រាជធានីភ្នំពេញ៖ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ៖ការដាក់ចេញនូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ក្នុងការបិទខ្ទប់៨ខេត្តនិងសេចក្តីសំរេចលេខ២៤៩/ ២១សសរ របស់រដ្ឋបាលរាជ ធានីភ្នំពេញ លើវិធានការរដ្ឋបាលនៃការបិទបំរាមគោចរក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ សម្រាប់រយៈពេល ១៤ថ្ងៃ ចាប់ពីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ធ្វើឡើងក្នុងគោលបំណងតែ មួយគត់ គឺដើម្បីរក្សាអាយុ ជីវិតបងប្អូនប្រជាពលរដ្ឋឱ្យជៀសផុតពីជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DETA) ។
ការបញ្ជាក់បែបនេះរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានធ្វើឡើងក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ តាមរយៈ video conference នាព្រឹកថ្ងៃទី ០៣ សីហា ឆ្នាំ២០២១នៅសាលារាជធានីភ្នំពេញ។
ឯកឧត្តមអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍លើកឡើងថា ការអនុវត្តនូវសេចក្តីសម្រេចលេខ២៤៩/ ២១សសរ របស់រដ្ឋបាលរាជ ធានីភ្នំពេញ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះ ឃើញថា ទាំងកម្លាំងកងរាជអាវុធហត្ថរាជ ធានី ស្នងការនគរបាលរាជ ធានី និងអាជ្ញាធរខណ្ឌទាំង ១៤ អនុវត្តការងារនេះបានយ៉ាងល្អប្រសើរណាស់ ហើយប្រជាពលរដ្ឋក៏បានចូលរួមយ៉ាងសកម្មផងដែរ មានន័យ ថា ដល់ម៉ោងអនុវត្តគឺប្រជា ពលរដ្ឋ មិនមានធ្វើដំណើរលើដងផ្លូវនោះទេ ។ប៉ុន្តែទោះបីជាយ៉ាងណាក្តី ការងារនេះក៏នៅមានចំណុច ចន្លោះប្រហោងមួយចំនួនដែរ ដោយសារតែនៅតាមដងផ្លូវតូចៗ នៅមានប្រជាពលរដ្ឋធ្វើដំណើរនូវឡើយ។
ឯកឧត្តមអភិបាលរាជធានីបានស្នើឱ្យអាជ្ញាធរមាន សមត្ថកិច្ចទាំងអស់ជាពិសេសស្នើឱ្យអាជ្ញាធរខណ្ឌទាំង១៤ ធ្វើការណែនាំបន្តឱ្យគណៈបញ្ជាការឯកភាពសង្កាត់ទាំង១០៥បន្តពង្រឹងលើការងារនេះបន្ថែមទៀតដល់ភូមិនិងដល់លំនៅដ្ឋានរបស់ប្រជាពលរដ្ឋឱ្យប្រជាពលរដ្ឋលោកចូលរួមឱ្យបានច្រើនសំដៅធ្វើយ៉ាងណាយើងរួមគ្នាឈានទៅផ្តាច់ឬសគល់ជំងឺកូវីដ-១៩ ពិសេសវីរុសបំប្លែងថ្មីដែលតា (DETA) ឱ្យបាន។ក្នុងនោះឱ្យប្រជាពលរដ្ឋលោកមើលឃើញការខិតខំប្រឹង ប្រែងរបស់អាជ្ញាធរគ្រប់លំដាប់ថ្នាក់របស់យើងដែលយកចិត្តទុកដាក់ចំពោះពួក គាត់និងកូនចៅរបស់គាត់បានចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩គ្រប់គ្នា ហើយពួកគាត់ជឿ ទុកចិត្តលើអាជ្ញាធរយើងគាំទ្រយើង។
ឯកឧត្តមបានសង្កត់ធ្ងន់ថា ចាប់ពីម៉ោងនេះទៅ មិននិយាយពីការអប់រំទៀតទេ ។ វាល្មមដល់ពេលហើយ ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គិតមកដល់ពេលនេះមានរយៈពេល៩ខែហើយ ប្រជា ពលរដ្ឋគួរយល់ដឹងហើយ មិនត្រូវល្មើសនោះទេដើម្បីចូលរួមទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ពិសេសការរីករាលដាលវីរុសប្រភេទថ្មី (ដែលតា) ដែលឆ្លងលឿនហើយជាក្តីបារម្ភពីសុខ សុវត្ថិភាពរបស់ ប្រជាពលរដ្ឋ៕