អាជ្ញាធរខណ្ឌដង្កោបដិសេដច្រានចោល គ្មានការចាក់ខ្សាច់លុបស្ទឹងព្រែកត្នោតនោះទេ
ព័ត៌មានជាតិ
216

រាជធានីភ្នំពេញ ៖ ក្រោយមានការចុះផ្សាយថារបស់សារព័ត៌មានមួយចំនួន ថាមានការចាក់ខ្សាច់លុបស្ទឹងព្រែកត្នោត លោកស្រី គឹម ញឹម អភិបាលនៃគណៈអភិបាលខណ្ឌដង្កោ បានឆ្លងយោបល់ក៏ដូចជាមានការបញ្ជាណែនាំ ពីសំណាក់ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់ឲ្យលោក ជរ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ ចុះធ្វើការពិនិត្យនិងចាត់វិធានការលើ ទីតាំងដែលជនខិលខូចបានលួចបូមខ្សាច់ចេញពីស្ទឹងព្រែកត្នោត ហើយយកមកដាក់គរទុកនៅមាត់ស្ទឹង រហូតពលរដ្ឋមានការយល់ច្រឡំថា អាជ្ញាធរចាក់លុបស្ទឹងព្រែកត្នោត ។ ប៉ុន្តែធាតុពិតគឺមិនមែនអាជ្ញាធរចាក់លុប ដូចការផ្សាយនៅសារព័ត៌មាននោះឡើយ។

ជាក់ស្តែងនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១នេះ អាជ្ញាធរខណ្ឌដង្កោ ដឹកនាំដោយលោក ជរ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ រួមទាំងមន្ត្រីពាក់ព័ន្ធ ក្នុងនោះមានទាំងមន្ត្រីជំនាញខាងក្រសួងធនធានទឹក និងឧតុនិយមផងដែរ បានចុះទៅពិនិត្យជាក់ស្តែងនៅចំណុចស្ទឹងព្រែកត្នោត។

លោក ជរ ចាន់ស៊ាង អភិបាលរងខណ្ឌដង្កោ បានប្រាប់TVFB ឲ្យដឹងថា ពាក់ព័ន្ធនឹងបញ្ហានេះ អាជ្ញាធរគឺធ្វើការបដិសេធចោល ពោលគឺអាជ្ញាធរមិនបានចាក់ដីលុបស្ទឹងដូចដែលពលរដ្ឋយល់ច្រឡំនោះទេ តែជាស្នាដៃរបស់ក្រុមឈ្មួញបូមខ្សាច់ ដែលបូមខ្សាច់ចេញពីស្ទឹងនេះ ហើយយកមកចាក់នៅមាត់ស្ទឹងនេះ ។

អភិបាលរងខណ្ឌដង្កោ លោក ជរ ចាន់ស៊ាង បានបន្តទៀតថា ក្រោយពីទទួលបានសេចក្តីរាយការណ៍ពីប្រជាពលរដ្ឋ អាជ្ញាធរក៏បានចាត់វិធាន ការផ្អាកអាជីវកម្មរបស់ការដ្ឋានបូមខ្សាច់ ដែលមានទីតាំងនៅក្បែរស្ពានសាក់សំពៅ ភូមិសាក់សំពៅ សង្កាត់សាក់សំពៅ ខណ្ឌដង្កោ រាជធានីភ្នំពេញ និងបានធ្វើកិច្ចសន្យាអប់រំ ថែមទាំងឲ្យក្រុមឈ្មួញទាំងនោះ កាយនិងដឹកយកខ្សាច់ឲ្យអស់ចេញពីមាត់ស្ទឹងព្រែកត្នោតនេះវិញឲ្យដូចដើម ដោយយកខ្សាច់ទាំងនោះ យកទៅចាក់បំពេញ នៅក្នុងភូមិសាស្ត្រ សង្កាត់សាក់សំពៅវិញ ដែលទីនោះមានសន្ថានដីទាប មកប្រើជាសម្បត្តិរួម ជូនប្រជាពលរដ្ឋ ។ ចំណែកការដ្ឋានបូមខ្សាច់នោះ មកទល់ពេលនេះគឺផ្អាកទាំងស្រុង គ្មានសកម្មភាពនោះឡើយ។ ខណៈមន្ត្រីជំនាញខាងក្រសួងធនធានទឹក និងឧតុនិយម ក៏កំពុងធ្វើការស្តាឡើងវិញនៅចំណុចស្ទឹងនេះ ផងដែរ។

ទន្ទឹមនឹងនោះ លោកបានបន្តថា អាជ្ញាធរមានតែទទូចសូមកុំឲ្យបងប្អូនប្រជាពលរដ្ឋមានការភ័ន្តច្រឡំមកលើអាជ្ញាធរ ខណៈក្រោមការដឹកនាំរបស់លោកអភិបាលរាជធានីភ្នំពេញ គឺអាជ្ញាធរខណ្ឌដង្កោ មានតែសំណូមពរឲ្យបងប្អូនប្រពលរដ្ឋ ចូលរួមថែរក្សាប្រឡាយលូ ស្ទឹង ដើម្បីបញ្ចៀសការជន់លិច ជូនប្រជាពលរដ្ឋ ៕ មេសា


Telegram