រាជធានីភ្នំពេញ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានលើកទឹកចិត្តឱ្យសមាគមអ្នកកាសែតបើកវគ្គខ្លីៗស្ដីអំពីក្រមសីលធម៌និងវិជ្ចាជីវៈ ដល់សមាជិករបស់ខ្លួន ដើម្បីឱ្យពួកគាត់ទទួលបានចំណេះ ដឹងបន្ថែម និងការទំនួលខុស ត្រូវ នូវរាល់ការចេញផ្សាយគ្រប់រឿងប្រកបដោយវិជ្ចាជីវៈ ។
ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវីធីកិច្ចពិភាក្សាសារព័ត៌ មានស្ដីពី «ក្រមសីលធម៌នៃការផ្សាយព័ត៌មានផ្ទាល់តាមហ្វេសប៊ុក» នៅថ្ងៃព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម ខៀវកាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានថ្លែងថា ការយល់ដឹងអំពីក្រមសីលធម៌ និងវិជ្ជាជីវៈសារព័ត៌មាន គឺជាការយល់ពីតម្លៃខ្លួនឯង តាមរយៈការសរសេរដោយភាពទទួលខុស ត្រូវ មិនបង្កផលប៉ះពាល់ណា មួយដល់សង្គម។
ឯកឧត្តមបន្ដថា នៅសតវត្សទី២១នេះ បច្ចេកវិទ្យាសារព័ត៌ មាន ប្រព័ន្ធផ្សព្វផ្សាយសង្គមកំពុងមានការជឿនលឿន ដូច នេះអ្នកសារព័ត៌មាន បានដើរ តួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាននៅពាស ពេញសកលលោក ។ ដូច្នេះ អ្នកកាសែតត្រូវមានក្រមសីល ធម៌ នៃការផ្សាយព័ត៌មានចេញទៅ គឺពិតជាមានតម្លៃ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានថ្លែងបន្ដថា ក្រសួងត្រូវតែជំរុញឱ្យសមាគមអ្នកកាសែតនីមួយៗ គួរមានបើកវគ្គបណ្តុះបណ្តាលខ្លីៗ ដល់សមាជិករបស់ខ្លួន ឱ្យយល់ពីក្រមសីលធម៌ នៃការផ្សាយព័ត៌មាន អ្វីទៅជាសិទ្ធិសេរីភាពក្នុងការផ្សាយព័ត៌មាន កុំឱ្យប៉ះពាល់ទៅដល់ស្ថាប័ន ឬសិទ្ធិបុគ្គលអ្នកដទៃ និងត្រូវទទួលខុសត្រូវចំពោះ មុខច្បាប់។
«បញ្ហាអំពីកង្វះក្រមសីលធម៌តើក្រសួងត្រូវធ្វើយ៉ាងណា? មកទល់ពេលនេះ ជំហរក្រសួងគឺនៅពេលអ្នក កាសែតដែលបំពេញការងារខុសនឹងក្រមសីលធម៌នេះ ក្រសួងមិនដែលអន្តរាគមន៍ខ្លាំងទេ ដើម្បីជៀសអំពីការលូកដៃរបស់រដ្ឋនៅក្នុងការងារសារព័ត៌មានដែលជាការងារសេរី ហើយដែលជាអំណាចទី៤មួយដែលត្រូវលើកកម្ពស់ ។ ដូច្នេះយើងបន្ថយណាស់ការអន្តរាគមន៍របស់រដ្ឋចូលទៅក្នុងការងារសារព័ត៌មាន។ ហើយក្រសួងបានជំរុញឱ្យសមាគមនីមួយៗដែលគិតថា ឥឡូវនេះយើងមានសមាគមច្រើនណាស់ដែលអ្នកកាសែតភាគច្រើនទាំងអស់គឺនៅក្នុងសមាគមណាមួយហើយមិនអត់ទេ។ អញ្ចឹងយើងស្នើឱ្យសមាគមនោះផ្ដល់តួនាទីឱ្យសមាគមធ្វើការងារនេះ ទីមួយ ដើម្បីលើកកម្ពស់តួនាទីរបស់សមាគមនោះកុំឱ្យសមាគមអត់មានការងារធ្វើឬមិនធ្វើ ។ អញ្ចឹងបានយើងឃើញកាល ណាមកសុំឱ្យក្រសួងព័ត៌មានទទួលស្គាល់សមាគម ដំបូងបំផុតយើងសុំសួរថាតើសមាគមមានក្រមសីលធម៌ឬទេ? បើសិនសមាគមណាមិនមានក្រមសីលធម៌ និងមិនប្រកាន់ក្រមសីលធម៌របស់ខ្លួនទេអញ្ចឹងក្រសួងមិនអាចទទួលបាននោះទេ អញ្ចឹងក្រសួងឱ្យសមាគម។ ប៉ុន្តែកន្លងមកសមាគមមិនបានធ្វើ អាចនិយាយបានថាក្រមសីល ធម៌របស់សមាគមនៅខ្សោយ។ ក្រសួងមិនដែលលូកដៃនឹងបញ្ហានេះ ព្រោះគិតថាសមាគមបង្កើតឡើងដើម្បីលើកកម្ពស់វិជ្ជាជីវៈសារព័ត៌មាន អញ្ចឹងហើយសមាគមគឺអ្នកត្រូវធ្វើ មិនមែនជាក្រសួងដែលជារបស់រដ្ឋជាអ្នកត្រូវធ្វើទេ ពីព្រោះយើងចង់ទុកឱ្យសេរីភាពសារព័ត៌មានមានទំហំធំនៅកម្ពុជារបស់យើង នេះជាលក្ខណៈប្រជាធិបតេយ្យ»។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួង ព័ត៌មាន បានមានប្រសាសន៍បន្ថែមថា ក្រសួងនៅតែបន្តជួយដល់សមាគមអ្នកកាសែតជានិច្ច ប៉ុន្តែគោលបំណងរបស់ក្រសួង គឺចង់ឱ្យសមាគម មានសិទ្ធិនិងទទួលខុសត្រូវ ក្នុងដំណើរការការងាររបស់ខ្លួន ៕ប្រភពក្រសួងព័ត៍មាន