ឯកឧត្តមលឹម ផាន់ភារៈ ឯកឧត្តមប៉ុល សុគន្ធ និង ឯកឧត្តមប៉ុល រតនា នាំយកគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលឌឹព្រីមៀរ សែនសុខ
ព័ត៌មានជាតិ
167

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១នេះ ឯកឧត្តម លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ  ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និងមិត្តភក្តិ បាននាំយកគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនដល់មណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ មជ្ឈមណ្ឌលព្រីមៀរ សែនសុខ ដែលមានទីតាំងក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដើម្បីជាការលើកទឹកចិត្ត ចូលរួម និងគាំទ្រជាកម្លាំងកាយចិត្ត ទៅកាន់អ្នកជំងឺ កងទ័ពអាវស និងកងកម្លាំងសមត្ថកិច្ច នៅទីតាំងនេះ ។

ក្នុងនោះ ឯកឧត្តម លឹម ផាន់ភារៈ អគ្គនាយករង នៃអគ្គនាយកដ្ឋាន ភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ក៏ដូចជា ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ការយកសម្ភារៈគ្រឿងឧបភោគ បរិភោគ មកប្រគល់ជូនក្រុមគ្រូពេទ្យ កម្លាំងសន្តិសុខ ដែលបម្រើការងារនៅមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩នេះ គឺជាការចូលរួមមួយ ជាមួយនឹងប្រទេសជាតិ ក៏ដូចជាចូលរួមជាមួយប្រជាជនកម្ពុជាទាំងមូល ដែលកំពុងប្រឈមជួបនឹងការលំបាក នៅក្នុងស្ថានភាពនៃការឆ្លងរាលដាល នៃជំងឺកូវីដ១៩។

ឯកឧត្តម បានបន្តថា សម្ភារៈដែលជា គ្រឿងឧបភោគ បរិភោគ ដែលយកមកប្រគល់ជូននាពេលនេះ ជាការចូលរួម របស់ឯកឧត្តមផ្ទាល់ រួមនិង ការចូលរួមជាមួយនិង ឯកឧត្តម ប៉ុល រតនា អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងមិត្តភក្តិផ្សេងទៀត។ ក្នុងនោះ រួមមាន ៖ ទឹកបរិសុទ្ធធម្មតា ចំនួន ១៥០០យួរ , មីកំប៉ុងចំនួន២០កេះធំ , ទឹកបរិសុទ្ធស្តង់ដា ចំនួន១២៥កេះ , ផែចំនួន ៣៦០ដប , ភេសជ្ជៈតែបៃតង ចំនួន៤៨០០ដប , អាល់កុលចំនួន ២៦៥ដប និងបានឧបត្ថម្ភថវិកាដល់ក្រុមគ្រូពេទ្យ ១០លានរៀល , ឧបត្ថម្ភដល់ក្រុមបុគ្គលិកអាគារ ៨៦នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល និងឧបត្ថម្ភជូនកម្លាំងកងរាជអាវុធហត្ថ និងនគរបាល សរុបចំនួន៣៧នាក់ ក្នុងម្នាក់ៗទទួលបាន ៥ម៉ឺនរៀល ផងដែរ ។

ឯកឧត្តម បន្តថា ទោះបីជាសម្ភារៈ និងថវិកា ដែលផ្តល់ជូននាពេលនេះ មានចំនួនតិចតួចក្តី ដែលបង្ហាញពីសមានចិត្ត ដែលឯកឧត្តម និងមិត្ត មានពិសេស គឺបង្ហាញពីការចូលរួម ក្នុងការគាំទ្រកងទ័ពអាវស ដែលកំពុងប្រឈមការពារប្រជាពលរដ្ឋ ក្នុងស្ថានភាពបច្ចុប្បន្ននេះ ។

ក្នុងនោះ លោកប្រធានមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩ នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខ

ក៏បាន ថ្លែងអំណរគុណយ៉ាងខ្លាំងទៅកាន់ ឯកឧត្តមលឹម ផាន់ភារៈ និងឯកឧត្តម ប៉ុល រតនា រួមទាំងមិត្ត នូវការនាំយកសម្ភារៈមកប្រគល់ជូននាពេលនេះ ។

ទន្ទឹមនោះ លោកវេជ្ជបណ្ឌិត ព្រំ ចាន់ណា អនុប្រធានមណ្ឌលព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខ បានបញ្ជាក់ទៀតថា ជាមធ្យមទីតាំងនេះ អាចផ្ទុកអ្នកជំងឺកូវីដបាន ពី១៣០០ ដល់១៤០០នាក់ ហើយបច្ចុប្បន្ននេះ មានអ្នកជំងឺកំពុងសម្រាកព្យាបាលចំនួន ១៣០០ជាងនាក់ ហើយចំពោះទីតាំង ព្យាបាលអ្នកជំងឺកូវីដ១៩កម្រិតស្រាល នៅមជ្ឈមណ្ឌលព្រីមៀរ សែនសុខ នេះ បានដំណើរការនៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ មកដល់ពេលនេះមានរយៈពេល៤ខែជាងមកហើយ ចំណែកចំនួនអ្នកជំងឺដែលចូលមកព្យាបាល តាំងពីដើម រហូតដល់ពេលនេះ មានជិត១ម៉ឺននាក់ហើយ អ្នកជំងឺជាសះស្បើយជាបន្តបន្ទាប់ ក្រោមការយកចិត្តទុកដាក់របស់រាជរដ្ឋបាលភិបាល ក៏ដូចជាការផ្គត់ផ្គង់នូវសម្ភារៈប្រើប្រាស់ និងមធ្យមបាយផ្សេងៗ ក៏ដូចជាថ្នាំសង្កូវ ក៏ដូចជាការផ្គត់ផ្គង់នូវធម្យោបាយផ្គត់ផ្គង់ការប្រយុទ្ធនឹងជំងឺនេះ ផងដែរ ហើយដំណាក់កាលនេះ យើងសង្កេតឃើញថា ចំនួនអ្នកជាសះស្បើយមានច្រើន ខណៈចំនួនអ្នករកឃើញបន្តបន្ទាប់ គឺមានចំនួនថយចុះផងដែរ ប៉ុន្តែទន្ទឹមនឹងនោះ លោកក៏សូមណូមពរ សូមបងប្អូនមេត្តាទ្រាំអត់ធ្មត់ថែរក្សាសុខភាព ដោយអនុវត្តអោយបានល្អ តាមការណែនាំរបស់គ្រូពេទ្យក៏ដូចជាវិធានការរបស់ ក្រសួងសុខាភិបាល ហើយបើមានអាការៈប្រែប្រួលណាមួយ សូមប្រញាប់ទំនាក់ទំនងមកក្រុមគ្រូពេទ្យដើម្បីជួយដល់បងប្អូនជាបន្ទាន់ ៕



Telegram