ខេត្តព្រះសីហនុ ៖ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២១ ឯកឧត្ដម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ អគ្គលេខា ធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី ជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតី ក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ និងពិធីដុតបំផ្លាញគ្រឿងញៀន ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុង ព្រះសីហនុ ខេត្តព្រះសីហនុ។
តាមរបាយការណ៍របស់ ឯកឧត្តម សៀង សុខ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះសីហនុ បានបានរាយការណ៍ជូនអង្គពិធីថា ការដុតបំផ្លាញគ្រឿងញៀននាពេលនេះ ជាការចូលរួមក្នុងទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដែលត្រូវដុតបំផ្លាញគ្រឿងញៀននាពេលនេះ ជាវត្ថុតាងគ្រឿងញៀនរួមគ្នា គឺខេត្តព្រះសីហនុ និងខេត្តកំពត ហើយវត្ថុតាងគ្រឿងញៀនដែលបានបញ្ចប់ក្តីនៅតាមសាលាដំបូងខេត្តព្រះសីហនុ និងខេត្តកំពត សរុបចំនួន២០៥សំណុំរឿង ដោយមានគ្រឿងញៀនចម្រុះសរុបជាង ៤៦៨គីឡូក្រាម ក្នុងនោះសាលាដំបូងខេត្តព្រះសីហនុ ១៨៥សំណុំរឿង មានវត្ថុតាងគ្រឿងញៀនចំនួន ៤៦៨.៦០២,៥៧ក្រាម និងសាលាដំបូងខេត្តកំពតមាន ២០សំណុំរឿង មានវត្ថុតាងគ្រឿងញៀនចំនួន ១៣,៤៤ក្រាម។
ចំពោះការដុតបំផ្លាញគ្រឿងញៀននាពេលនេះ គឺជាសារឆ្លើយតបនឹងសកម្មភាពដែលបង្ហាញឱ្យសារធារណជនបានឃើញថាគ្រឿងញៀនបង្កហានិភ័យ និងនាំឱ្យមានភាពអន្តរាយដល់សង្គម ដែលត្រូវបានដុតបំផ្លាញចោលនាឱកាសប្រារព្វទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ ដោយសារតែបញ្ហាជំងឺរាតត្បាតកូវីដ-១៩ ទើបយើងប្រារព្ធនៅថ្ងៃទី៣ ខែសីហា ឆ្នាំ ២០២១នេះវិញ។
សូមបញ្ជាក់ថា ក្នុងរយៈពេល ០៦ខែ ដើម ឆ្នាំ២០២១នេះ សមត្ថកិច្ចបានធ្វើប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនបានចំនួនជាង៣០០០ករណី ឃាត់ខ្លួនជនសង្ស័យជាង ៧០០០នាក់ និងដកហូតគ្រឿងញៀនបានជាង ៨៥០គីឡូក្រាម ហើយចំពោះជនល្មើសដែលពាក់ព័ន្ធនឹងគ្រឿងញៀនត្រូវបានយកទៅផ្ដន្ទាទោសដាក់ពន្ធនាគារជាបន្តបន្ទាប់៕