ឯកឧត្តម គួច ចំរើន ដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ Zoom Meeting ស្តីពីផែនការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តព្រះសីហនុ
ព័ត៌មានជាតិ
402

ខេត្តព្រះសីហនុ ៖ នៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានអញ្ជើញដឹកនាំកិច្ចប្រជុំតាមប្រព័ន្ធវិដេអូ Zoom Meeting ស្តីពីផែនការនៃការចាក់វ៉ាក់សាំងជូនកុមារនៅខេត្តព្រះសីហនុ។

ក្នុងនោះក៏បានផ្សព្វផ្សាយពីខ្លឹមសារនៃសេចក្តីសម្រេច ព្រមទាំងសារាចរណែនាំរបស់រាជរដ្ឋាភិបាល ដោយមានការចូលរួមពីលោក លោកស្រីអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្ត លោកនាយកនាយករងរដ្ឋបាលសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្ត អភិបាលក្រុងស្រុក និងលោកលោកស្រីប្រធានមន្ទីរអង្គភាពជុំវិញខេត្ត។

តាមរយៈកិច្ចប្រជុំនេះ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចកំណត់យកថ្ងៃទី០១ ខែ សីហា ឆ្នាំ ២០២១ ខាងមុខនេះ នឹងបើកយុទ្ធនាការ ព្រមៗគ្នា ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនកុមារ និងយុវវ័យ ដែលមានអាយុចាប់ពី១២ឆ្នាំ ដល់ក្រោម១៨ឆ្នាំ នៅទូទាំងខេត្តព្រះសីហនុ។

អង្គប្រជុំក៏បានពិភាក្សាឆ្លងលើសេចក្តីសម្រេច ស្តីពី

ការដាក់ចេញវិធានការរដ្ឋបាលដើម្បីប្រយុទ្ធប្រឆាំង និង ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងភូមិសាស្រ្តខេត្តព្រះសីហនុផងដែរ។

ក្នុងឱកាសនោះ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រះសីហនុ បានចេញបទបញ្ជាដល់ អភិបាលក្រុងស្រុក និងកម្លាំងមានសមត្ថកិច្ច ត្រូវចាត់វិធានការបន្ទាន់ដាច់ខាត ចំពោះការប្រមូលផ្តុំ ជួបជុំគ្នា ហូបចុក ផឹកស៊ី នៅតាមទីតាំងសាធារណៈ អាហារដ្ឋាន ភោជនីយដ្ឋាន ខារ៉ាអូខេ បារ រង្គសាល និងទីតាំងមួយចំនួនទៀត។ល។ ចាប់ពីម៉ោងនេះតទៅ ករណីរកឃើញ ត្រូវធ្វើការផាកពិន័យ និងបិទទីតាំងនោះដោយគ្មានការលើកលែងឡើយ៕


Telegram