អាជ្ញាធរខេត្តសៀមរាប បង្ហាញថា ជនអនាថា និង អ្នកសុំទាននៅក្នុងក្រុងសៀមរាប នឹងត្រូវប្រមូលយកមកឲ្យរស់នៅក្នុងតំបន់ភ្នំចង្រ្កានរយ នៃស្រុកវ៉ារិននេះ
ព័ត៌មានជាតិ
199

ខេត្តសៀមរាប លោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា បញ្ហាដំណោះស្រាយសម្រាប់ជនអនាថា និងអ្នកសុំទាននៅក្នុងខេត្តសៀមរាបនាពេលបច្ចុប្បន្ននេះ អាជ្ញាធរខេត្តសៀមរាប នឹងប្រមូលពួកគាត់ឲ្យមករស់លើទីតាំងមួយកន្លែងដែលបានត្រៀមទុក នៅក្នុងសហគមន៍ព្រៃឈើចង្ក្រានរយនេះ ដែលខាងអាជ្ញាធរ និងភាគីពាក់ព័ន្ធ នឹងសង់កន្លែងស្នាក់នៅឲ្យពួកគាត់ រៀបចំប្រព័ន្ធទឹក ដែលអាចឲ្យពួកគាត់ដាំដំណាំលក់យកកម្រៃចិញ្ចឹមជីវិតបាន ប៉ុន្តែមិនមែនចែកដីឲ្យពួកគាត់ទេ តែឲ្យគាត់ស្នាក់នៅ ហើយសហការជាមួយសហគមន៍ ឲ្យគាត់ដាំបន្លែ ចិញ្ចឹមសត្វ នៅទីនេះ ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍យ៉ាងដូច្នេះ ក្នុងឱកាសដឹកនាំក្រុមការងារអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំរមណីយដ្ឋាន សហគមន៍ព្រៃឈើចង្ក្រានរយ ដែលស្ថិតក្នុងស្រុកវ៉ារិន ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញនេះ ។

លោក នាក់ ណេរ៉ុន មានប្រសាសន៍ទៀត តាមរយៈនៃការបង្កើតមុខរបរសម្រាប់ជនអនាថា អ្នកសុំទាន យើងរំពឹងថា ពួកគាត់ នឹងទទួលបានផលច្រើនពីទីតាំងថ្មីនេះ ព្រោះនៅពេលបញ្ចប់វិបត្តិកូវីដ-១៩ តំបន់សហគមន៍ព្រៃឈើចង្ក្រានរយ នឹងមានអ្នកទេសចរមកកម្សាន្តច្រើន ខណៈពេលនេះអាជ្ញាធរក៏កំពុងរៀបចំជាប្រព័ន្ធផ្លូវសម្រាប់សម្រួលចរាចរណ៍ដល់អ្នកមកកម្សាន្តផងដែរ ដូច្នេះពួកគាត់អាចទាញប្រយោជន៍ពីអ្នកទេសចរទាំងនោះបាន ។

សូមបញ្ជាក់ថា សហគមន៍ព្រៃឈើ និងអេកូទេសចរណ៍ចង្ក្រាន្តរយនេះ ស្ថិតនៅក្នុងភូមិបាយដុត ឃុំស្វាយស ស្រុកវ៉ារិន មានផ្ទៃដីទំហំ៩.១០៤ហិកតា បានបង្កើតឡើងកាលពីឆ្នាំ២០១០ និងបានចុះបញ្ជីនៅក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ នៅឆ្នាំ២០១៧ ក្រោមការជួយជ្រោមជ្រែងពីរដ្ឋបាលស្រុកកវ៉ារិន និងខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប ជាតំបន់ដែលមានសក្ដានុពលជាខ្លាំងលើវិស័យទេសចរណ៍ ដោយសារតែមានព្រៃឈើធម្មជាតិតូចធំ និងមានកន្លែងសម្រាប់ទស្សនាជាច្រើន ដូចជា ទឹកធ្លាក់ចង្ក្រានរយ , ភ្នំចង្ក្រានរយ , ពើងច័ន្ទក្រហម , ពើងម្នាស់ , រូងប្រចៀវ ។ល។ រួមទាំងកន្លែងមើលសត្វព្រៃ ដែលមានសត្វព្រៃជាច្រើនប្រភេទកំពុងរស់នៅ ដូចជាប្រភេទសត្វស្លាប , សត្វចតុបាត និង ប្រភេទសត្វល្មូន ខណៈដែលសត្វខ្លះ នៅក្នុងពិភពលោកក្រៅពីតំបន់នេះ គឺគ្មានសត្វប្រភេទនេះទេ ៕ប្រភព មន្ទីរព័ត៌មានខេត្តសៀមរាប


Telegram