រាជធានីភ្នំពេញ ៖ លោកយាយ ចាន់ ឃីម នឹងបានថវិកាចំនួន១០លានរៀលពីសម្តេចតេជោ ហ៊ុន សែន បន្ទាប់ពីចាក់វ៉ាក់សាំងការពារកូវីដ-១៩ បានដល់ទីលេខរៀង ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជន! ។ នេះបើយោងតាមការបង្ហោះលើfacebook ផ្លូវការ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ មុននេះបន្តិច។
សម្តេចតេជោ ហ៊ុនសែន មានប្រសាសន៍ថា, តាមរយៈការខិតខំរបស់ក្រុមគ្រូពេទ្យ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជន មកដល់ថ្ងៃនេះយើងសម្រេចបាននូវការចាក់វ៉ាក់សាំងការពារកូវីដ-១៩បាន ៧លាននាក់ ស្មើនឹង៧០ភាគរយ នៃប្រជាជនដែលត្រូវចាក់វ៉ាក់សាំងចំនួន១០លាននាក់។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សូមអបអរសាទរចំពោះលោកយាយចាន់ ឃីម
រស់នៅភូមិកន្ត្រក សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាបដែលទទួលបានការចាក់វ៉ាក់សាំងលេខរៀងទី៧លាន។
លោកស្រី ឱ វណ្ណឌីន នឹងនាំយកថវិកាចំនួន១០លានរៀល និងសម្ភារៈផ្សេងទៀតទៅជូនដោយផ្ទាល់ និងសូមជូនពរលោកយាយសូមជួបតែសេចក្តីសុខសេចក្តីចំរើន៕