ឯកឧត្តម ខៀវ កាញារីទ្ធ ប្រកាសជួយទិញផ្លែមៀនប៉ៃលិនចំនួន១តោនពីកសិករនៅខេត្តបាត់ដំបង
ព័ត៌មានជាតិ
616

រាជធានីភ្នំពេញ ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសជួយទិញផ្លែមៀនប៉ៃលិន ចំនួន១តោនពីប្រជា កសិករនៅខេត្តបាត់ដំបង ដើម្បីជាការរួមចំណែកជួយលើកកម្ពស់ទីផ្សារក្នុងស្រុក ដែលជាផលិតផលរបស់ខ្មែរ ។

ក្នុងការអនុញ្ញាតឱ្យលោក ឌិន សុមេធារិទ្ធ ប្រធានក្លឹបសេដ្ឋធុរជន និងជាស្ថាបនិកភូមិផ្កា ត្រកួន និងសហការី ចូលជួប សម្តែងការគួរសម និងប្រគល់អំណោយជាផ្លែមៀនប៉ៃលិន ៥០០គីឡូក្រាម នាព្រឹកថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២១ នៅទីស្តីការក្រសួងព័ត៌មាន ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានជួយទិញផ្លែមៀនប៉ៃលិន ចំនួន ១តោន តាមរយៈលោក ឌិន សុមេធារិទ្ធ សម្រាប់ជូនដល់មន្ត្រីរាជការ ក្រោមឱវាទក្រសួង ដើម្បីជាការចូលរួមកម្លាំងគ្នាបង្កើតយុទ្ធនាការប្រមូលទិញផ្លែមៀនប៉ៃលិន របស់ប្រជាកសិករ នៅស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

ឯកឧត្តមរដ្ឋមន្រ្តីបានអះ អាងថា ការជួយទិញផ្លែមៀនប៉ៃលិននាពេលនេះ គឺជាការជួយសម្រួលទីផ្សារលក់ ដល់កសិករនិង លើកទឹកចិត្តប្រជា កសិករ ព្រមទាំងគាំទ្រផលិត ផលក្នុងស្រុកផងដែរ ស្រប ពេលដែលភោគផលមៀនប៉ៃ លិនបច្ចុប្បន្ន ចាប់ផ្តើមប្រមូលផលពីខែសីហា ឆ្នាំ ២០២១ នេះ ហើយដោយសារបញ្ហារីករាលដាលនៃជំងឺកូវីដ-១៩ និងរបាំងភូតគាមអនាម័យ បានធ្វើឱ្យប្រទេសថៃកំពុងបិទមិនឱ្យនាំចូលមៀនប៉ៃលិនតាមច្រកព្រំដែន ។

លោក ឌិន សុមេធារិទ្ធ ប្រធានក្លឹបសេដ្ឋធុរជន និងជាស្ថាបនិកភូមិផ្កាត្រកួន បានបញ្ជាក់ថា ការទិញផ្លែមៀនប៉ៃលិនពីកសិកររបស់ឯកឧត្តមរដ្ឋមន្ត្រីនាពេលនេះ គឺជាគំរូដ៏ល្អក្នុងការដោះ ស្រាយទុក្ខលំបាករបស់កសិករដែលកំពុងមានបញ្ហាទីផ្សារ។ ជាមួយគ្នានេះដែរ លោកក៏បានជួយបញ្ជាទិញចំនួន១០តោនផងដែរ ដើម្បីជាការលើកទឹកចិត្តដល់កសិករកម្ពុជាក្នុងការដាំដំណាំផ្លែឈើក្នុងស្រុក។

« ខ្ញុំស្គាល់អ្នកដាំគាត់ថ្ងូរថាវាធ្លាក់ថ្លៃដោយសារចិនអត់បើកទីផ្សារ ថៃក៏អត់បើកយើងនាំចូលចិនតាមថៃធ្វើឱ្យវាធ្លាក់ ហើយគាត់ចង់នាំទៅឥណ្ឌូនេស៊ីវាធ្លាក់ថ្លៃពាក់ កណ្ដាល អញ្ចឹងទីផ្សារយើងរាល់ថ្ងៃរាល់ឆ្នាំជិត១ដុល្លារ ខ្ញុំក៏ជួយទិញ១០តោនឱ្យមួយគីឡូ១ដុល្លារ ហើយគាត់ខ្ចប់ ដាក់ឱ្យមកភ្នំពេញ និយាយរួមជួយទេ ។ ខ្ញុំក៏ប្រកាសអ្នករកស៊ីឱ្យជួយទិញម្នាក់មួយតោន ៗ ដូចជាកាហ្វេ គាត់ទិញដាក់គ្រប់សាខាគាត់ពេលគេទិញអីរបស់គាត់ គឺគាត់ជូនម្នាក់មួយគីឡូទៅ។ បើអ្នកផ្សេងៗគេទិញ គេចែកជូនបងប្អូនគេម្នាក់មួយកេះពីរកេះ អ៊ីចឹងយើងមិនអាចជួយបានទាំង អស់ទេវាច្រើនណាស់ យើងគ្រាន់តែជួយចំណែកមួយបានប៉ុនណាដែលយើងអាចធ្វើបាន ព្រោះនេះជាការជួយគ្នាទេ ព្រោះខ្ញុំមិនមែនរកស៊ីខាងហ្នឹងទេ ខ្ញុំយកមកលក់មិនយកចំណេញអ្វីទេគ្រាន់តែចែកគ្នាជួយគ្នាម្នាក់បន្តិចៗ យើងគិតមើលគ្នាយើង១៦ លាននាក់ បើជួយម្នាក់មួយ កេះៗក្នុងមួយគ្រួសារវាមិនជន់អី ហើយបើយើងអង្គុយចាំគេចូលចរចាគ្នាត្រូវ ផ្លែមៀននឹងវារលួយអស់ហើយ អ៊ីចឹងវាមាន តែយុទ្ធសាស្ត្រនឹងទេ»។

សូមបញ្ជាក់ថា ដោយសារតែកូវីដ-១៩ បានរីករាលដាលខ្លាំង នៅតាមព្រំដែនកម្ពុជាថៃ ធ្វើឱ្យមានការប៉ះពាល់ដល់ការ នាំចេញ និងបញ្ហាទីផ្សារ ពិសេសដោយសារតែរបាំងភូតគាមអនាម័យ បានធ្វើឱ្យផ្លែឈើរបស់កម្ពុជា មិនអាចនាំចេញទៅក្រៅប្រទេសបាន ៕


Telegram