វ៉ាក់សាំងAstraZeneca ជិត៤ពាន់ដូស បានដឹកមកដល់ខេត្តកោះកុងហើយ នឹងត្រូវចាក់ជូនគ្រូពេទ្យ និងមន្រ្តីជួរមុខនៅខេត្តកោះកុងថ្ងៃទី៨ សីហា ស្អែកនេះ
ព័ត៌មានជាតិ
117

ខេត្តកោះកុង ៖ រដ្ឋបាលខេត្តកោះកុង បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ជិត៤ពាន់ដូសពីរាជរដ្ឋាភិបាល ដោយគ្រោងនឹងចាក់ជូនក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងជួរមុខដូសទី៣នៅថ្ងៃទី៨ សីហា ស្អែកនេះហើយ។

លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង និងជាប្រធានគណៈកម្មការចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩ខេត្ត ឱ្យដឹងថ្ងៃទី៧ សីហាថា លោកជំទាវ មិថុនា ភូថង អភិបាលខេត្តកោះកុង បានអញ្ជើញទៅទទួលវ៉ាក់សាំងតាំងពីព្រឹកព្រលឹមស្រាងៗ ក្រោយកងទ័ពជើងអាកាសដឹកជញ្ចូនមកដល់ទីលានទាត់បាល់ទីរួមខេត្ត ហើយយកទៅរក្សាទុកក្នុងឃ្លាំងសុវត្ថិភាពនៃមន្ទីរសុខាភិបាលខេត្តរួចរាល់ហើយដែរ។

លោកអភិបាលរងខេត្ត បន្ថែមថា វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ប្រភេទ AstraZeneca ជិត៤ពាន់ដូសចាក់ជូនក្រុមគ្រូពេទ្យ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធជួរមុខនៅថ្ងៃទី៨ សីហា ក្នុងបរិវេនសាខាកាកបាទក្រហមកម្ពុជាខេត្ត តបនឹងបទបញ្ជារបស់សម្តេចតេជោនាយករដ្ឋមន្រ្តី។

តែទោះយ៉ាងណា គេនៅមិនទាន់ដឹងច្បាស់លាស់ពីតួលេខគ្រូពេទ្យ មន្រ្តីរាជការ និងសមត្ថកិច្ចដែលនឹងត្រូវបានទទួលវ៉ាក់សាំងដូសទី៣ក្នុងខេត្តកោះកុងថាមានចំនួនប៉ុន្មាននាក់នៅឡើយទេ គ្រារដ្ឋបាលខេត្ត និងមន្រ្តីជំនាញរវល់ជាប់ប្រជុំដាក់ចេញផែនការមួយនេះ។

តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២១ វេជ្ជបណ្ឌិត ឱ វណ្ណឌីន ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ស្នើឱ្យអភិបាលនៃគណៈអភិបាលខេត្ត និងប្រធានមន្ទីរសុខាភិបាល ខេត្តទាំង៧ត្រូវ ធ្វើសេចក្តីជូនដំណឹង និងរៀបចំទីតាំងរួមទាំងត្រៀមក្រុមគ្រូពេទ្យឱ្យបានរួចរាល់បានទាន់ពេលវេលាដើម្បីចាក់វ៉ាក់សាំង ឱ្យបានទាន់ពេលវេលា ដើម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជាពិសេសប្រភេទ Delta ដែលអាចឆ្លងនៅសហគមន៍ក្នុងទ្រង់ទ្រាយធំប្រសិនបើយើងទាំងអស់គ្នាមិនទប់ស្កាត់។

ប្រភព: មន្ទីរព័ត៌មានខេត្តកោះកុង


Telegram