អាមេរិកបន្ថែមជំនួយ៤លានដុល្លារដល់កម្ពុជាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩
ព័ត៌មានជាតិ
168

រាជធានីភ្នំពេញ ៖ សហរដ្ឋអាមេរិក តាមរយៈទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍន៍អន្តរជាតិហៅកាត់ថា (USAID) នៅថ្ងៃនេះ បានប្រកាសផ្តល់ ជំនួយបន្ថែមចំនួន៤លានដុល្លារ ជាជំនួយបន្ទាន់ទាក់ទងនឹងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ សម្រាប់ប្រទេសកម្ពុជា។

ជំនួយនេះ នឹងផ្តល់ការគាំទ្រទាន់ពេលវេលា ពិសេសដោយយោងលើអំណោយនាពេលថ្មីៗនេះរបស់សហរដ្ឋអាមេរិក ជាវ៉ាក់សាំង Johnson & Johnsonផ្តល់ជូនប្រទេសកម្ពុជាចំនួន១លាន៦ម៉ឺន១០០ដូស តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ ក្នុងជំរុញការចាក់វ៉ាក់សាំង ក្នុងចំណោមប្រជាជន ដែលត្រូវចាក់ធ្វើអន្តរាគមន៍ផ្នែកសុខភាពសាធារណៈ ដើម្បីគ្រប់គ្រងជំងឺកូវីដ១៩ និងពង្រឹងផ្នែកមន្ទីរពិសោធន៍ ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការធ្វើតេស្ត។

ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា មានប្រសាសន៍ថា ការលើកកម្ពស់សន្តិសុខផ្នែកសុខភាព សកល និងការត្រៀមទប់ទល់នឹងការផ្ទុះឡើងនៃជំងឺ មានសារសំខាន់ណាស់ មិនត្រឹមតែដើម្បីការពារសុខភាព និងសុវត្ថិភាពតែប៉ុណ្ណោះទេ តែថែមទាំងដើម្បីធានាវិបុលភាពនៃសេដ្ឋកិច្ច និងការពារសន្តិសុខរបស់ប្រទេសផងដែរ។

តាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានឱ្យដឹងថា ជំនួយនេះជាការបន្ថែមលើជំនួយចំនួនជាង ១១លានដុល្លារ របស់សហរដ្ឋអាមេរិក ទាក់ទងនឹងជំងឺកូវី១៩ ដល់កម្ពុជា តាំងពីជំងឺនេះបានផ្ទុះឡើងជាលើកដំបូង។ ការគាំទ្រនេះបានដល់ប្រជាជនកម្ពុជាចំនួនជាង១០លាននាក់ ដោយមានជាសម្ភារលើកកម្ពស់ការយល់ដឹងពីហានិភ័យ តាមទូរទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយសង្គម វិទ្យុ សារតាមទូរស័ព្ទដៃ និងផ្ទាំងផ្តល់ព័ត៌មាន។ ការគាំទ្រនេះថែមទាំងបានលើកកម្ពស់សមត្ថភាពផ្នែកមន្ទីរពិសោធន៍ ពង្រឹងជំនាញរបស់គ្រូពេទ្យក្នុងការមើលថែទាំអ្នកជំងឺ ហើយបានជួយ បន្ធូរបន្ថយផលប៉ះពាល់លើសេដ្ឋកិច្ចពីមេរោគរាតត្បាតនេះ។

ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានបញ្ជាក់ថា ការខិតខំទាំងនេះ គឺជាការងារបន្តពីការងារដែលមានមកអស់រយៈពេល រាប់ទសវត្សរ៍មកហើយ ក្នុងការជួយសង្គ្រោះជីវិតមនុស្ស និងភាពជាអ្នកដឹកនាំរបស់សហរដ្ឋអាមេរិក នៅក្នុងការដោះស្រាយវិបត្តិ ផ្នែកសុខភាពជាសកល។

តាំងពីឆ្នាំ១៩៩២មក សហរដ្ឋអាមេរិកបានចំណាយថវិកាអស់ជាង១,៥៤ពាន់លានដុល្លារនៅកម្ពុជា តាមរយៈទីភ្នាក់ងារជំនួយអាមេរិក USAID ។ ថវិកានេះរួមមានប្រាក់ចំនួនជាង ៣៧៧ លានដុល្លារ ជាជំនួយសម្រាប់ដោះស្រាយបញ្ហានៃការស្លាប់របស់ទារក ក្មេងអាយុក្រោម៥ឆ្នាំ និងមរណភាពមាតា ជំងឺគ្រុនចាញ់ របេង អេដស៍ កង្វះអនាម័យ កង្វះអាហារូបត្ថម្ភ ភាពក្រិន និងដើម្បីលើក កម្ពស់សមត្ថភាពរបស់ប្រទេសកម្ពុជា ក្នុងការធ្វើហិរញ្ញប្បទាន និងគ្រប់គ្រងផ្នែកភស្តុភារ និងព័ត៌មានសម្រាប់ប្រព័ន្ធសុខាភិបាល៕


Telegram