនឹងរួមចំណែកដល់ការប៉ាន់ប្រមាណចំនួន បក្សីតំណាងជាតិកម្ពុជាមួយប្រភេទនេះនៅទូទាំងប្រទេស៕