រាជធានីភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិម្ម បានបញ្ជាក់ថា កម្ពុជាបានសម្រេចផ្អាកការនាំចូលសាច់បង្កកពីបរទេសជាបណ្តោះអាសន្ន បន្ទាប់ពីរកឃើញសាច់បង្កកមានផ្ទុកវីរុសកូវីដ១៩កាលពី ពេលថ្មីៗនេះ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។
ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានមានប្រសាសន៍ថា កាលពីពេលថ្មីៗនេះ កម្ពុជាបានរកឃើញវីរុសកូវីដ១៩នៅក្នុងសាច់ក្របីបង្កក ដែលនាំចូល ពីប្រទេសឥណ្ឌាចំនួន៣កុងតឺន័រក្នុងចំណោម៥កុងតឺន័រ នៅទីលានផែស្ងួត ត្រីកូដ ដ្រាយផត ប៉ុន្តែក៏ត្រូវបានដុតបំផ្លាញចោលរួចរាល់ហើយនៅក្នុងខេត្តកំពង់ស្ពឺ ដូច្នេះហើយទើបប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្អាកនូវការនាំចូលសាច់បង្កកពីបរទេសមួយរយៈ ។
ឯកឧត្តម បានបន្តថា ការសម្រេចនេះ ធ្វើឡើងបន្ទាប់ពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរត្ន៍ រដ្ឋមន្ត្រី ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានដាក់លិខិតសុំផ្អាកការនាំចូលសាច់បង្កកពីបរទេស គោរពជូនប្រមុខរាជរដ្ឋាភិបាលកម្ពុជា ។
« ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុដែលមានឯកឧត្តម អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច បានធ្វើលិខិតទៅសម្ដេចតេជោហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីសុំការអនុញ្ញាតផ្អាកនាំចូលសាច់បង្កកពីបរទេស ដូច្នេះហើយសម្តេចតេជោក៏បានផ្តល់ជាចំណារយល់ ព្រមឱ្យផ្អាកការនាំចូលនូវសាច់បង្កកទាំងអស់ពីបរទេស ដែលមានការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដូច្នេះខ្ញុំគិតថា ចាប់ពីពេលនេះតទៅ គឺយើងមានការរិតត្បឹតដល់ការនាំចូលឬក៏ផ្អាកទាំងស្រុងក្នុងករណីចាំបាច់ណាមួយ តាមអ្វីដែលជាចំណារដ៏ខ្ពង់ខ្ពស់ របស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា » ។
សូមបញ្ជាក់ថា នេះជាលើកទី ២ហើយ ដែលកម្ពុជាបានផ្អាកជាបណ្តោះអាសន្ននូវការនាំចូលសាច់បង្កកពីប្រទេសឥណ្ឌា ដែល លើកទី១បានធ្វើឡើងកាលពីខែឧសភា បន្ទាប់ពីប្រទេសឥណ្ឌាមានការផ្ទុះឡើងនូវករណីឆ្លងជំងឺកូវីដ១៩ច្រើន ៕ប្រភពក្រសួងព័ត៍មាន